ភ្នំពេញ៖ ប៊ន សំណាងបានស្រែកយំ និងសុខ សំអឿនស្រែកបដិសេធថា ខ្លួនមិនបានសម្លាប់លោកជា វិជ្ជានោះទេ នៅពេលដែលសាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោសពួកគេម្នាក់ៗឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោមការចោទប្រកាន់ថា ពួកគេបានធ្វើឃាតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញរូបនេះ។
សាលដីកានេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បើកសវនាការកាលពីខែមុនលើសំណុំរឿងប៊ន សំណាង និងសុខ សំអឿនតាមដីការបង្គាប់របស់តុលាការកំពូល។ តុលាការជាន់ខ្ពស់បានសម្រេចដោះលែងបុរសទាំងពីរជាបណ្តោះអាសន្ន កាលពីចុងឆ្នាំ២០០៨ ហើយបង្គាប់ឲ្យសាលាឧទ្ធរណ៍បើកការស៊ើបអង្កេតឡើងវិញ។
លោកចៅក្រមយូ ស៊ុនឡេងបានសំអាងថា សក្សីដែលត្រូវបានសាកសួរកាលពីពេលមុនអាចជឿជាក់បាន ហើយបានច្រានចោលសាក្សីដោះបន្ទុករបស់ជនជាប់ចោទដោយតម្កល់ទោសជនជាប់ចោទតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងបង្គាប់ឲ្យពួកគេបង់ប្រាក់រួមគ្នាសរុបចំនួន៤០លានរៀល ឬប្រមាណជា១០.០០០ដុល្លារអាមេរិកដល់គ្រួសារលោកជា វិជ្ជា។
ក៏ប៉ុន្តែអគ្គព្រះរាជអាជ្ញាលោកតាន់ សេណារ៉ុងបានសន្និដ្ឋានថាភស្តុតាងដាក់បន្ទុកលើជនជាប់ចោទមិនគឺពេញលេញទេ ហើយក៏មិនបានរក្សាការចោទប្រកាន់របស់ខ្លួននោះទេ។
លោកសុខ សំអឿន អាយុ៤៣ឆ្នាំ និងប៊ន សំណាង អាយុ៣២ឆ្នាំ ថ្លែងនៅពេលដែលកងប៉ូលិសក្រៀកពួកគេចូលរថយន្តឆ្ពោះទៅកាន់ពន្ធនាគារព្រៃស។
លោកសុខ សំអឿនស្រែកថា៖
«យល់ឃើញថា អយុត្តិធម៌ខ្លាំងណាស់សម្រាប់រូបខ្ញុំ»។
ក្នុងពេលជាមួយគ្នានេះដែរ លោកប៊ន សំណាងស្រែកថា៖
«សម្តេចតាតែងតែអះអាងតាប៊ន សំណាងមិនមែនជាឃាតករទេ។ ប៉ុន្តែឥឡូវគេយកចៅដាក់គុកទៀតហើយ»។
លោកហុង គឹមសួន មេធាវីរបស់សុខ សំអឿន បានសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ។
«ភាពអយុត្តិធម៌នេះដឹកក៏មិនរួច សែងក៏មិនបាន គាស់ក៏មិនល្បើកដែរ ពីព្រោះព្រះរាជអាជ្ញាមិនបានធ្វើការចោទប្រកាន់ទេ»។
លោកហុង គឺមសួនលើកឡើងថា ការសម្រេចក្តីរបស់ចៅក្រមធ្វើបាន លុះណាតែមានបទចោទពីព្រះរាជអាជ្ញា។
លោកជុំ សុវណ្ណាលី មេធាវីរបស់ប៊ន សំណាងបានហៅការសម្រេចទោសរបស់សាលាឧទ្ធរណ៍ថា ជាការប្រឆាំងនឹងសាលដីការបស់តុលាការកំពូល។
«អគ្គព្រះរាជអាជ្ញាសន្និដ្ឋានថា អត់មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ទេហើយបើគាត់សន្និដ្ឋានបែបនេះ គួរតែរួចខ្លួន។ តុលាការកំពូលចេញសាលដីការមួយសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយដូច្នេះបើសាលាឧទ្ធរណ៍សម្រេចឃុំវិញ វាប្រឆាំងទៅនឹងដីការបស់តុលាការកំពូល»។
ក្រុមអង្គការសង្គមស៊ីវិល នាពេលកន្លងមក បានហៅការចាប់ខ្លួនប៊ន សំណាង និងសុខ សំអឿនថា ជាការរៀបចំឆាកល្ខោននិងគ្រាន់តែជាការបង្កើតឃាតករ«សិប្បនិមិត្ត»សម្រាប់បិទបាំងឃាតករពិតប្រាក ដែលទំនងជាត្រូវបានគេបញ្ជាឲ្យទៅសម្លាប់លោកជា វិជ្ជា។
លោកជា វិជ្ជាត្រូវឃាតករដែលមិនបិទស្រោមមុខ ចូលបាញ់យ៉ាងកៀកបំផុតកាលពីខែមករាឆ្នាំ២០០៤ នៅពេលលោកកំពុងអង្គុយអានកាសែតក្បែររបងវត្តលង្កាក្រុងភ្នំពេញ។ ហើយប៊ន សំណាងនិងសុខ សំអឿនត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ចាប់ពីពេលនោះ មុននឹងត្រូវដោះលែងបណ្តោះអាសន្នប្រាំឆ្នាំក្រោយមក។
លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលតាមឃ្លាំមើលការប្រកាសសាលដីកាកាលពីព្រឹកមិញ មានប្រសាសន៍ថា សាលដីការបស់សាលាឧទ្ធរណ៍មិនអាចទទួលយកបានទេ។
«យើងជាសង្គមស៊ីវិល យើងនៅតែចាត់ទុកថា ជនទាំងពីរនាក់ជាឃាតករសិប្បនិមិត្តដដែល ហើយនេះជាភាពអយុត្តិធម៌សម្រាប់លោកជា វិជ្ជា និងក្រុមគ្រួសារ ដែលនៅតែរកឃាតករពិតមិនឃើញ។ ហើយចំណែកឯលោកប៊ន សំណាង និងលោកសុខ សំអឿនគឺជាជនរងគ្រោះបន្ថែមទៀតលើករណីបាញ់សម្លាប់លោកជា វិជ្ជានេះ»។
ដោយផ្អែកលើព្រះរាជបន្ទូលអតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុលោកកៅ ទី មេធាវីឲ្យសពលោកជា វិជ្ជាមានប្រសាសន៍ថា ប៊ន សំណាងនិងសុខ សំអឿនមិនមែនជាឃាតករពិតទេ។
មេធាវីរបស់ជនជាប់ចោទទាំងពីរបានប្តឹងសារទុក្ខទៅកាន់តុលាការកំពូលភ្លាមៗដែរ បន្ទាប់ពីការប្រកាសសាលដីការរបស់សាលាឧទ្ធរណ៍៕