វ៉ាស៊ីនតោន៖ សកម្មជនសិទ្ធិមនុស្ស៣នាក់ និងអ្នកសារព័ត៌មានម្នាក់ត្រូវតុលាការខេត្តរតនគីរីកោះហៅទៅបំភ្លឺរឿងការតវ៉ាដីធ្លីរបស់ជនជាតិភាគតិចជាមួយនិងក្រុមហ៊ុនឯកជនមួយ ដែលគេសង្ស័យថា ទាក់ទងជិតដិតនឹងអ្នកមានអំណាចក្នុងប្រទេស។
តុលាការខេត្តរតនគីរីបានកោះហៅលោកសុខ រដ្ឋា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនិងលោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកប៉ែន ប៊ុណ្ណារ៍ លោកឆាយ ធី អ្នកសម្របសម្រួលនិងជាអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី ក្រោយពេលដែលពួកគេជួយក្រុមជនជាតិដើមភាគតិចទំពូនក្នុងស្រុកលំផាត់ដើម្បីតវ៉ារឿងទំនាស់ដីធ្លីមួយកន្លែងដែលក្រុមមន្ត្រីសិទ្ធិមនុស្សចោទប្រកាន់ថា ក្រុមហ៊ុនឌីអឹមគ្រុប បានរំលោភយក ប៉ុន្មានឆ្នាំថ្មីៗនេះ។
បើតាមដីការកោះហៅដោយឡែកៗពីគ្នារបស់លោកព្រះរាជអាជ្ញា ជា សុភ័ក្រ ដែលវីអូអេទទួលបាន ហើយចុះថ្ងៃទី២៨ ខែកញ្ញា បានបញ្ជាក់ថា សកម្មជនសិទ្ធិមនុស្សទាំងបីនិងអ្នកសារព័ត៌មានត្រូវចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១០ ទី១១ និងថ្ងៃទី១៨ ខែតុលាពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋដោយបានសម្រេច។
លោកប៉ែន ប៊ុណ្ណា អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តរតនគីរី ចាត់ទុកថាវិធានការតុលាការនេះជារឿងមិនសមរម្យនិងប៉ះពាល់ដល់សិទ្ធិសេរីភាព ការបំពេញកិច្ចការរបស់មន្ត្រីសិទ្ធិមនុស្សនិងអ្នកកាសែត។ តែលោកថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា លោកនឹងទៅបំភ្លឺនៅតុលាការតាមដីការ។
«យើងគិតថា យើងអត់មានធ្វើខុសអ្វីទាំងអស់។ យើងគិតថា នេះជាការបំបាក់ស្មារតី ដល់អ្នកការពារសិទ្ធិមនុស្សក៏ដូចជាអ្នកយកព័ត៌មានដែរ មិនឲ្យចូលរួមក្នុងការការពារសិទ្ធិមនុស្សឲ្យបានពេញលេញ»។
លោកសុខ រដ្ឋា ឬ រដ្ឋា វិសាលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺដែរនោះ បានបដិសេធមិនផ្តល់អត្ថាធិប្បាយទេ ដោយបង្វែរសំណួរ ទៅកាន់អ្នកនាំពាក្យក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលបដិសេធមិនធ្វើអាត្ថាធិប្បាយ ដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ លោកអ៊ូ វីរ: នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលអះអាងថា គ្មានកំហុសអ្វីនោះ ចាត់ទុកចំណាត់ការតុលាការនេះថា ជាការ ចង្អុលបង្ហាញពីការគំរាមកំហែងដល់សង្គមស៊ីវិលនិងអ្នកសារព័ត៌មាន។
«ដូច្នេះជាទូទៅយើងឃើញរឿងនេះជារឿងមួយក្នុងពេលបច្ចុប្បន្ន ជាការធ្វើបន្តបន្ទាប់ ជាការកៀបសង្កត់ ជាការគំរាមកំហែងបន្តបន្ទាប់តាមផ្លូវកាយផង និងច្បាប់ផង»។
លោកបានអះអាងថា លោកនឹងទៅចូលរួមបំភ្លឺនៅតុលាការ តែដោយសារលោកត្រូវចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស នៅពាក់កណ្តាលខែតុលា លោកបានស្នើសុំតុលាការអនុញ្ញាតឲ្យលោកទៅបំភ្លឺនៅថ្ងៃទី១០ខែតុលាជំនួសថ្ងៃទី១៨ខែតុលាវិញ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ក្រុមហ៊ុន DM Group ដែលមន្ត្រីសិទ្ធិមនុស្ស អះអាងថា ជាសាច់ញាតិនឹងមន្ត្រីមានអំណាចក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំលោភយកដី២៦០ហិតាពីជនជាតិទំពូនចំនួនជាង១៣០គ្រួសារក្នុងស្រុកលំផាត់ ខេត្តរតនគីរីដើម្បីដាំកៅស៊ូ។ ពួកគេបានអះអាងថា ជនជាតិទំពូន
ទាំងនោះ ខ្លះត្រូវតុលាការចោទប្រកាន់បន្ថែមពីលើការបាត់បង់ដីធ្លីរបស់ពួកគេ។ ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ពួកគេបានជួយជនជាតិភាគតិចដើម្បីតវ៉ាយកដីធ្លីមកវិញ ទោះជាមានអន្តរាគមន៍ពីអ្នកមានអំណាចធំៗជាច្រើនយ៉ាងណាក្តី។
សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានទាំងនេះត្រូវព្រះរាជអាជ្ញាតុលាការខេត្តរតនគីរីទម្លាក់ចោលបទចោទម្តងហើយទាក់ទងនឹងរឿងដដែលនេះ ដោយសារពាក្យបណ្តឹងគ្មានហេតុផលគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។
តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅហុងកុងហៅថា គណៈកម្មាការសិទ្ធិមនុស្សអាស៊ី បានបញ្ជាក់ថា ចំណាត់ការរបស់តុលាការធ្វើឡើងវិញគឺតាមពាក្យបណ្តឹងរបស់លោកគិត ចែម ជាមេឃុំដែលចោទប្រកាន់ថា ជនទាំងបួននាក់គឺមន្ត្រីសិទ្ធិមនុស្ស និងអ្នកការសែតនេះបានញុះញង់ក្រុមសមាជិកជនជាតិភាគតិចឲ្យធ្វើបាតុកម្មហិង្សាប្រឆាំងនឹងក្រុមហ៊ុន ឌីអឹមគ្រុប កាលពីឆ្នាំ២០០៩។
អ្នកសារព័ត៌មាននិងមន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋជាច្រើន ត្រូវចាប់ដាក់គុកនិង កាត់ទោសដោយប្រព័ន្ធតុលាការបច្ចុប្បន្ន ដោយសារតវ៉ាប្រឆាំងនឹងការរំលោភបំពានដីធ្លីដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននិងមន្ត្រីជាសាច់ញាតិដែលមានការទាក់ទងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ចុងក្រោយនេះគឺការកាត់ទោសលោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥មេហ្គាហឺត ឲ្យជាប់គុក២០ឆ្នាំ ក្រោមបទចោទប្រកាន់ ដែលគេចាត់ទុកថា ជាលេសរបស់រដ្ឋាភិបាល ពីរឿងធ្វើអបគមន៍ដីធ្លីក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដែលមានពលរដ្ឋជាច្រើនពាន់គ្រួសារគ្រាន់តែតវ៉ាទាមទារកម្មសិទ្ធិដីធ្លីរបស់គាត់ប៉ុណ្ណោះ។ ការកាត់ទោសលោកម៉ម សូណង់ដូ ជាប្រធានសមាគមន៍ប្រជាធិបតេយ្យផងនោះ បានបង្កឲ្យមានប្រតិកម្មធ្ងន់ធ្ងរជាអន្តរជាតិ ជាពិសេសប្រទេសអាមេរិកនិងសហភាពអឺរ៉ុបដែលផ្តល់ជំនួយសំខាន់ៗ និងជាប្រទេសដែលកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មដូចជាវិស័យកាត់ដេរផងដែរ៕