«ខ្ញុំសូមសម្តែងនូវវិប្បដិសារីយ៉ាងឈឺចាប់បំផុត» ...«ខ្ញុំទទួលខុសត្រូវខាងផ្លូវចិត្តចំពោះការវិនាសហិនហោចរបស់ប្រជាជនកម្ពុជាទាំងមូល ខ្ញុំរំលែកទុក្ខ...» នេះគឺជាពាក្យពេចន៍របស់ ឌុច អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលធ្លាប់បាននិយាយសុំទោស ទៅដល់ជនរងគ្រោះកម្ពុជានៅក្នុងអំឡុងពេលកំពុងកាត់ទោសនៅឆ្នាំ២០០៩ និងការកាត់ទោសជាលើកចុងក្រោយនៅឆ្នាំ ២០១១។ សាលាក្ដីខ្មែក្រហម បានចងក្រងនូវការសុំទោស និងការសម្ដែងនូវការទទួលកំហុសទាំងនេះសម្រាប់ជាផ្នែកមួយនៃការផ្ដល់សំណងជួសជុលផ្លូវចិត្តដល់ជនរងគ្រោះ ហើយបានផ្សព្វផ្សាយជាសាធារណៈ តាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្ម និងមនុស្សឃាត។ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានប្រកាសសាលក្រមផ្ដន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយបានរកឃើញថា ឌុច មានទោសកំហុសក្នុងការទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកទោសយ៉ាងតិច១២.៣៨០នាក់។ តុលាការកំពូលបានតម្រូវឲ្យធ្វើការផ្សព្វផ្សាយនូវសាលដីកា និងការសុំទោសរបស់ ឌុច ជូនសាធារណជនសម្រាប់ជាសំណងផ្លូវចិត្តដល់ជនរងគ្រោះ។ ក៏ប៉ុន្ដែមិនបានបង្គាប់ឲ្យមានសំណងអ្វីផ្សេងពីនេះទេ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍នៅថ្ងៃនេះថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច នេះគឺជាឧបករណ៍មួយជួយព្យាបាលរបួសផ្លូវចិត្តដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។
«សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅដោយសារថា ពាក្យសុំអភ័យទោសរបស់ ឌុច នេះគឺជាការបង្ហាញនូវការទទួលខុសត្រូវរបស់គាត់។ ហើយការចងក្រងនូវពាក្យសុំអភ័យទោសរបស់ឌុច នេះក៏ស្ថិតនៅក្នុងក្របខណ្ឌមួយនៃសំណង ដែលគេហៅថាសំណងផ្លូវចិត្ត»។
សាលាក្ដីខ្មែរក្រហម បានប្រើពេលប្រាំមួយឆ្នាំគត់គិតមកត្រឹមខែកុម្ភៈ ឆ្នាំ ២០១២ នេះ ហើយបានកាត់ក្ដីសំណុំរឿងទី១ ចប់សព្វគ្រប់ដែលគេចាត់ទុកថា គឺជាការបើកទំព័រជំហានដំបូងបំផុតក្នុងការផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ ស្លាប់បាត់បង់ជីវិតកាលពីជាង៣០ឆ្នាំមុន។
នៅក្នុងពេលនេះជនជាប់ចោទបីនាក់ផ្សេងទៀតកំពុងស្ថិតក្រោមការជំនុំជម្រះទោស មាន នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ និងអៀង សារី អតីតឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីការបរទេស។ ជនជាប់ចោទទាំងបីមិនទាន់ទម្លាយចេញនូវការសារភាពពីការទទួលខុសត្រូវរបស់ខ្លួនណាមួយចំពោះឧក្រិដ្ឋកម្មកន្លងមកនោះទេ។
នៅក្នុងកម្រងសេចក្ដីសារភាពកម្រាស់២៧ទំព័រនេះ ឌុច បានទទួលកំហុស និងបានសុំទោសសរុបចំនួន៣៤លើក។ ការសារភាពរបស់ ឌុច ជាលើកដំបូងក្នុងសវនាការគឺនៅថ្ងៃទី៣១ខែមិនា ឆ្នាំ ២០០៩។
«ខ្ញុំសូមទទួលស្គាល់នូវការទទួលខុសត្រូវរបស់ខ្ញុំ តាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មទាំងអស់ ដែលកើតមាននៅ ស ២១។ សំខាន់គឺសកម្មភាព ធ្វើទារុណកម្ម និងសម្លាប់ផ្ដាច់ផ្ដោចអាយុជីវិតមនុស្ស»។
ពីរឆ្នាំក្រោយគឺនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១១ ឌុច នៅរក្សាជំហរសុំទោស និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្លួននេះ ក្នុងអំឡុងពេលកំពុងកាត់ទោសដោយអង្គជំនុំជម្រះតុលាការកំពូល។
ក៏ប៉ុន្ដែការផ្សព្វផ្សាយពីកម្រងការសុំទោសរបស់អតីតប្រធានគុកទួលស្លែងហាក់ ដូចជាមិនមែនជាថ្នាំរំងាប់ចិត្តអតីតអ្នកទោសនៅទីនោះទេ។
លោក ប៊ូ ម៉េង គឺជាអ្នកទោសតែពីរនាក់គត់ដែលនៅរស់រានមានជីវិតជាមួយលោក ជុំ ម៉ី រហូតមកទល់នឹងការផ្ដន្ទាទោស ឌុច ចុងក្រោយនេះ។
លោក ប៊ូ ម៉េង ពោលដោយកំហឹងនៅឡើយថា លោកមិនបានដឹងថា សាលាក្ដីខ្មែរក្រហមចាប់ផ្ដើមបង្ហាញជាសាធារណៈនូវកម្រងសារភាពនិងការសុំទោសរបស់ ឌុច នោះទេ។
«ការសុំទោសរបស់ ឌុច ជារឿងមួយជ្រុងតូចនៃយុត្តិធម៌។ ចៅក្រម គង់ ស្រ៊ីម ដាក់ទោសមួយជីវិត ជារឿងតុល្យភាពល្អហើយចំពោះរូបខ្ញុំ»។
ជាមួយគ្នានេះលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងម្នាក់ទៀតលើកឡើងថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច តាមគេហទំព័រនោះមិនមែនជាការជូនដំណឹង ឬការផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់ជនរងគ្រោះខ្មែរភាគច្រើនដែលពុំមានលទ្ធភាពនិងមិនមានចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបាននោះទេ។
នៅក្នុងពេលនេះលោក អ៊ឹម សុភា ប្រធានផ្នែកសម្របសម្រួលនៃផ្នែកគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមកំពុងបោះពុម្ពផ្សាយនូវកម្រងពាក្យសុំទោស និងការសារភាពទោសរបស់ ឌុច នេះចំនួន១០.០០០ ច្បាប់សម្រាប់ចែកចាយឲ្យបានទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
«យើងនឹងធ្វើការចែកជូនទៅដល់ជនរងគ្រោះនៅក្នុងសំណុំរឿង០០១ ទាំងអស់ហើយផ្ញើជាមួយសាលដីកាចុងក្រោយក្នុងសំណុំរឿង០០១ ទៅជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស។ ចំនួនដែលនៅសល់នឹងចែកចាយទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមវិញបញ្ជាក់ថា សាលាក្ដីខ្មែរក្រហម នឹងត្រូវធ្វើការផ្សព្វផ្សាយជាច្រើនទៀត ក្នុងពេលខាងមុខនេះតាមរយៈការបញ្ចាំងភាពយន្ដស្ដីពីការសុំទោសរបស់ ឌុច និងការប្រកាសសាលដីកានេះជាដើម ដែលជាផ្នែកមួយនៃយុទ្ធនាការផ្ដល់នូវការជួសជុលផ្លូវចិត្តដល់ជនរងគ្រោះ។
ថ្វីបើមន្ដ្រីផ្លូវការនិងសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលចាត់ទុកថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច និងសេចក្ដីសារភាពរបស់គាត់ គឺជាផ្នែកមួយនៃសំណងក្ដី។ ប៉ុន្ដែលោក ហុង គឹមសួន មេធាវីតំណាងឲ្យដើមបណ្ដឹងមួយរូបលើកឡើងថា នេះគ្រាន់តែជាចំណែកមួយតូចនៃសំណងដល់ជនរងគ្រោះតែប៉ុណ្ណោះ។ ការពិតជនរងគ្រោះត្រូវការការសាងសង់ស្ដូបមួយ ដែលចារឹកឈ្មោះពួកគាត់ ទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិតនៅឡើយ។ ហើយស្តូបនេះ សម្រាប់ជាការគោរពបូជា ជាប្រចាំ និងជាការឧទ្ទិសតាមវិធីសាសនាទៅដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម៕