តុលាការ​ឃុំ​ឃាំង​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹងកក់​និង​បូរីកីឡា​ជាបន្ត​បន្ទាប់

ថត​នៅថ្ងៃទី១១ កក្កដា ២០១១ រូបថតនេះ​បង្ហាញ​ពី​ទិដ្ឋភាព​បឹងកក់ពីខាងលើ។

ភ្នំពេញ៖ ក្រុម​កុមារ​តូចៗ ​ដោយ​បូក​រួម​ទាំង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​និង​តំបន់​បូរី​កីឡា​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ស្នើសុំ​ឲ្យ​ដោះលែង​អ្នកស្រី ​យោ​ម បុប្ផា ​និង​គាំទ្រ​ដល់​អ្នកភូមិ​បូរី​កីឡា​ម្នាក់ទៀត ​ដែល​តុលាការ​បាន​កោះហៅ​មក​សាកសួរ។ អ្នកស្រី​ ទឹម សាក់​មុន្នី ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បុរី​កីឡា​ត្រូវបាន​តុលា​ការចេញ​ដីកា​កោះហៅ​ឲ្យ​ចូលមក​បំភ្លឺ​នៅក្នុង​សំណុំរឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​បណ្តឹង​មួយ​របស់​លោកស្រី ស៊ុយ ស៊ី​ផាន ​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច។ ក្នុង​ខណៈ​ពេលដែល​អ្នក​ស្រី​ចូល​បំភ្លឺ ​ដោយ​មាន​ការគាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ពីមុខ​តុលាការ​ លោក​ចៅក្រម លី លី​ប​ម៉េង​ បានសម្រេច​ឃុំខ្លួន​អ្នកស្រី ​ទឹម សាក់​មុន្នី ​នៅ​ពន្ធនាគារ​ម២។ ចំណែកឯ​ពលរដ្ឋ​ម្នាក់​ផ្សេង​ទៀត​គឺ​លោក​តុ​ប គឹមហុង ​ប្រធាន​ភូមិ​បូរី​កីឡា​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្រោម​បទចោទ​ប្រកាន់​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ។ លោក លី លី​ប​ម៉េង ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ​ពុំ​អាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បានទេ​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវបាន​បិទ។ អ្នកស្រី ទឹម សាក់​មុន្នី ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​ពីមុខ​តុលាការ ​មុន​ពេល​ដែល​អ្នកស្រី​ចូល​បំភ្លឺ​នៅក្នុង​តុលាការ​ថា ​អ្នកស្រី​មិនបាន​ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ទេ។ អ្នកស្រី​បាន​និយាយ​ថា​ការចោទ​ប្រកាន់​របស់​អ្នកស្រី ស៊ុយ ស៊ី​ផាន ដោយសារ​តែ​អ្នកស្រី​និង​កូនប្រុស​មិន​ព្រម​ទទួល​យក​ដី ​ដែល​អ្នកស្រី​បានផ្តល់​ឲ្យ​នៅ​ភ្នំ​បាត ​និង​តំបន់​ទួល​សម្បូរណ៍។ «នាង​ខ្ញុំ​មិនបាន​ដឹង​សោះ​ថា ញុះញង់​ដោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ហ្នឹង​ដោយ​វិធី​ណា ​របៀប​ណា ​ព្រោះ​អី​នាង​ខ្ញុំ​មិនសូវ​យល់​ច្បាប់​ហើយ​មិនចេះ​ច្បាប់​ទៀត​ផង។ ព្រោះ​ខ្ញុំ​ល្ងង់ ​គាត់​គិតថា​ប្រជា​ពលរដ្ឋ​ល្ងង់ខ្លៅ​ ចេះតែ​ដើរ​ញុះញង់​គេ​បាន​ទៅ។ គឺ​មិនមែន​ទេ។ គឺ​ខ្ញុំ​ឥតមាន​ទេ ​គឺ​ខ្ញុំ​ធ្វើ​ដើម្បី​តែ​ផ្ទះ​កូន​ខ្ញុំ​ទេ ឯ​បងប្អូន​ដទៃ​ទៀត​ក៏​គេ​ធ្វើ​ដើម្បី​ផ្ទះ​គេ​ដែរ»។ កាលពី​ថ្ងៃ​អង្គារ​ អ្នកស្រី យោ​ម បុប្ផា ​សកម្មជន​តវ៉ា​រឿង​វិវាទ​ដីធ្លី​ដ៏​លេចធ្លោ​មួយរូប​នៅ​តំបន់​បឹងកក់ ត្រូវបាន​តុលាការ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ​ក្រោម​បទ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​ក្នុង​រឿង​ទំនាស់​ឯកជន​មួយ។ ក៏ប៉ុន្តែ​តុលាការ​បាន​ដោះលែង​ប្តី​របស់​អ្នកស្រី​មកវិញ​ឲ្យ​មាន​សេរីភាព ​ដោយ​យល់ឃើញ​ថា​មិនមាន​ភាពចាំបាច់ ​ដែល​ត្រូវ​ជាប់​ឃុំ។ លោក លួស សា​ខន ​អាយុ៥៦ឆ្នាំ ​ស្វាមី​របស់​អ្នកស្រី​យោ​ម បុប្ផា​ បាន​ទ្រ​ហ៊ោ​យំ​នៅពេល​ដែល​លោក​បានឃើញ​ក្រុមអ្នកតវ៉ា​កាន់​រូបថត​ភរិយា​របស់​លោក​មក​ត​វ៉ា​នៅ​ពីមុខ​តុលាការ​ក្រុងភ្នំពេញ។ «ប្រពន្ធ​របស់ខ្ញុំ​ឥតមាន​កំហុស​អី​ទេ។ បើ​ខ្ញុំ​មានទោស ​ហើយ​ខ្ញុំ​មានទោស​ទៀត​ខ្ញុំ​មិនតូច​ចិត្ត​ទេ តែ​នេះ​ធ្វើ​ដោយ​បំពាន ​ដោយ​គ្មាន​យុត្តិធម៌។ ដោយ​គ្មាន​ច្បាប់​ច្បាស់លាស់»។ ក្រុមអ្នកតវ៉ា​បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ​និង​មាន​ចង​បូរ​ពណ៌​ស​នៅលើ​ក្បាល ​ព្រមទាំង​មាន​កាន់​រូបថត ​និង​បដា​ជាច្រើន​ផ្ទាំង​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ​ យោ​ម បុប្ផា​ ឲ្យ​មាន​សេរីភាព​ឡើងវិញ។ អ្នកស្រី ​ទេព វ​ន្នី ​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយថា ​សម្លៀកបំពាក់​ពណ៌​ខ្មៅ​នេះ​គឺ​ពួកគេ​កាន់ទុក្ខ​ចំពោះ​ការចាប់ខ្លួន​អ្នក​ស្រី​យោ​ម បុប្ផា​ និង​ស្វាមី​កន្លងមក​ដោយ​អយុត្តិធម៌។ «ការដែល​ធ្វើ​បែបនេះ ​គឺ​ដើម្បី​បំ​ភិតបំភ័យ​បំបាក់​ស្មារតី​ពួក​ខ្ញុំ ​មិន​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​មាន​ទឹកចិត្ត​ក្លា​ហាន​ក្នុង​ការ​ទាមទារ ​និង​ការពារ​ដី​ចំនួន១២,៤៤ហិក​តា​ដែល​សម្តេច​បាន​ប្រទានកម្ម​ឲ្យ»។ លោ​ក អំ សំអាត ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​បាន​និយាយថា​ចំណាត់ការ​របស់​តុលាការ​ជា​ទង្វើ​មួយ​បំបាក់​ស្មារតី​ដល់​សហគមន៍​បឹងកក់ ​និង​បូរី​កីឡា​កុំ​ឲ្យ​ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង​រឿង​វិវាទ​ដីធ្លី៕