តុលាការក្រុងភ្នំពេញបានបដិសេធមិនព្រមទទួលយកលិខិតស្នើសុំរបស់អ្នកស្រីមូរ សុខហួរដើម្បីឲ្យអ្នកស្រីក្លាយជាតំណាងរាស្ត្រពេញសិទ្ធិឡើងវិញនៅឡើយទេ។ នេះបើតាមការថ្លែងបញ្ជាក់របស់អ្នកស្រីមូរ សុខហួរ ដែលបានប្រាប់អ្នកកាសែតនៅពីមុខរបងតុលាការក្រុងភ្នំពេញ។
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសម រង្ស៊ី ប្រចាំនៅមណ្ឌលកំពតបានយកលិខិតមួយច្បាប់ទៅដាក់ជូនតុលាការក្រុងភ្នំពេញកាលពីថ្ងៃអង្គារដើម្បីឲ្យស្នើសុំរៀបចំបែបបទតាមនីតិវិធី និងផ្តល់នីតិសម្បទាជាអ្នកតំណាងរាស្ត្រឡើងវិញតាមផ្លូវតុលាការ។
អ្នកស្រីមូរ សុខហួរ បាននិយាយថាតុលាការមិនបានទទួលយកលិខិតស្នើសុំទេដោយនិយាយថាព្រះរាជអាជ្ញាជាប់រវល់ហើយលោកស្រីបានបញ្ជាក់ថាករណីនេះបានបំពេញនីតិវីធីចប់សព្វគ្រប់ហើយតាមផ្លូវតុលាការ។
«ខ្ញុំចង់ឲ្យឃើញប្រព័ន្ធស្ថាប័នសាធារណៈជាស្ថាប័នមួយដែលជាស្ថាប័នទទួលផ្តល់នូវសេវាឲ្យមានគុណភាពឲ្យមានការសម្រួលជូនទៅដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ»។
លោកស្រីមូរ សុខហួរ ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិកាលពីអំឡុងឆ្នាំ២០០៩ បន្ទាប់ពីមានក្តីក្តាំបរិហារកេរ្តិ៍ជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដ៏មានឥទ្ធិពល។
តុលាការក្រុងភ្នំពេញកាលពីខែសីហា ឆ្នាំ២០១០ បានកាត់ក្តីឲ្យលោកស្រីមូរ សុខហួរ ចាញ់ក្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយពិន័យជាប្រាក់ចំនួន១៦.៥០០.០០០រៀល។
នៅក្នុងលិខិតរបស់លោកស្រីមូរ សុខហួរ ដែលបានចែកជូនអ្នកកាសែតនៅពីមុខតុលាការបានឲ្យដឹងថាការអនុវត្តទោសមកលើលោកស្រីបានចប់ជាស្ថាពរកាលពីខែកញ្ញាឆ្នាំ២០១០តាមការអនុវត្តដោយបង្ខំកាត់ប្រាក់បៀរវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗនៅរដ្ឋសភា។
លោក ជាម យៀប សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាជនបានឲ្យដឹងថាលោកស្រីមូរ សុខហួរ ជាប់ចោទពីបទលហុ ដូច្នេះបន្ទាប់ពីអនុវត្តសេចក្តីសម្រេចរបស់តុលាការហើយ ក្នុងរយៈពេលមួយឆ្នាំគឺគាត់នឹងអាចទទួលបាននីតិសម្បទាឡើងវិញហើយ។
លោក ជាម យៀប បានបញ្ជាក់ថាលោកស្រីមូរ សុខហួរបានអនុវត្តទោសរួចរាល់ហើយកាលពីឆ្នាំ២០១១ ហើយតុលាការគួរតែផ្តល់នីតិសម្បទាឲ្យឡើងវិញ។
«តាមកន្លងទៅយើងឃើញថា បើគេអនុវត្តហើយ ហើយគេស្នើសុំអញ្ចឹងតុលាការគួរតែជម្រាបប្រាប់មករដ្ឋសភាវិញ ដើម្បីឲ្យសភាហ្នឹងបានដឹងថាគេអនុវត្ត ហើយគេមាននីតិសម្បទាគ្រប់គ្រាន់ឡើងវិញ»។
លោក សុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបាននិយាយថាពាក្យស្នើសុំពុំមានឯកសារគ្រប់គ្រាន់ទេទើបតុលាការសម្រេចមិនទទួលយក។
«ក្នុងពាក្យសុំហ្នឹង គាត់ដាក់មានយោងហើយនឹងមានឯកសារពាក់ព័ន្ធ ហើយដល់អញ្ចឹងខាងរដ្ឋបាលគាត់ថាលិខិតដែលដាក់នោះ មានឯកសារយោងនិងឯកសារពាក់ព័ន្ធហ្នឹងវាឥតឃើញ។ មន្ត្រីដែលកាន់មកហ្នឹងថាឥតបានដាក់មក អញ្ចឹងគេសុំយកបណ្តឹងហ្នឹង សុំទៅវិញដើម្បីប្រមូលឯកសារយោងពាក់ព័ន្ធនិងលិខិតពាក្យសុំហ្នឹងណ៎ា»។
តុលាការក្រុងភ្នំពេញធ្លាប់បានបដិសេធមិនទទួលយកពាក្យបណ្តឹងលោកស្រីមូរ សុខហួរ ដែលបានដាក់ប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទបរិហាកេរ្តិ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយជាសាធារណៈកាលពីឆ្នាំ២០០៨ នៅស្រុកឈូក ខេត្តកំពតដែលលោកស្រីយល់ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី៕