តុលាការ​សម្រេច​ចោទ​ប្រកាន់​មនុស្ស​៤នាក់​នៃ​អ្នក​ចាប់​ខ្លួន​១០​នាក់​ពី​បទ​ឃាតកម្ម​សម្លាប់​ឧកញ៉ា

បុណ្យ​សព​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ​ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)

ក្នុង​ខណៈ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ លោក​ឧកញ៉ា ថោង សារ៉ាត់ ​នោះ​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេចចោទ​ប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​ជំទាស់​និង​ជន​សង្ស័យ​ចំនួន​៤​នាក់​ដែល​ជា​អង្គរក្ស​របស់​លោក​ផ្ទាល់​ពី​បទ​សង្ស័យ​ថា៖ ​«ឃាតកម្ម​គិត​ទុក​ជា​មុន» ​ទាក់ទិន​នឹង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ដែល​ធ្វើ​ឲ្យ​ល្បី​រន្ទឺ​ក្នុង​ទៅ​ក្រុង​ភ្នំពេញ។​

លោក ​មាស ច័ន្ទពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​ចាប់​ខ្លួន​ជន​សង្ស័យ មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​គ្រាន់​តែ​ដឹង​ពី​ប៉ូលិស​មក​ដែល​គេ​រៀប​អង្គ​ហេតុ​ហ្នឹង​ ដែល​ខ្ញុំ​ពិនិត្យ​ពី​ដំបូង​មក​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​គិត​ទុក​ជាមុន ​ពី​ព្រោះ​មាន​រៀបចំ​គម្រោង រៀបចំ​អ្វី​ដូច​យើង​ឃើញ​ក្នុង​វីដេអូ​ឃ្លីប​ហ្នឹង​ហើយ»។​

ចំណែក​លោក ​កែវ សុជាតិ​ ព្រះរាជអាជ្ញារង​ម្នាក់​ទៀត ​ដែល​កាន់​សំណុំ​រឿង​ក្តី​នេះ​ មាន​ប្រសាសន៍​ថា​ លោក​បាន​សាកសួរ​ជន​សង្ស័យ​ទាំង​បួន​នាក់​រួច​រាល់​ហើយ​ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​នីតិវិធី​របស់​តុលាការ​នៅ​ឡើយ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​សុក្រ​ស្អែក​ទៀត​ តុលាការ​នឹង​បន្ត​កោះ​ហៅ​ជន​សង្ស័យ​មក​បំពេញ​នីតិ​វិធី​ចុង​ក្រោយ​ មុន​នឹង​សម្រេចចេញ​ដីការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ។​

លោក​និយាយ​ថា៖​ «អត់​ទេ​ សាក​សួរ​ យើង​សាក​សួរ​ចប់​ហើយ។​ ប៉ុន្តែ​ឯកសារ​យើង​អត់​ទាន់​បាន​រៀបចំ​ចប់​សព្វ​គ្រប់​ទេ។​ យើង​សាក​សួរ​ចប់​សព្វ​គ្រប់​ហើយ។​ចាំ​ស្អែក​ ចាំ​យក​ព័តមាន​បន្ថែម។​ ខ្ញុំ​អត់​អាច​ឆ្លើយ​បាន»។​

សំណុំ​រឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១០​នាក់​ហើយ​ដែល​រួម​មាន​អង្គរក្ស​ចំនួន​បួន​នាក់​ ភរិយា​ ប្អូន​ប្រុស​ និង​ឪពុក​ ម្តាយ​របស់ លោក​ឧកញ៉ា ថោង សារ៉ាត់។ ​ក៏ប៉ុន្តែ​សមត្ថ​កិច្ច​មិន​ទាន់​បាន​ចាប់​ខ្លួន​លោក​ថោង សារ៉ាត់​បាន​នៅ​ឡើយ​ទេ។​

លោក ​ថោង សារ៉ាត់​ បាន​រត់​គេច​ខ្លួន​នៅ​កន្លែង​មាន​សុវត្តិភាព​ ក្នុងខណៈពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​ទាំង​អស់​កំពុង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ។​

បើ​តាម​របាយការណ៍​របស់​ប៉ូលិស​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​១០​នាក់​ពី​បទ៖​ «សង្ស័យ​បទ​មនុស្សឃាដ» ​ដែល​រួម​មាន​អង្គរក្ស​ចំនួន​៤​នាក់​ លោក​ស្រី​ ទាវ ធីតា​ អាយុ​២៣​ឆ្នាំ​ ភរិយា​លោក​ថោង ​សារ៉ាត់ ​ប្អូន​ប្រុស​ ថោង បូណា​ និង​លោក​ស្រី​ កែវ សារី ​ត្រូវ​ជា​ម្តាយ​ និង​ឪពុក​ថោង ចំរើន។​

សមត្ថ​កិច្ច​បាន​បន្តសាក​សួរ​ភរិយា​ ប្អូន​ប្រុស​ និង​ឪពុក​ម្តាយ​លោក​ថោង​ សារ៉ាត់​ នៅ​ឡើយ​ បន្ទាប់​ពី​លោក​ថោង សារ៉ាត់​ត្រូវ​បាន​សមត្ថកិច្ច​បាន​សង្ស័យ​ថា ​ជា​មេ​គំនិត​នៅ​ពី​ក្រោយករណី​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ។​

លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ត្រូវ​បាន​ឃាតករបាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆកា​កន្លង​ទៅ​នេះ​ ក្នុង​ខណៈពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រថ​យន្ត​ក្នុង​គោល​បំណង​ដើម្បី​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ទូប​លក់ផ្លែ​ឈើ​មួយ​នៅ​ម្តុំ​អាង​ទឹក​អូឡាំពិក។​

ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជី​ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​បង្ហោះ​រូប​ជន​សង្ស័យ​ ​ចុះ​ពី​លើ​ម៉ូតូ​មក​បាញ់​ជនរង​គ្រោះ​នៅ​ចម្ងាយយ៉ាង​កៀក​បំផុត​ចំនួន​៨​គ្រាប់​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

លោក​ចាន់ សាវ៉េត​ អនុប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ សមត្ថ​កិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​ករណី​បាញ់​សម្លាប់​ចុង​ក្រោយ​នេះ​មាន​លក្ខណៈលឿង​ បើ​ប្រៀប​ធៀប​នឹង​ករណី​លោក​ឈូក បណ្ឌិត​ ដែល​បាន​បាញ់​កម្មករ​ចំនួន​៣​នាក់​រង​របួស​ តែមិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​មន្ត្រី​រដ្ឋាភិបាល​គាត់​ចាត់​វិធាន​ការ​រន្ថើន​បែប​ហ្នឹង​ ​លោក​ឈូក បណ្ឌិត​ក៏​មិន​អាច​គេច​ខ្លួន​រួច​ផុត​ដែរ។ លោក​ថោង សារ៉ាត់​ក៏ដូច​គ្នា​ដែរ។​ លោក​ថោង សារ៉ាត់​ បន្ទាប់ពី​ហៅ​សួរ​ម្តង​ហើយ​ព្រលែង​ទៅ​វិញ ​ហើយ​បាន​តាម​ចាប់​សារថ្មី​ម្តង​ទៀត។ ​អញ្ចឹង​ទៅ​ចាប់​អ្វី​បាន​នៅ​ក្នុង​រឿង​ហ្នឹង»។​

លោក​ ថោង សារ៉ាត់​ ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ ជា​មេ​គំនិត​នៅពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ៕