អង្គកាភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ

លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​តាម​បណ្ដា​ឃុំ ​សង្កាត់​ទូទាំង​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។​ ប៉ុន្ដែ​មន្ដ្រី​គណបក្ស​ជំទាស់​បាន​ហៅ​យុទ្ធនាការ​នេះ​ថា ​ជា​ការ​ទាញ​យក​ផលចំណេញ​របស់​គណបក្ស​កាន់​អំណាច​ចំពេល ​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​នេះ​។ ​នេះ​ជា​យុទ្ធនាការ​អប់រំ​ និង​ទប់ស្កាត់​ដែល​នឹង​មាន​រយៈពេល​ប្រាំមួយ​ខែ​ ចាប់​ពី​ខែ​ឧសភា​រហូត​ដល់​ខែ​តុលា ​ឆ្នាំ​២០១២ ​នេះ។

លោក ​ឆាយ ​សាវុធ ​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ យុទ្ធនាការ​នេះ​ តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ស្មគ្រ័ចិត្ត​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​ពី​គណបក្ស​នយោបាយ​នានា​ផងដែរ។

«យើង​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ពី​សង្គម​ស៊ីវិល ​គណបក្ស​នយោបាយ​នានា ​ដើម្បី​ប្រមូល​កម្លាំង​ធនធាន​សហការ​គ្នា ​ផ្សព្វផ្សាយ ​អប់រំ​ បង្ការ​ និង​ទប់ស្កាត់​ការ​យក​ប្រាក់​កំរៃ​មិន​ស្របច្បាប់​នៅ​តាម​ភូមិ​សាស្ដ្រ​ឃុំ​សង្កាត់»។

នេះ​គឺ​ជា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​រដ្ឋបាល​មូលដ្ឋាន​ជា​លើក​ដំបូង ​ខណៈដែល​កម្ពុជា​ទទួល​រង​ការ​រិះគន់​ជា​ខ្លាំង​ពី​អំពើ​ពុករលួល។ សេចក្ដី​អះអាង​មួយ​ចំនួន​បាន​លើកឡើង​ពី​ការ​ពុករលួយ​យ៉ាង​ជាក់​ស្តែង​ តាមរយៈ​ការ​លូកដៃ​ទទួល​លុយ​ពី​អ្នក​បើកបរ​រថយន្ដ​តាក់ស៊ី​ ពី​សំណាក់​ប៉ូលីស​ចរាចរណ៍​មួយ​ចំនួន​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ។

យោងតាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កម្ពុជា ​អ្នកសូក ​និង​អ្នកទទួល​សំណូក​មាន​ទោស​ដូច​គ្នា។

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឈ​អន្ដរជាតិ​ធ្លាប់​បាន​ប៉ាន់​ប្រមាណ​ថា ​អំពើ​ពុករលួយ​បាន​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល​រដ្ឋ​យ៉ាង​តិច​ចន្លោះ​ពី​៣០០​ ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

លោក ​ឆាយ ​សាវុធ ​ទទួល​ស្គាល់​អំពើ​ពុករលួយ​នៅ​តាម​រដ្ឋបាល​មូលដ្ឋាន ​ហើយ​លោក​ចាត់ទុកថា ​នេះ​ជា​អំពើ​ខុសច្បាប់​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ មក​ហើយ​នៅ​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ​លោក​បាន​ព្យាយាម​មិន​ផ្តល់​សំអាង​ថា​ តើ​មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​ត្រូវ​បាន​រក​ឃើញ​ពី​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ។

លោក ​យឹម ​សុវណ្ណ ​តំណាងរាស្ដ្រ​មណ្ឌល​ក្រុងភ្នំពេញ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន​ចំអក​នឹង​វិធានការ​ថ្មី​ខាង​លើ​នេះ។

«លុបបំបាត់​ការ​ផ្តល់​សម្បទាន​ព្រៃឈើ ​ទប់ស្កាត់​អំពើ​ពុករលួយ​ថ្នាក់​មូលដ្ឋាន​គឺ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ទេ។​ គឺ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​គួរ​ចាត់​វិធានការ​ គឺ​ការ​លក់​ទ្រព្យសម្បត្តិ​ជាតិ​ដែល​គ្មាន​តម្លាភាព​ ហើយ​បាត់បង់​លុយ​រាប់រយ​លានដុល្លារ​។ ​បោស​សម្អាត​ពី​លើ​មក​មុន ​នៅ​ថ្នាក់​មូលដ្ឋាន​ជា​រឿង​កំប៉ិក​កំប៉ុក​ទេ។ បើក​ប្រាក់​ខែ​ឲ្យ​តែ​មន្រ្តីរាជការ ​ប៉ូលិស ​ទាហាន ​មេឃុំ ​ចៅសង្កាត់​ ឲ្យ​គ្រប់គ្រាន់​ទៅ​គ្មាន​អ្នកណា​ចង់​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ទេ»។

លោក ​អំ ​សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្គេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​ទទួល​ស្គាល់​ថា ​វា​ជា​កត្តា​ល្អ​មួយ​ ដែល​មាន​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​បែប​នេះ​។ ​ក៏ប៉ុន្តែ​លោក​យលស្រប​ជាមួយ​លោក​យឹម ​សុវណ្ណ​ ថា​ការ​កំចាត់​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ថ្នាក់​ដឹកនាំ​កំពូល ​ហើយ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​គ្រប់​បុគ្គល​ទាំង​អស់៕