រលក​យក្ស​​ស៊ូណាមី​អាច​បន្ថយ​ជំនួយ​ជប៉ុន​សម្រាប់​អន្តរជាតិ

សាក​សព្វ​ជន​រង​គ្រោះ​ត្រូវ​គេ​គ្រប​ដោយ​ក្រណាត់​នៅ​ក្នុង​ភូមិ​មួយ​ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​​ការ​រញ្ជួយ​ដី​និង​រលក​សមុទ្រ​ស៊ូណាមី​នៅ​តំបន់​រីគូហ្សេនតាកាតា (Rikuzentakata) ក្នុង​ខេត្ត​អ៊ីវ៉ាតេ (Iwate Prefecture) នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១

ប្រទេស​ជប៉ុន​កំពុងតែ​វា​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ធំធេង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ ​ហើយ​ប្រទេស​នេះ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ការ​ខូចខាត។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា​ ការ​រញ្ជួយ​ដី ​និង​រលក​យក្ស​ Tsunami​ ដ៏​ខ្លាំងក្លា​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋ​កិច្ច​ជប៉ុន​ និង​ប៉ះពាល់​ដល់​ជំនួយ​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​បរទេស​ ដែល​រួមមាន​ប្រទេស​កម្ពុជា។

នៅពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​បន្ត​វាយ​តម្លៃ​ការ​ខូចខាត​ដោយ​មហន្តរាយ​រញ្ជួយដី ​និង​រលក​យក្យ​ Tsunami ​យ៉ាង​អាក្រក់​បំផុត​ នៅថ្ងៃ​ច័ន្ទនេះ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បាន​គិត​ពិចារណា​នូវ​ភាព​មិនច្បាស់​លាស់​នៃ​ជំនួយ​ ដែល​ប្រទេស​ជប៉ុន​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រនិង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ថា​ វិនាស​កម្ម​ដោយ​ការ​រញ្ជួយ​ដី​ និង​រលកយក្ស​ Tsunami ​នៅក្នុង​ប្រទេស​ជប៉ុន​គឺធ្ងន់ធ្ងរ​ណាស់​ ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​បាត់បង់​ធំធេង​ណាស់​ ទាំង​ជីវិត​មនុស្ស ​និង​ទ្រព្យ​សម្បត្តិ។

«ការ​ខូចខាត​នេះ​មាន​ទ្រង់ទ្រាយ​ធំ ​ហើយ​វា​ជះ​ឥទ្ធិពល​ទៅដល់​សេដ្ឋ​កិច្ច​ជប៉ុន​ ហើយ​ក៏​អាច​ជះ​ឥទ្ធិពល​ទៅលើ​ការ​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​របស់​ជប៉ុន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ​រាប់​ទាំង​យើង»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា នៅ​ថ្ងៃ​អង្គារ​ស្អែក ​លោក​ Masafumi Kuroki ​ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​៩៤​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ការពារ​ទឹក​ជំនន់​ និង​ចែកចាយ​ទឹក​និង​សកម្ម​ភាព​បោស​សម្អាត​មីន។

លោក​ Masafumi Kuroki ​ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា ​ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ​បើទោះ​បី​ជា​ប្រទេស​ជប៉ុន​បាន​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏អាក្រក់​ក៏​ដោយ។

ប្រជា​ពលរដ្ឋ​ជប៉ុន​ចំនួន​១.៥៩៨​នាក់​ត្រូវ​បាន​សម្លាប់​ និង​១.៧២០​នាក់​ផ្សេង​ទៀត​បាន​បាត់ខ្លួន​ដោយ​ការ​រញ្ជួយ​ដី​ និង​រលក​យក្ស ​Tsunami​ ដ៏​មហន្តរាយ​នេះ។

លោក​យ៉ង់ សាំងកុមារ ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ (CEDAC) បាន​ថ្លែង​ថា​ អង្គការ​របស់​លោក​ទទួល​បាន​មូលនិធិ​ប្រមាណ​៨០០០០០​ដុល្លារ​អាមេរិក​ពី​សម្បុរសជន​ជប៉ុន​រយៈ​ពេល​ពីរ​ឆ្នាំ ​(២០១១-២០១២)​ សម្រាប់​គម្រោង​ជំរុញ​ជំនាញ​កសិកម្ម ​និង​ការ​យល់ដឹង​ពី​តម្លៃ​នៃ​ការ​សិក្សា​របស់​កូន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ហើយ​កំពុង​រៀបចំ​សំណើ​គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន​៤០.០០០​ដុល្លារ​អាមេរិក​សម្រាប់​បណ្តុះ​បណ្តាល​កសិករ​ទូទៅ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

«យើង​យល់​ឃើញ​ថា ​បញ្ហា​រញ្ជួញ​ផែនដី​និង​រលក​យក្ស ​Tsunami ​ដែល​ប្រទេស​ជប៉ុន​កំពុង​ជួប​ប្រទះ​នេះ​ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​អាច​ប៉ះពាល់​ដែល​អាច​បញ្ឈប់​ ឬ​ក៏​ផ្អាក​ជំនួយ»។

លោក​ជាម​ ច័ន្ទសោភ័ណ ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា​ លោក​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​លោក​អំពី​លទ្ធភាព​ទទួល​បាន​ថវិកា​បន្ត​ទៀត​ពី​ប្រទេស​ជប៉ុន ​ដោយសារ​ប្រទេស​ជប៉ុន​បាន​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ ​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ និង​ដោយសារ​ឆ្នាំ​សារពើពន្ធ​របស់​ប្រទេស​ជប៉ុន​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ។

«វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា។ ​យើង​មិន​អាច​ទស្សទាយ​បាន​មុន​ទេ ​ប៉ុន្តែ​នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ដែល​វា​អាច​ប៉ះពាល់​បច្ច័យ​អាក្រក់​មកលើ​គម្រោង​របស់​យើង»។

លោក​ហ៊ឹម សុផល ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង​ បាន​ថ្លែង​ថា ​លោក​បាន​លើក​សំណើ​គម្រាង​កសាង​សាលារៀន​បី​ដែល​មាន​ទឹកប្រាក់​ជាង​១៥០.០០០​ដុល្លារ​អាមេរិក​ ហើយ​ប្រទេស​ជប៉ុន​ បាន​សន្យា​ផ្តល់​ថវិកា​ និង​បាន​មក​សិក្សា​រួច​ហើយ។

«ខ្ញុំ​គ្រាន់តែ​មើល​ឃើញ​ព្រឹត្តិ​ការណ៍​រលក​យក្ស ​Tsunami ​នេះ ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​ម្ចាស់​ជំនួយ​របស់​យើង​កំពុងតែ​ជួប​មហន្តរាយ​នៅ​ក្នុង​ប្រទេស​គាត់។ ​អញ្ចឹង​មាន​ការព្រួយ​បារម្ភ​ខ្លះ​ ដែល​ថា ​វា​អាច​មិនបាន​សម្រេច​តាម​បំណង​របស់​យើង»។

យោងតាម​តួលេខ​របស់​រដ្ឋាភិ​បាល​បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​រវាង​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០០៩​ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏ធំ​ជាង​គេ​តែមួយ​គត់​របស់​ប្រទេស​កម្ពុជា​ ដោយបាន​ផ្តល់​ជំនួយ​ជាង​១៨​ភាគរយ​នៃ​ជំនួយអ​ភិវឌ្ឍន៍​នៅ​បរទេស​ ឬ​ប្រមាណ​១.៨៣០​លាន​ដុល្លារ​អាមេរិក៕