កម្ពុជា​កំពុង​ពិចារណា​ដំណើរការ​ធ្វើ​បត្យាប័ន​ជន​ជាតិ​បារាំង

ទិដ្ឋភាព​ពី​ខាងក្រៅ​គេហដ្ឋាន​របស់​ស្ថាបត្យករបារាំង Patrick Henri Devillers ក្នុង​ក្រុង​ភ្នំពេញ កម្ពុជា ថ្ងៃទី២១ ឧសភា ២០១២។

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កម្ពុជា​កំពុង​តែ​ពិចារណា​នីតិវិធី​ជាច្រើន​ ដើម្បី​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​ចិន​ឲ្យ​បញ្ជូន​ជន​សង្ស័យ​សញ្ញាតិ​បារាំង​ទៅ​ឲ្យ​ខ្លួន​នោះ។

លោក ប៉ាទ្រិក ដឺវីល្ល័រស៍ (Patrick Devillers) ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ​ក្រោម​ការស្នើសុំ​របស់​ចិន​ ដោយ​សង្ស័យ​ថា​វិស្វករ​សញ្ញាតិ​បារាំ​រូប​នេះ​ ជាប់​ទាក់ទង​នឹង​សំណុំ​រឿង​អាស្រូវ​របស់​អ្នក​នយោបាយ​ជាន់​ខ្ពស់​ចិន​លោក បូ​ ស៊ីឡៃ (Bo Xilai)។

ភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​រូប​នេះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ថា បាន​ធ្វើ​ឃាត​អ្នក​ជំនួញ​សញ្ញាតិ​អង់គ្លេស​ម្នាក់​លោក ណេល ហេវូដ (Neil Heywood)។

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពិចារណា​នីតិ​វិធី​ស្តីពី​បញ្ហា​នេះ។

«នៅ​ក្នុង​ករណី​នេះ ​រដ្ឋាភិបាល​លើក​ថ្លឹងថ្លែង​រវាង​ច្បាប់​របស់​កម្ពុជា ​ក៏ដូច​ជា​ច្បាប់​អន្តរជាតិ​នេះ​ដែរ​ ដែល​ពាក់ព័ន្ធ​ដល់​ដីធ្លី​។ ​ទី​១​ គឺ​ភាគី​កម្ពុជា ​ប្រទេស​ទី​២ ​គឺ​ប្រទេសចិន​ ដែល​ជា​ប្រទេស​មួយ​ទាមទារ​ឲ្យ​បញ្ជូន​ទៅ​វិញ​។ ​ប្រទេស​ទី​៣ ​គឺ​ប្រទេស​បារាំង ​ដែល​ជា​ជនជាតិ​គេ ​ដែល​ជា​ប្រជាពលរដ្ឋ​គេ​។​ ប្រទេស​ទី​៤​នោះ​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រទេស​អង់គ្លេស​ ដែល​គេ​ចាត់ទុក​ថា​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ​ដែល​មាន​ការ​បាត់បង់​ជីវិត​ដល់​ជនជាតិ​អង់គ្លេស»។

កាល​ពី​សប្តាហ៍មុន ​លោក​ហោ ​ណាំហុង ប្រមុខការទូត​កម្ពុជា​ បាន​ប្រកាស​ថា​កម្ពុជា​នឹង​មិន​បញ្ជូន​លោក ប៉ាទ្រិក ដឺវីល្ល័រស៍ឲ្យ​ទៅ​ប្រទេស​ចិន​ ឬ​ក៏​បញ្ជូន​ទៅ​កាន់​ប្រទេសបារាំង​នោះ​ទេ​ លើកលែង​តែ​មាន​ភស្តុងតាង​រឹងមាំ។

កម្ពុជា​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​ភស្តុតាង​បន្ថែមទៀត​ ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ឲ្យ​ចាប់​ខ្លួន​ស្ថាបត្យករ​បារាំង​នេះ​។ ​រហូត​មក​ទល់​ថ្ងៃ​នេះ ​ពុំមាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ផ្តល់​ព័ត៌មាន​អំពី​ដំណើរការ​ផ្តល់​ភស្តុងតាង​បន្ថែម​ពី​សំណាក់​ប្រទេស​ចិន​នោះ​ទេ។

លោកឧត្តម​សេនីយ៍ឯក ​ខៀវ​ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ឡើងវិញ​នៅ​ថ្ងៃ​នេះ​ថា​ កម្ពុជា​នឹង​មិន​បញ្ជូន​លោក ប៉ាទ្រិក ដឺវីល្ល័រស៍ ទៅ​ឲ្យ​ក្រុងប៉េកាំង​នោះ​ទេ​។ ​ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​តើ​លោក​នឹង​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​កម្ពុជា ​ឬ​ក៏យ៉ាងណា?

«នៅ​ឯនាយកដ្ឋាន​អន្តរប្រវេសន៍​ហ្នឹង​ រង់​ការ​ឃុំគ្រង»។

ចិន​គឺ​ជា​ប្រទេស​ដែល​នាំមុខ​គេ​នៅ​ក្នុង​ការ​ផ្តល់​ការវិនិយោគ​នៅ​កម្ពុជា​ ហើយ​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ បាន​សំឡឹង​ឃើញ​ថា​កម្ពុជា​មាន​ផលវិបាក​នៅ​ក្នុង​ការ​ធ្វើ​ការសម្រេចចិត្ត​របស់​ខ្លួន​ទល់​នឹង​ប្រទេស​បារាំង​ដែល​តំណាង​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មក​ពី​សហភាព​អ៊ឺរ៉ុប​ដល់​កម្ពុជា។

លោក​ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​កម្ពុជា​មាន​រយៈពេល​៦០​ថ្ងៃ​ សម្រាប់​ការ​ធ្វើ​ការ​សន្និដ្ឋាន​លើ​សំណុំ​រឿង​លោក ប៉ាទ្រិក ដឺវីល្ល័រស៍។ ​បើ​យោង​ទៅ​តាម​បត្យាប័ន​ ប្រសិន​បើ​ការចោទប្រកាន់​លោក​ប៉ាទ្រិក ដឺវីល្ល័រស៍ ជាប់ពាក់ព័ន្ធ​នឹង​បញ្ហាន​យោបាយ ​លោក​នឹង​មិន​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​ម្ចាស់​សំណើ​នោះ​ទេ។ លោក​ផៃ ស៊ីផាន បញ្ជាក់​ថា​តុលាការ​កម្ពុជា​នឹង​ជួយ​ទៅ​ដល់​ការ​ធ្វើ​ការ​វាយតម្លៃ​បញ្ហា​នេះ។

លោកស្រី ឡូរ៉ិនស៍ បិណាឌី (Laurence Benardi) អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ទេ ​នៅ​ថ្ងៃ​នេះ៕