កម្មករ​រាប់​ពាន់​នាក់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ខណៈ​សាលារៀន​ត្រូវ​ប្រើប្រាស់​សម្រាប់​ពិនិត្យ​សុខភាព

កម្មករកាត់ដេរ ដែលត្រឡប់មកពីចូលឆ្នាំខ្មែរនៅស្រុកកំណើត ត្រូវបានពិនិត្យសុខភាព ខណៈដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ណឹម សុភ័ក្ត្របញ្ញា/VOA)

មន្រ្តី​ពាក់ព័ន្ធ​អះអាង​ថា​ កម្មករ​រាប់​ពាន់​នាក់​នឹង​ត្រូវ​ពិនិត្យ​សុខភាព​រក​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា​ ហើយ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ រយៈ​ពេល​១៤​ថ្ងៃ​ មុន​នឹង​អាច​ចូល​ធ្វើ​ការ​នៅ​រោងចក្រ​វិញ។​

នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កន្លែង​ ដែល​កម្មករ​មួយ​ចំនួន​ត្រូវ​ពិនិត្យ​សុខភាព​ លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា កម្មករ​រោងចក្រ​ប្រមាណ ​៣​ម៉ឺន​នាក់​ បាន​ឈប់​សម្រាក​អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ក្នុង​នោះ​នៅ​ភ្នំពេញ​មាន​ចំនួន ​១៥.០០០​នាក់។​

លោក​បន្ត​ថា​ ក្រសួង​ការងារ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ​និង​ក្រសួង​សុខាភិបាល​បាន​រៀបចំ​មណ្ឌល​ត្រួត​ពិនិត្យ​សុខភាព​ចំនួន​ ១០​កន្លែង ​នៅ​ភ្នំពេញ​ ហើយ​មណ្ឌល​ត្រួត​ពិនិត្យ​សុខភាព​បណ្តោះ​អាសន្ន​នេះ​ នឹង​ត្រូវ​ដាក់​ដំណើរការ​រយៈ​ពេល ​៥​ថ្ងៃ។​ លោក​បន្ថែម​ថា ​ក្រសួង​ក៏​បាន​ត្រៀម​កន្លែង​ស្នាក់​នៅ​សម្រាប់​កម្មករ​ បើ​សិន​ពួកគេ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា​ ហើយ​មិនមាន​កន្លែង​ស្នាក់​នៅ។​

លោក​ ហេង សួរ​ មាន​ប្រសាសន៍​ថា៖​ «ប្រសិន​ជា​បងប្អូន​យើង​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ ​គឺ​គ្រូពេទ្យ​របស់​យើង​គាត់​នឹង​ចេញ​លិខិត​បញ្ជាក់​ថា​ គាត់​មិន​មាន​រោគ​សញ្ញា​កូវីដ​ គិត​មក​ត្រឹម​ថ្ងៃ​នេះ។​ អ៊ីចឹង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ ​មាន​ន័យ​ថា ​អាច​នៅ​ផ្ទះ​ជួល​របស់​គាត់​ ឬ​ក៏​ផ្ទះ​គាត់​ក៏​បាន​ដែរ»។​

គិត​មក​ត្រឹម​ម៉ោង​ ១២​រសៀល​ ថ្ងៃ​ច័ន្ទ​នេះ​ លោក ​ហេង ​សួរ​ ឲ្យ​ដឹង​ថា រក​ឃើញ​កម្មករ ​២​នាក់ ​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ​១៩។​

អ្នកស្រី​ សូ សុភក្តិ​ អាយុ ​៣៦​ឆ្នាំ​ ជា​កម្មករ​ម្នាក់​នៃ​រោងចក្រ​ Cambodia Textile Worldwide ​បាន​មក​ឲ្យ​គេ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នៅ​វិទ្យាល័យ​ជម្ពូវ័ន​ ក្នុង​ក្រុង​ភ្នំពេញ​ តាម​ការ​ណែនាំ​របស់​រោងចក្រ។​ អ្នកស្រី​បន្ថែម​ថា ​កម្មករ​ជាង​ ១០​នាក់​ដែល​មក​ពី​រោងចក្រ​អ្នកស្រី​ ធ្វើការ​បាន​មក​ធ្វើ​តេស្ត​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

អ្នកស្រី​ សុភក្តិ​ មក​ពី​ខេត្ត​ស្វាយរៀង​ បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នកស្រី​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន ​១៤​ថ្ងៃ​ នៅ​បន្ទប់​ជួល​របស់​អ្នកស្រី។​

កំពុង​អង្គុយ​រង់ចាំ​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ អ្នកស្រី​ តូង សុខរ៉ាន់​ អាយុ​២៨​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​ប្រាប់​ VOA​ នៅថ្ងៃ​ច័ន្ទ​ថា​ ក្រោយ​ពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​រោងចក្ រ​អ្នកស្រី​ក៏​សម្រេច​ចិត្ត​មក​ធ្វើ​តេស្ត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ ល្អ​ផង​ ព្រោះ​អី​យើង​ពិនិត្យ​ឲ្យ​ដឹង​ទៅ​ កុំ​ឲ្យ​ដូច​ថា​ យើង​ពី​ម្នាក់​ទៅ​ម្នាក់​យើង​ដូច​ថា​យើង​ឆ្លង ​ឬ​ក៏​អី​។​ យើង​មក​ពិនិត្យ​អ៊ីចឹង​ យើង​អាច​ជឿ​ជាក់​ថា ​ខ្លួន​ឯង​ហ្នឹង​វា​អត់​ឆ្លង​អ៊ីចឹង​ណា៎»។​

លោក​ ខេន លូ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​បាន​ណែនាំ​រោងចក្រ​ជា​សមាជិក​ទាំង​អស់ ​ឲ្យ​អនុវត្ត​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព។​ លោក​បញ្ជាក់​ថា ​ក្នុង​ករណី​ដែល​កម្មករ​មិន​មក​ពិនិត្យ​សុខភាព រោងចក្រ​មាន​សិទ្ធិ​បញ្ឈប់​ពួកគេ​ពី​ការងារ។​

លោក​បា​និយាយ​ថា៖​ «បើ​អត់​មក​ពិនិត្យ​យើង​ចាត់​ទុក​ថា​ កំហុស​ធំ។​ ហើយ​ក្រុមហ៊ុន​អាច​មាន​សិទ្ធិ​បញ្ឈប់។​ អត់​មក​ពិនិត្យ​មាន​ន័យ​ថា​អត់​មក​ធ្វើការ»។​

កម្មករកាត់ដេរម្នាក់ដែលត្រឡប់មកពីចូលឆ្នាំខ្មែរនៅស្រុកកំណើត ត្រូវបានពិនិត្យសុខភាព ខណៈដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ណឹម សុភ័ក្ត្របញ្ញា/VOA)

កម្មករកាត់ដេរម្នាក់ដែលត្រឡប់មកពីចូលឆ្នាំខ្មែរនៅស្រុកកំណើត ត្រូវបានពិនិត្យសុខភាព ខណៈដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យជម្ពូវ័ន ភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ណឹម សុភ័ក្ត្របញ្ញា/VOA)

អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​លើក​ឡើង​ពី​ការ​លំបាក​ ដែល​កម្មករ​មួយ​ចំនួន​អាច​ជួប​ប្រទះ​អំឡុង​ពេល​ត្រូវ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។​

«ខ្ញុំ​គិត​ថា​ បើសិន​ណា​ដាក់​គាត់​ដោយ​ឡែក​១៤​ថ្ងៃ​ ​ ហើយ​ខ្ញុំ​គិត​ថា​ វា​នឹង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ណា៎​ដល់​បងប្អូន​កម្មករ។​ ទី​មួយ​គាត់​អត់​មាន​លុយ។ ​និយាយ​រួម​ទៅ​ គាត់​អត់​មាន​លុយ​អំឡុង​ពេល​ទុក​គាត់​ដោយ​ឡែក​រយៈ​ពេល ​១៤​ថ្ងៃ​នោះ​ទេ ។​ ហើយ​មួយ​ទៀត​ សួរ​ថា​ គាត់​ហូប​ចុក​នៅ​ឯ​ណា? ចង់​និយាយ​អ៊ីចឹង​ណា៎។ ការ​ហូប​ចុក​គាត់​យ៉ាច​ម៉េច​រយៈ​ពេល ​១៤​ថ្ងៃ​ហ្នឹង។​ ហើយ​ទី​បី​ ថ្លៃ​ដែល​ផ្ទះ​ជួល​ស្នាក់​នៅ​អី​នោះ​ តើ​គាត់​បាន​លុយ​មក​ពី​ណា​ដើម្បី​បង់​ថ្លៃ​ជួល​ហ្នឹង»។​

ស្រប​ពេល​ដូច​គ្នា​នេះ​ដែរ​ អ្នកស្រី​ យ៉ាង សុភ័ណ្ឌ​ ក៏​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​កម្មករ​មួយ​ចំនួន​ដែល​ត្រូវ​បាន​បញ្ឈប់​ការងារ​ ដោយសារ​ពួកគេ​មិន​បាន​មក​ធ្វើ​ការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ។​

យោង​តាម​សេចក្តី​ណែនាំ​មួយ​ ចុះ​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ក្រសួង​ការងារ បាន​លើក​ឡើង​ថា ​កម្មករ​ត្រូវ​ពិនិត្យ​សុខភាព​របស់​ខ្លួន​និង​មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រយៈ​ពេល​ ​ថ្ងៃ។​

ក្រសួង​ការងារ​បញ្ជាក់​ថា​ ថៅកែ​រោងចក្រ​មិន​មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោ​ជិត​ណា​ម្នាក់​ ដែល​ឈប់​សម្រាក​ដោយ​ឯក​ឯង​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​រោងចក្ រ​ក្នុង​រយៈ​ពេល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នោះ​ទេ។​ ក្រសួង​បញ្ជាក់​ថា ​ម្ចាស់​រោងចក្រ​មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​ឈ្នួល​ត្រឹម​ចំនួន​ ៧​ថ្ងៃ​ដល់​កម្មករ​ណា​ម្នាក់​ ដែល​ឈប់​សម្រាក​ដោយ​មាន​ការ​អនុញ្ញាត​ពី​ថៅកែ​រោងចក្រ៕