CMAC ​ស៊ើបអង្កេត​ការផ្ទុះគ្រាប់​ដែល​ធ្វើឲ្យ​របួស​អ្នក​ជំនាញជនជាតិ​​អាមេរិកាំង​

ជនរងគ្រោះ​ទាំង​បួន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅទីក្រុង​បាងកក​ប្រទេស​ថៃ។​

ភ្នំពេញ​៖ លោក​ហេង​ រតនា​ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​បោស​សម្អាត​មីន​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា ​ស៊ីម៉ាក់​ បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មជ្ឈមណ្ឌល​របស់​លោក​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ក្នុង​ស្រុក​មួយ​ដោយមាន​ការ​សហការជាមួយ​អង្កការ​Golden West​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ករណី​ផ្ទុះ​គ្រាប់​មួយ​ដែល​បណ្តាល​ឲ្យ​ទាហានអាមេរិកាំង​ចំនួន​បួន​នាក់​រង​របួស។​ ​

កាលពី​ថ្ងៃអង្គារ​នៅ​កន្លែង​ស្រាវជ្រាវ​និង​អភិវឌ្ឍ​នៃ​មជ្ឈមណ្ឌល​បោស​សម្អាត​មីន​ខេត្ត​កំពង់ឆ្នាំង​មាន​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់មួយ​ដែល​បណ្តាល​ឲ្យ​ទាហាន​អាមេរិកាំងដែល​ជាអ្នក​ជំនាញ​ដោះ​គ្រាប់​មីន​និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​បួន​នាក់​រងរបួស។​

លោក​ហេង​រតនា​បាន​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ​ CMAC ​ពុំអាច​សន្និដ្ឋាន​បាន​ថា ​ការ​ផ្ទុះគ្រាប់​នេះ​បណ្តាល​មក​ពី​មូលហេតុអ្វី​ និង​គ្រាប់​ប្រភេទ​អ្វី​នៅ​ឡើយ​ទេ​ ដរាប​ណា​លទ្ធផល​ស៊ើប​អង្កេត​មិន​ទាន់​បាន​បង្ហាញ​ជា​ផ្លូវការ។​

«អញ្ចឹង​យើង​អត់​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​យ៉ាង​ម៉េចទេ ​គ្រាន់​តែ​ដឹង​ថា​ ផ្ទុះ​គ្រាប់។ ​ហើយ​តែគ្រាន់​តែ​ថា​ លទ្ធភាព​ផ្ទុះ​មូលហេតុ​ផ្ទុះពិត​ប្រាកដ​ យើង​អត់​ទាន់​អាច​បញ្ជាក់​ជាទូទៅ​បាន​នៅ​ឡើយ​ទេ​ ពី​ព្រោះ​យើង​កំពុងតែ​ស៊ើប​អង្កេត​បន្ថែម»។​

ជនរង​គ្រោះ​ទាំង​បួននាក់​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​សហ​រដ្ឋ​អាមេរិកបាន​បញ្ជាក់​អត្ត​សញ្ញាណ​មកថា ​គឺ​លោកឡិនអូស្ទីន ​លោក​ ម៉ាធូ សែហ្វឺ ​បានរងរបួស​ស្រាល​ ចំណែក​លោក​ដេវីអ ហ្គ្រូ ​និង​លោក ​ហ្វីលីព ហ្គីល​រងរបួស​ធ្ងន់។​

ក្រោយ​ពីកើត​ហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​និង​បាន​ដឹក​តាម​ឧទ្ធម្ភាចក្រ​មក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ក្រុង​ភ្នំពេញ។​

លោកJohn Simmons អ្នកនាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំប្រទេស​កម្ពុជា​បាន​ប្រាប់ VOA​ តាម​សារ​អេឡិចត្រូនិច​ ឬអ៊ីម៉ែល​មក​ថា ​ជនរងគ្រោះ​ទាំង​បួន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅទីក្រុង​បាងកក​ប្រទេស​ថៃ។​

លោក​បាន​និយាយ​ថា​ លោក​មិន​មាន​ព័ត៌មាន​អ្វីបន្ថែម​អំពី​ឧប្បត្តិហេតុ​នេះ​ទេ​ រហូត​ដល់​ចប់​ការ​ស៊ើប​អង្កេត។

លោក​Terry Murphree​ អនុប្រធាន​ស្តីទី​នៃ​ស្ថាន​បេសក​កម្ម​សហ​រដ្ឋអាមេរិក​បាន​និយាយ​នៅ​ក្នុង​ពិធី​បិទ​លំហាត់​ហ្វឹកហ្វឺន​ស្តីពី​ការ​សម្រប​សម្រួល​នៃ​ផែន​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​គ្រា​មហន្តរាយ​ និង​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ ទាហាន​អាមេរិកាំង​ដែល​រងរបួស​ទាំង​បួន​នាក់​នេះ​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​ល្អ​ផ្នែក​មនុស្ស​ធម៌​នៅ​កម្ពុជា។​

«កិច្ចការ​របស់​ទាហាន​ទាំង​នេះ​ និង​អ្នក​ដែល​ហ៊ាន​លះបង់ដូចពួកគេ​រាល់​គ្នានេះដែល​មាន​ឆន្ទះ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ដ៏លំបាក​និង​គ្រោះថ្នាក់​នៅ​កន្លែង​ដ៏សែន​ឆ្ងាយ​ពី​ផ្ទះ​ដូចនេះ​ហើយ​ដែល​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​មនុស្ស​ទូទាំង​ពិភព​លោក»។

ទាហានសហ​រដ្ឋ​អាមេរិក​ទាំង​បួន​នាក់​ជា​អ្នក​ជំនាញ​ផ្នែក​ដោះមីន​ និង​យុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ​ ដែល​ទើប​មក​ពីកោះ​អូគីណាវ៉ា​របស់​ប្រទេស​ជប៉ុន​រួច​ហើយ​មក​ប្រទេស​កម្ពុជា​ដើម្បីជួយ​បង្រៀន​ដល់​កង​កម្លាំង​ដោះមីន​នៅ​កម្ពុជា៕