សាលារៀន​បិទទ្វារ​មុន​ពេល​វិស្សមកាល​ដោយ​ខ្លាច​មេរោគ​EV 71

ការភ័យខ្លាច​អំពី​ការឆ្លង រីក​រាល​ដាល​នៃ​ជំងឺ​ដែល​បង្កឡើង​ដោយ​មេរោគ ​EV 71 បាន​នាំ​ដល់​ការ​បិទទ្វាសាលារៀន​មុន​វិស្សមកាល​មកដល់។

មតេ្តយ្យ​សិក្សា​និង​សាលា​បឋម​សិក្សា​ទាំង​ឯកជន​និង​រដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បិទ​ទ្វារ ​ចាប់​ពី​ថ្ងៃ​ពុធ​ទី​១៨ ​ខែ​កក្កដា ​ដោយ​មុន​កាល​កំណត់​មូលហេតុ ​ដោយសារ​មាន​ការភ័យខ្លាច​អំពី​ការឆ្លង រីក​រាល​ដាល​នៃ​ជំងឺ​ដែល​បង្កឡើង​ដោយ​មេរោគ ​EV 71។
ការបិទ​ទ្វារ​នេះ​ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ក្រសួងអប់រំ​ យុវជន ​និង​កីឡា​ធ្វើឡើង​នៅ ​មុន​ ២​សប្តាហ៍​នៃ​ការចាប់ផ្តើម​មហា​វិស្សមកាល​មក​ដល់​ដែល​ជា​ការឈប់សម្រាក​ជាផ្លូវការ​របស់​សិស្សា​នុ​សិស្ស។

លោក ម៉ក់ វ៉ាន់ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​បានឲ្យ​ដឹង​ថា ​ដើម្បី ​ជួយ​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ការឆ្លង​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​ Enterovirus 71 ( EV 71 )
ក្រសួង​សម្រេច​ឲ្យ​មាន​ការផ្អាក​មុន​កាល​កំណត់​នៃ​វិស្សមកាល​មក​ដល់។

«វា​មានការព្រួយ​បារម្ភ​ពី​ឪពុកម្តាយ ​អាណា​ព្យាបាល ​យើង​យល់​ថា ​កង្វល់​របស់​គាត់ ​គួរតែ​យក​មក​គិត​ដែរ​ហើយ​គឺ​ជា​រឿង​ដែល​ទប់ស្តាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ​ទេ។ បញ្ហា​នេះ​វា ឆ្លងរាលដាល​ទៅ​លើ​ក្មេង​ៗ ដទៃទៀត​យើង​យល់​ថា​គួរតែយក​មក​គិតគូរ​ដើម្បី​ជៀសវាង​កុំឲ្យ​វា​មាន​បញ្ហា​ធំដុំ អញ្ចឹង​បានជាយើង​ឲ្យ​ឈប់​ផ្អាក​សាលាឯកជន ក៏​យើង​សុំ​ឲ្យ​ឈប់​ដែរ»។

ជំងឺ​ពងបែក​នៅ​ដៃ​ជើង ​និង​ក្នុង​មាត់ ​គឺជា​ជំងឺឆ្លង​ដែល​កើត​ចំពោះ​ទារក ​និង​កុមារ។ រោគ ​សញ្ញា​ដំបូង​នៃ​ជំងឺ​ពងបែក​ដៃ​ជើង ​និង​ក្នុង​មាត់ ​ជាទូទៅ​ចាប់​ផ្តើម​ឡើង​ដោយ​មាន​ក្តៅ​ខ្លួន ​ការ​ហូបចុក​ថយចុះ អស់​កម្លាំង ​និង​ឈឺ​បំពង់​ក។ ស្បែក​មាន​រមាស់​ចាប់ផ្តើម​ចេញ​ក្នុង​អំឡុង​ពេល​ ១​ទៅ ២​ថ្ងៃ ​ដោយ​មាន​ស្នាម​ចំណុច​ក្រហម​អុច​ៗ ​និង​ខ្លះ​មាន​ពងបែក ​នៅ​លើ​បាតដៃ ​បាត​ជើង ​និង​ពេល​ខ្លះ​លើ​គូទ​ ឬ​អវៈយវៈភេទ។

យោងតាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ​និង​អង្គការ​សុខភាព​ពិភពលោក ​បានឲ្យ​ដឹង​ថា​រយៈពេល​ជាង​ ៦​ខែ​ដើម​ឆ្នាំ​នេះ​ រក​ឃើញ​អ្នក​ជំងឺ​សរុប​ចំនួន​៧៨​ករណី​ក្នុង​នោះ​យ៉ាងហោចណាស់​៥៤​នាក់​បាន​ស្លាប់។ ដែល​ភាគច្រើន​នៃ​អ្នក​ជំងឺ​មាន​អាយុតិច​ជាង​៣​ឆ្នាំ ហើយ​មាន​ជំងឺ​រ៉ាំរ៉ៃ ​និង​កង្វះ​អាហា​រូបត្ថម្ភ។

ក្នុង​ចំណោម​កុមារ​មួយ​ចំនួន​តូច ​ជំងឺ​នេះ​អាចបង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មាន​រោគ​សញ្ញា​ដូចជា ពិបាក​ដក​ដង្ហើម ​សន្លឹម ​ទន់អវៈយវៈ ​និង​ប្រកាច់។ ហើយ​ឪពុក​ម្តាយ​ត្រូវ​ស្វែងរក​ការព្យាបាល​ជា​បន្ទាន់ ​នៅពេល​គាត់​ឃើញ​រោគសញ្ញា​ទាំងអស់​នេះ​នៅ​លើ​កូន​របស់​ពួក​គាត់។

មេរោគ​ EV71​បានកំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ជាពិសេស​អ្នក​ដែល​មាន​កូន​តូច​ៗ ព្រួយ បារម្ភ​ជា​ខ្លាំង​ចំពោះ​ជំងឺ​នេះ​រហូត​ដល់​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​នៅ​ពេល​នេះ​មិន​អនុញ្ញាត​ឲ្យ​កូន ចេញ​ក្រៅ​ផ្ទះ​នោះទេ​ដូច​ជា មិន​ឲ្យ​កូន​ទៅ​រៀន ទៅ​កន្លែង​កំសាន្ត​នានា ឬ​លេង​ជាមួយ​ក្មេង ​ដទៃទៀត​ក្រៅ​ពី​សមាជិក​នៅ​ក្នុង​ផ្ទះ។

លោក ប៉ែន ចំរើន ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ​ដែល​មាន​កូន​ចំនួន​ពីរ​នាក់​គឺ​មាន​ អាយុ​៣​ឆ្នាំ​ម្នាក់​ និង​៦​ឆ្នាំ​ម្នាក់ បានគ្រាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រសួង​អប់រំ​ដោយ​លោក​បានឲ្យ​ដឹង​ថា​សុខភាព​គឺ​ជា​រឿង​សំខាន់​ហើយ​ការឈប់​សម្រាក​មួយ​រយៈ​នេះ​វា​មិន​បង្ក​ឲ្យ​ប៉ះពាល់​អ្វី ខ្លាំងក្លា​ដល់​ការសិក្សា​នោះ​ទេ ។

«សូម្បី​តែ​សាលា​មិន​ឱ្យ​ផ្អាក​ក៏​យើង​ត្រូវ​សុំ​សាលា​ដែរ​។ពីព្រោះ​កាលណា​រាតត្បាត​ទៅ​វា​អត់​មាន​អី​ការពារ ​អត់​មាន​អី​ព្យាបាល ​អញ្ចឹង​យើង​គួរ​ការពារ​វា​តាមរយៈ ​ការ​ផ្អាក​នេះ​ដើម្បី កុំឱ្យ​វា​រាតត្បាត​ខ្លាំង»។

លោក ខ្លូត កើន ជា​នាយក​សាលាឯកជន​ញូតុនធីឡាយ​នៃ​សាខា​ព្រះយុគន្ធ​បានឲ្យ​ដឹង​ថា សាលា​របស់​លោក​គ្រប់​សាខា​ទាំងអស់​នឹង​ត្រូវ​ឈប់សម្រាក​ចាប់​ពី​ថ្ងៃ​ទី​១៨ ​ទៅ​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​សម្រាប់​ថ្នាក់​មតេ្តយ្យ ​និង​បឋម​សិក្សា។

«ខ្ញុំ​គិត​ថា​បញ្ហា​ដែរគេ​ឲ្យ​ឈប់​នេះ វា​ជា​ការទប់ស្តាត់​មួយ​ល្អ​ដែរ។ ល្អ​សម្រាប់​ក្មេង​ៗ ដែល​គាត់​អាច​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ដែលគាត់​នៅ​នោះ គឺ​វា​អាច​ប្រសើរ​សម្រាប់​គាត់​ក្នុង​ការជៀសវាងជំងឺ​នេះ​ដែរ»។
លោក លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល មិន​ធ្វើ អត្ថាធិប្បាយ​ទៅ​លើ​បទបញ្ជា​របស់​ក្រសួងអប់រំ​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​បន្តថា​ស្ថានភាព​ជំងឺ EV71​នៅ​ពេល​នេះ​ស្ថិត​ក្រោម​ការតាមដាន​ និង ​ប្រមូល​ទិន្ន័យ​ទូទាំង​ប្រទេស​នៅ​ឡើយ៕