ការបង្ក្រាប​លើ​អ្នក​តវ៉ា​បន្ថែម​ទៀត វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា

រូបឯកសារ៖ លោក មួង​ សុភ័ក្ត្រ តំណាង​អ្នកតវ៉ា​មួយរូប​ ពាក់អាវយឺត​ពណ៌​ក្រហម​ ប្រឈម​នឹង​ប្រជាការពារ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​​ក្នុងខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​​

ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ក្នុងនោះ​ចុង​ក្រោយ​នេះ ​មាន​ការ​ចាប់​ខ្លួន​លោក ​មួង សុភ័ក្ត្រ ​កាល​ពី​សប្តាហ៍​មុន។​

នាវេលា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ​លោក​ មួង សូនី​ មាន​ការ​សង្ស័យ​ ដោយ​សារ​ប្អូន​ប្រុស​បង្កើត​របស់​លោក ​គឺ​លោក​ មួង សុភ័ក្ត្រ ​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ទូរស័ព្ទ​ក៏​ទាក់​ទង​មិន​បាន​ សារ​ឆ្លើយ​ឆ្លង​ ក៏​គ្មាន​ការ​ឆ្លើយ​តប។ ​បន្តិច​ក្រោយ​មក ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​បាន​ប្រាប់​ថា​ លោក​ សុភ័ក្ត្រ ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន។​

លោក ​មួង សុភ័ក្ត្រ ​ដែល​ជា​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វ័ន្ត​ខ្មែរ​ ត្រូវ​បាន​គេ​ឃើញ​ពាក់​អាវ​ក្រហម​ ឈរ​នៅ​ខាង​មុខ​គេ ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ ដើរ​ក្បួន​ធ្វើ​បាតុកម្ម​ពី​ទីលាន​ប្រជា​ធិបតេយ្យ​មក​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដើម្បី​ដាក់​ញត្តិ​ស្នើ​ឱ្យ​មាន​អន្តរាគមន៍​ដោះលែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។​

ការ​ចាប់​ខ្លួន​លោក ​មួង សុភ័ក្ត្រ​ បាន​បន្ថែម​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ដំណាច់​ខែ​កក្កដា​មក​ដល់​ចំនួន​២៤​នាក់។ នេះ​បើ​យោង​តាម ​ការិយាល័យ​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ។ ​ក្នុង​នោះ​មាន​១២​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់» ​និង​តម្រូវ​ឱ្យ​ជាប់ឃុំ ​រង់ចាំ​ការ​ជំនុំ​ជម្រះ​ទោស។

ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ​ កើត​មាន​ឡើង​នៅ​ស្រប​ពេល​គ្នា ​នឹង​ការ​ចាត់​ចូល​ជាធរមាន​នៃ​វិធាន​ការ​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ ដោយ​ដក​ហូត​២០%​នៃ​ការ​អនុគ្រោះ​ពន្ធ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ក្រោម​ក្របខណ្ឌ​«គ្រប់​មុខ​ទំនិញ​ លើក​លែង​តែ​អាវុធ ​ឬ ​EBA»។ ការ​ចាត់​វិធានការ​នេះ​ក៏​ដោយ​សារ​តែ​សហភាព​អឺរ៉ុប​បាន​វាយ​តម្លៃ​អំពី​ការ​«រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​លើ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង​ស្រុង​១២៥​កៅអី​នៅ​រដ្ឋសភា​ ក្រោយ​អវត្តមាន​បក្ស​ជំទាស់​ធំបំ​ផុត​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា ​វិធានការ​មិន​ស្រក​ស្រុត​ក្នុង​ការ​បង្ក្រាប​ចាប់​ចង​បាតុករ​ និង​អ្នក​ជំទាស់​នេះ ​អាច​ជា​ការ​វាស់​វែង​អំពី​ឥទ្ធិពល​នយោបាយ ​និង​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​ នៅ​ប្រទេស​កម្ពុជា​ទាំង​មូល ​និង​នៅ​លើ​ដំណើរ​ការ​អនាគត​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា។​

រូបឯកសារ៖ អ្នកតវ៉ា​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)

អ្វីៗ​ចាប់​ផ្ដើម​ពីការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន ​មេ​ដឹកនាំ​សហជីព​ល្បី​ឈ្មោះ​មួយ​រូប ​នៅ​ដំណាច់​ខែ​កក្កដា ​ទាក់ទង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​ប្រធាន​រឿង​បោះ​បង្គោល​កំណត់​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា-វៀតណាម។​

អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​តស៊ូ​មតិ​ដែល​ចេញ​មុខ​ចេញ​មាត់​អំពាវនាវ​ជា​ច្រើន​លើក​ច្រើនសារ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ របស់​កម្ពុជា។​

ថ្មីៗ​នេះ ​ខណៈ​ដែល​ឧស្សាហ​កម្ម​កាត់ដេរ​ ដែល​ទទួល​ប្រយោជន៍​ច្រើន​ជាង​គេ​ពី ​EBA ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹង​នរ​មកពី​វិបត្តិ​រោគ​រាត​ត្បាត​កូវីដ១៩​ផង​ និង​នៅ​ចំ​ពី​មុខភាព​មិន​ច្បាស់​លាស់​នៃ​ EBA ​របស់​កម្ពុជា​ផង ​នោះ​ ​ លោក រ៉ុង ឈុន​ ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​តែង​លេច​មុខ​នៅ​ពេល​មាន​ការ​តវ៉ា​ទាមទារ​របស់​កម្មករ​តាម​រោងចក្រ​ដែល​បិទ។​

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​អត្រា​៥,៥% ​សម្រាប់​ឆ្នាំ​២០២០​នេះ ​ហើយ​វិស័យ​កាត់ដេរ​ក៏​រង​ផល​ប៉ះ​ពាល់ ដោយ​មាន​រោងចក្រ​សហគ្រាស​បិទ​ទ្វារ​ប៉ះពាល់​កម្មករ​រាប់​សែន​នាក់។ ​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​គេ​ពិបាក​ក្នុង​ការ​ញែក​បែង​ចែក​ថា​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​កូវីដ១៩​ ប៉ុនណា​ និង​ពី​ការ​ដក​ EBA​ប៉ុន​ណា។​

អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ ដែល​ជា​សហការី​ជិត​ស្និទ្ធ​នឹង​លោក​ រ៉ុង ឈុន​បាន​ឲ្យ​ដឹង​ថា ​ការចាប់​ខ្លួន​រួប​លោក​ បាន​នាំឱ្យ​កម្មករ​ដែល​រងគ្រោះ​ពី​ការ​បិទទ្វារ​រោងចក្រ​បាត់បង់​លំនឹង​ខ្វះ​អ្នក​នាំ​មុខ​តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍។​

«តាម​ពិត​ទៅ​ អ្វី​ដែល​ចាប់​លោក ​រ៉ុង ឈុន​ យើង​ឃើញ​ហើយ ​លោក ​រ៉ុង ឈុន​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់ ​ដែល​ជួយ​ឈរ​កណ្ដាល​ភ្លៀង ​ក្ដៅ ​រងារ ​ញាក់​ញ័រ​ជាមួយ​កម្មករ​ ហូប​បាយ​កញ្ចប់​ជាមួយ​កម្មករ»។​

អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ ក៏​បាន​បន្ថែម​ដែរ​ថា​ ការ​ចាប់​លោក ​រ៉ុង ឈុន​ ដែល​អ្នកស្រី​បរិយាយ​ថា​ ជា​តួអង្គ​សាធារណៈ​ដែល​មាន​«គីឡូធ្ងន់»​ បាន​នាំ​ឱ្យ​ខ្សោយ​កម្លាំង​តវ៉ា​របស់​កម្មករ ​កម្មការិនី​រោងចក្រ​កាត់ដែរ ​និង​បង្កើន​ការ​ភ័យ​ខ្លាច។​

«ចា៎ ​នេះ​ជា​ការ​បន្ថយ ​ប៉ុន្តែ​ក៏​បន្ថែម​កម្ដៅ​ដល់​កម្មករ​ ដល់​ប្រជា​ពលរដ្ឋ​ ដល់​គ្រូ​បង្រៀន​ដែរ​ចា៎»។​

ការ​បង្ក្រាប​ចាប់​ចង​នេះ​ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​ អ.ស.ប.​ នៅ​ទីក្រុង​ហ្សឺណែវ​ ដែល​បាន​បរិយាយ​ថា ការ​អត់ធ្មត់​ និង​ការ​អត់ឱន​របស់​រដ្ឋាភិបាល​ភ្នំពេញ​ មាន​កាន់​តែ​ស្ដួច​ស្ដើង​ឡើង​សម្រាប់​«អ្នក​ដែល​មាន​មតិផ្ទុយ»។ ​

ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អម្បាល​ម៉ាន ​ស្ថាប័ន​ដដែល​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជា​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ។ ​ តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​បាន​ណែនាំ​ឱ្យ​ការិយាល័យ​អ.ស.ប.​មួយ​នេះ ​សិក្សា​លើ​អង្គ​ហេតុ​ម្នាក់ៗ​ឱ្យ​បាន​ច្បាស់។​

ការិយាល័យ​ឧត្ដមស្នង​ការ​សិទ្ធិ​មនុស្ស​ អ.ស.ប.​ ក៏​បាន​សម្គាល់​ផង​ដែរ​ថា ​បណ្ដា​អង្គការ​សមាគម​ដែល​ត្រូវ​បាន​ចាត់​ជា​គោល​ដៅ​នៃ​ការ​អនុវត្ត​ច្បាប់​សុទ្ធ​សឹង​តែ​ជា​អង្គការ​សិទ្ធិ​មនុស្ស​ អ្នក​ការពារ​បរិស្ថាន ​និង​អ្នក​តស៊ូ​មតិ។​

រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

សមាស​ភាព​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មាន​មក​ពី​បី​ស្ថាប័ន​ចម្បងៗ ​រួម​មាន​ ក្រុមខ្មែរ​ថាវរៈ ​ ក្រុម​មាតា​ធម្មជាតិ ​និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​សប្ដាហ៍​មុន​ ​ក្រសួង​មហាផ្ទៃ ​បាន​យោង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ និង​បាន​ចាត់​ថា​ ក្រុម​ខ្មែរ​ថាវរៈ ​និង​ក្រុម​មាតា​ធម្មជាតិ​ជា​ក្រុម​«ខុសច្បាប់»​ ដែល​ត្រូវ​«ចាត់ការ» ​តាម​ផ្លូវ​ច្បាប់ ​និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ពាក់ព័ន្ធ​នឹង​ក្រុម​យុវជន​ទាំងពីរ​ខាង​លើ។​

ក្រៅ​ពី​ការ​បង្ក្រាប​ចាប់ចង​ ក៏​មាន​របាយ​ការណ៍​អំពី​ការ​ចុះ​ពិនិត្យ​របស់​នគរបាល​ ទៅ​លើ​បណ្ដា​អង្គការ​សមាគម​ដែលធ្វើការ​លើ​រឿង​រសើបៗ​នានា​ផង​ដែរ។​

លោក ​អ៊ុល វ៉ាន់ ​ប្រធាន​បណ្ដាញ​យុវជនកម្ពុជា ​(CYN) ​បាន​លើក​ឡើង​ថា ស្ថាប័ន​របស់​លោក​ដែល​ធ្វើការ​លើ​ការ​តស៊ូ​មតិ​របស់​យុវជន​លើ​កិច្ចការ​សង្គម ​នយោបាយ ​និង​បរិស្ថាន ​បាន​ទទួល​លិខិត​មិន​ធ្លាប់​មាន​ពី​មុន​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យថា​ សមត្ថកិច្ច​នគរ​បាល ​នឹង​ចុះ​ទៅ​សាកសួរ​ស្រង់​ស្ថិតិ ​ជីវប្រវត្តិ ​បុគ្គលិក​ ថ្នាក់​ដឹកនាំ​អង្គ​ការ​នេះ។​

«អ៊ីចឹង ​សម្រាប់​ខ្ញុំ​ ​ខ្ញុំមើល​ឃើញ​ថា​ លិខិត​នេះ ​ហាក់បី​ដូច​ជា​ព្យាយាម​ ការ​តាមដាន ​ហើយ​ក៏​ដូចជា​ជ្រៀត​ជ្រែក​មក​លើ​កិច្ចការ​សមាគម ​ក៏ដូច​ជា​សហព័ន្ធ​របស់​យើង​ដែល​ធ្វើការ​រឿង​សិទ្ធិ​រឿង​តស៊ូ​មតិ ​និង​រឿង​បរិស្ថាន​អី​ជាដើម​នេះ»។​

បើ​យោង​តាម​លោក ​អ៊ុល វ៉ាន់​ លំហ​សម្រាប់​ធ្វើ​កិច្ច​ការងារ​សង្គម​ស៊ីវិល​ដែល​នៅ​ចំ​កណ្ដាល​នៃ​ការ​បង្ក្រាប​នេះ​ប្រឈម​«និន្នាការ​គួរ​ឱ្យ​ព្រួយ​បារម្ភ» ​ស្ថិត​ក្រោម​ការ​«រឹតត្បិត​កាន់​តែ​ខ្លាំង​ឡើង»។​

ព្រម​ពេល​ជាមួយ​នឹង​ការ​ចាប់​ចង​ និង​ការ​តាមដាន​ដែល​កើត​មាន​គ្រា​ដែល​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ដោយ​ផ្នែក​នេះ​ ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ក៏​ត្រូវ​បាន​កាសែត ​The Khmer Times ​ស្រង់​សម្ដី​ដែល​និយាយ​អំពី​ករណី​ដក​EBA​ដោយ​ផ្នែក​នេះ​ និង​វាសនា​នៃ​សវនាការ​សំណុំ​រឿង​ក្ដី​លោក​ កឹម សុខា ​មេបក្ស​ជំទាស់​ផង​ដែរ។

បើ​យោង​តាម​កាសែត ​Khmer Times​ លោក​ ហ៊ុន សែន​ បាន​ប្រាប់​អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៤​ ខែ​កញ្ញា​ថា ​សំណុំ​រឿង​ដែល​អូសបន្លាយ​របស់​លោក​ កឹម សុខា​អាច​នឹង​ត្រូវ​ផ្អាក​ ឬ ​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២៤​ ហើយ​ថា​ ​លោក ​កឹម សុខា​ កំពុង​ខ្លាចក្រែង​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ​ដោយសារ​តែ EU​ បាន​កាត់ ​EBA ​អស់​២០%។

លោកស្រី ​Cindy Cao ​អ្នក​ស្រាវជ្រាវ​កិច្ចការ​ទំនាក់​ទំនង​កម្ពុជា​អឺរ៉ុប​នៅ​វិទ្យាស្ថាន​អឺរ៉ុប​ ដើម្បី​ការ​សិក្សា​កិច្ចការ​អាស៊ី​នៅ​ទីក្រុង​ប្រុចសែល​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង​«ការ​រឹង​តឹង​យ៉ាង​ជាប់​លាប់» ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​សហភាព​អឺរ៉ុប​លើ​សំណុំ​រឿង​សិទ្ធិ​មនុស្ស។ ​

លោកស្រី​បាន​លើក​ឡើង​ថា៖ ​«គេ​អាច​និយាយ​បាន​ថា​ រដ្ឋាភិបាល​បន្ត​គាប​សង្កត់ ​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ​ដោយមិន​ញញើត​ញញើម​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​នោះ​ឡើយ»។​

នៅ​ក្នុង​សារ​អ៊ីម៉ែល​មួយ​ដែល​ផ្ញើ​មក​ VOA ​ សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពីដក ​EBA​ អស់​២០%​មក ​មិន​ទាន់​ឃើញ​មាន ​«ទឡ្ហីករណ៍​ណាមួយ​បង្ហាញ​ពី​ការ​ប្រសើរ»​ អំពី​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នៅ​ឡើយ។​

លោកស្រី ​Nabila Massrali ​អ្នក​នាំពាក្យ​លើ​កិច្ចការ​បរទេស​របស់ ​EU ​បាន​ប្រាប់​ VOA​ថា ​អឺរ៉ុប​នៅតែ​បន្ត​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ បើក​សេរីភាព​លំហ​ធ្វើ​នយោបាយ ​សម្ដែង​មតិ​ និង​សង្គម​ស៊ីវិល។​

«សហភាព​អឺរ៉ុប​មាន​ក្ដី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ចំពោះ​មុខ​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នូវ​លំហ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​[កម្ពុជា]»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា ​ការ​សម្រេច​ចាត់​វិធាន​ការ​របស់​រដ្ឋាភិបាល​មិន​មាន​អ្វី​ទាក់​ទង​នឹង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ឡើយ។​

«កម្ពុជា​ឱ្យ​អាទិភាព​ទៅ​លើ​សន្ដិភាព​ និង​មិន​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​ក្រ​ មិន​ដូច​សហភាព​អឺរ៉ុប​ទេ​ ដូចជា​ការ​ចាប់​ខ្លួន​ ការ​បង្ក្រាប​ គឺ​ធ្វើ​យ៉ាង​ដូច​ម្ដេច ​ឱ្យ​មាន​បរិយាកាស​សម្រាប់​ការ​រស់​នៅ​ក្នុង​ភាព​ក្សេម​ក្សាន្ត»។​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​ ខ្លួន​បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​១១៧៦​លាន​ដុល្លារ​សម្រាប់​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​កាត់​ EBA​ ផង ​និង​ពី​វិបត្តិ​កូវីដ១៩​ផង។

លោក ​វង្សី វិស្សុទ្ធ ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​ឱ្យ​ដឹង​កាល​ពី​ខែ​កក្កដា​ថា​ ការ​កាត់ ​EBA​ អស់​២០%​ អាច​នឹង​ប៉ះ​ពាល់​ការងារ​កម្មករ​ជាង​បី​ម៉ឺន​នាក់ ​ហើយ​ថា ​រដ្ឋាភិបាល ​មិនមែន​មិន​បារម្ភ​ទេ​ តែ​ក៏​មិន​បារម្ភ​ពេក​នោះ​ដែរ។

«ទោះ​ជា​២០​ភាគ​រយ​៣០​ភាគរយ​ ៥០​ភាគរយ​១០០​ភាគ​រយ​ ឬ​ក៏​សូន្យ​ភាគ​រយ​យើង​បាន​ត្រៀម​ហើយៗ»។​

ម៉្លោះ​ហើយ​ ការ​កាត់ ​EBA ​អស់​២០% ​នៅ​ចំ​កណ្ដាល​នៃ​វិបត្តិ​កូវីដ១៩​នេះ ​ពិបាក​ក្នុង​ការ​មើល​ឃើញ​នូវ​លទ្ធផល​នយោបាយ ​និង​សេដ្ឋកិច្ច​ជាក់​ស្ដែង​នឹង​ភ្នែក​ទទេ​ណាស់​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រឹង​មាត់​ជាមួយ​សហភាព​អឺរ៉ុប​និង​រឹង​ដៃ​ជាមួយ​អ្នក​ជំទាស់។​

អ៊ីចឹង​ហើយ​ថា​ តើ​អ្វី​ជា​ជំហាន​បន្ទាប់​របស់​សហភាព​អឺរ៉ុប?​ ឬ​អាច​នឹង​មាន​ការ​ពិចារណា​អ្វី​បន្ត​ទៀត?​ អ្នកស្រី​ Nabila ​Massrali ​បាន​លើក​ឡើង​ថា៖​ ​

«ស្ថាប័ន​មុខងារ​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​របស់​អឺរ៉ុប ​និង​គណៈ​កម្មការ​អឺរ៉ុប​រក្សា​សិទ្ធិ​ក្នុង​ការ​ដាក់​ស្នើ​[វិធាន​ការ]​ផ្សេង​ទៀត​នានា ​បើ​សិន​ជា​ចាំ​បាច់»។​

លោកស្រី ​Cindy Cao ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អឺរ៉ុប​ដើម្បី​ការ​សិក្សា​កិច្ចការ​អាស៊ី ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​សុខ​ចិត្តបង់​តម្លៃ​សេដ្ឋកិច្ច​បណ្ដាល​ពី​ការ​បាត់បង់ ​EBA​ ជា​ជាង​ធ្វើ​សម្បទាន​នយោបាយ​ណា​មួយ។​

«ការ​សិក្សា​ជាច្រើន​បាន​គូស​បង្ហាញ​ថា រដ្ឋ​ដែល​កាន់​ចរិត​អភិបាលកិច្ច​តាម​បែប​អាជ្ញា​និយម​ នឹង​សុខ​ចិត្ត​ជ្រើស​យក​ជម្រើស​ដែល​ត្រូវបង់​តម្លៃ​សេដ្ឋកិច្ច​ជាជាង​យក​ជម្រើស​នយោបាយ​ដែល​បង្ក​គ្រោះភ័យ​ដល់​ការ​រស់​រាន​របស់​របប»។​

ក្នុង​ចំណោម​ការ​ទាមទារ​របស់​ EU ​ក៏​មាន​ផង​ដែរ​ការ​បើក​ទូលាយ​លំហ ​សម្រាប់​បក្ស​ជំទាស់​ពិត​ប្រាកដ ​និង​សង្គម​ស៊ីវិល។

រូបឯកសារ៖ លោកនាយឧត្តម​សេនីយ៍ គន់ គីម (ឆ្វេង) ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងឧកញ៉ា ទ្រី ភាព (ស្តាំ)។ (អូន ឆេងប៉រ/VOA និង Courtesy photo: Globalwitness.org)

EU ​ខ្លួន​ឯង​ក៏​កំពុង​ពិនិត្យ​តាក់តែង​ច្បាប់​សម្រាប់​តំបន់​ទាំង​មូល​ ក្នុង​ការ​បើក​លទ្ធភាព​ឱ្យ​ប្លុក​ដែល​មាន​២៧​ប្រទេស​នេះ ​អាច​ដាក់​ទណ្ឌកម្ម​តម្រង់​គោលដៅ​ដោយ​ផ្ទាល់​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ស្រដៀង​គ្នា​នឹង​ច្បាប់​Global Magnitsky ​ដែល​អាមេរិក​កំពុង​អនុវត្ត ​និង​ជាក់​ស្ដែង​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​របស់​កម្ពុជា ​គឺ​លោក​ ហ៊ីង ប៊ុនហៀង ​និង​លោក ​គន់ គីម​ ដែល​សុទ្ធ​សឹង​ជា​បណ្ដា​ឧត្ដម​សេនីយ៍​ជំនិត​របស់​លោក​ ហ៊ុន សែន។​

លោកស្រី ​Cindy Cao ​បាន​លើក​ឡើង​ថា បើមើល​លើ​ផ្លូវ​សីលធម៌​ការ​ដាក់​ទណ្ឌកម្ម​តម្រង់​គោលដៅ​ដោយ​ផ្ទាល់​លើ​បុគ្គល ​(Targeted Sanction)​ ជា​ជម្រើស​ប្រសើរ​ជាង​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ហើយ​ពលរដ្ឋ​ទូទៅ​រង​ផល​ប៉ះពាល់​តិច​ជាង ​ហើយ​ទំនង​ជា​មាន​ប្រសិទ្ធភាព​ជាង​ផង។​

លោក​ ផៃ ស៊ីផាន ​លើក​ឡើង​ថា​ទោះ​សហភាព​អឺរ៉ុប​ធ្វើ​អ្វី​ក៏ដោយ​ ​ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​ចុះញ៉ម​នោះ​ដែរ។​

«អាស្រ័យ​ហេតុ​ដូច្នេះ​ នេះ​ជា​ជម្រើស​របស់​កម្ពុជា​ ដែល​យើង​តែង​តែ​និយាយ ​ យើង​អត់​លុត​ជង្គង់​ជាមួយ​នឹង​ការ​ជួយ​ណា​មួយ​ដែល​បំផ្លាញ​នូវ​ឯករាជ្យ​ បំផ្លាញ​នូវ​អធិប​តេយ្យភាព​របស់​កម្ពុជា​ទេ។ ​នេះ​ជា​ជំហរ​របស់​កម្ពុជា»។​

លោក​ ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា​ ការ​បង្ក្រាប​នឹង​នៅតែ​បន្ត​បើសិន​ជា​នៅ​តែ​មាន​ការ​ប៉ុនប៉ង​«ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​«អង្គការ​ចាត់តាំង​ច្បាស់លាស់» ​និង​មាន​«ភ្នាក់ងារ​បរទេស»​នៅ​ពីក្រោយ​ខ្នង។​

លោក ​មួង សូនី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ដ​ខ្មែរ ​បាន​លើក​ឡើង​ឆ្លើយតប​ថា៖​

«ថ្វី​ដ្បិត​មាន​បទ​ចោទ​ថាបង្កភាព​វឹកវរ​ក្នុង​សង្គម​ ដូច​មិន​យល់​ដែរ ។​បង្ក​ការ​វឹកវរ​បែប​ណា​ទៅ​បង?​ ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ​គ្មាន​អ្វី​ទាំង​អស់​មាន​តែ​ទង់ជាតិ​ ទៅ​ធ្វើ​ការ​តវ៉ា​ ដាក់​ញត្តិ ​ មាន​អាវុធ​អ្វី​មក​ពីណា?​មនុស្ស​ស្លូត​ត្រង់​ អាជ្ញាធរ​វាយ​តែ​រហូត ​រួច​ឱ្យ​វឹកវរ​អី​គាត់»។​

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ លោក ​មួង សូនី ​ឱ្យ​ដឹង​ថា ​ លោក​និង​ម្ដាយ​ នៅ​តែ​ព្យាយាម​ស្វះស្វែង​រក​ដំណឹង​អំពី​សុខ​ទុក្ខ​ប្អូន​ប្រុស​របស់​លោក​ដែល​កំពុង​ត្រូវ​បាន​ដាក់​នៅ​ដោយ​ឡែក​ក្នុង​ពន្ធនាគារ​ព្រៃ​ស៕