វ៉ាស៊ីនតោន៖ ក្រុមសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ឲ្យពលករខ្មែរ ចំណាកស្រុកនៅប្រទេសថៃមានសិទ្ធិធ្វើការបន្ត ហើយគេចផុតពីការបណ្តេញ ដោយសារតែគ្មានឯកសារផ្លូវការ។
ប្រទេសថៃព្រមានថា នឹងបញ្ជូនពលករខុសច្បាប់មកពីប្រទេសផ្សេងៗជាង១លាន៥សែននាក់ចេញពីប្រទេសខ្លួន ដែលក្នុងនោះមានពលករខ្មែរជាង១៦ម៉ឺននាក់។ ក៏ប៉ុន្តែក្រុមមន្ត្រីសង្គមស៊ីវិលបានទទូចថា ពលករទាំងនោះសមនឹងទទួលបានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជានិងការសម្របសម្រួលពីរដ្ឋាភិបាលថៃក្នុងការរកដំណោះស្រាយឲ្យពួកគេមានសិទ្ធិធ្វើកិច្ចការបន្ត។
ក្រុមសង្គមស៊ីវិលចង់ឃើញថា រដ្ឋាភិបាលកម្ពុជាធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃ អន្តរាគមន៍ដល់ប្រទេសថៃឲ្យអនុញ្ញាតឲ្យពួកគេបន្តកិច្ចការ បំពេញបែបបទក្នុងពេលស្នាក់នៅ ធ្វើការក្នុងប្រទេសថៃ ហើយត្រូវតែគ្មានអំពើពុករលួយ និងទារកម្រៃផ្សេងៗ ជួយអន្តរាគមន៍ដល់ថៅកែ ឬនិយោជកឲ្យផ្តល់សេរីភាពកម្មករ និងពលករខ្មែរ ហើយគ្មានការជិះជាន់ជាដើម។
លោកមាស សាណែត មន្ត្រីកម្មវិធីនៃអង្គការខារ៉ាម ដែលធ្វើកិច្ចការទាក់ទងនឹងកម្មករពលករចំណាកស្រុក បានអះអាងថា ការបញ្ជូនពលករខ្មែរ១៦ម៉ឺននាក់មកកម្ពុជាវិញនឹងធ្វើឲ្យខ្វះកម្លាំងពលកម្ម ហើយប៉ះពាល់ដល់សេដ្ឋកិច្ចថៃនិងប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងពលករកម្ពុជាដែរ។
«អញ្ចឹងយើងគិតថា នឹងមាននីតិវិធីថ្មី ធ្វើម៉េចឲ្យពួកគាត់អាចពន្យារ ឬក៏ធ្វើនីតិវិធីយ៉ាងណាដើម្បីឲ្យគាត់អាចបន្តការងារនៅប្រទេសទទួលហ្នឹងបាន»។
លោកថ្លែងថាថៅកែ ឬនិយោជកដើរតួនាទីសំខាន់ក្នុងការចុះបញ្ជី ឬការធ្វើ ឯកសារស្របច្បាប់ផ្សេងៗ បើពុំដូច្នោះទេ នឹងមិនអាចកើតបានទេ។
«ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថា រាល់នីតិវិធីទាំងអស់ បានន័យថា រាល់ពលករទាំងអស់ មុននឹងចេញទៅធ្វើការនៅក្រៅប្រទេសហ្នឹង គឺខ្ញុំគិតថា គាត់គួរទៅតាមរយៈក្រុមហ៊ុនដែលស្របច្បាប់ មានការទទួលស្គាល់ដោយរាជរដ្ឋាភិបាល។ អញ្ចឹងនៅពេលដែលគាត់ទៅដល់ប្រទេសទទួលហ្នឹង គាត់មានសិទ្ធិ បានន័យថា សិទ្ធិរបស់គាត់ហ្នឹងត្រូវបានការពារ និងគោរពដោយប្រទេសទទួល បានន័យថា បើសិនជាគាត់ទៅតាមក្រុមហ៊ុនស្របច្បាប់ គាត់អាចមានសិទ្ធិទៅរកសេវាសុខភាព ពេលគាត់ឈឺ»។
លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ចង់ឃើញអាជ្ញាធរកម្ពុជាធ្វើលិខិតស្នាម លិខិតឆ្លងដែនឬឯកសារ ដែលពលករខ្មែរមិនគួរត្រូវបង់លុយ តែគួរត្រូវធ្វើដោយតម្លាភាពដើម្បីឲ្យពួកគាត់អាចនៅធ្វើការក្នុងប្រទេសថៃបាន ដោយគ្មានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរថៃ ហើយនឹងគេចផុតពីការបញ្ជូនចេញពីទឹកដីថៃ។
«ព្រោះកម្មករគាត់ធ្វើការហ្នឹងគឺមិនប្រាកដថា មានប្រាក់សន្សំបាន អត់មានសន្សំបាន ប៉ុន្នានទេ ព្រោះគាត់ប្រឹងធ្វើការបានបន្តិចបន្តួចហ្នឹង គាត់បញ្ជូនលុយកាក់មកផ្ទះ មកភូមិ មកស្រុកអស់ហើយ»។
លោកតុលាបានទទួលស្គាល់ថា ដំណើរការចុះបញ្ជីកន្លងមកមានភាពស្មុគ ស្មាញសម្រាប់កម្មករ ដោយសារតែឯកសារនានារបស់កម្មករត្រូវថៅកែយកទៅរក្សាទុកដើម្បីជាការគំរាម និងបង្ខំឲ្យកម្មករធ្វើការងារ។ ហើយគួបផ្សំដែលពួកកម្មករមិនចេះអក្សរ មិនចេះសរសេរឈ្មោះខ្លួនឯងផងនោះ គេងាយរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរពីថៅកែជាដើម។
ពលករខ្មែរប្រមាណ២៥ម៉ឺននាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ តែមានកម្មករចំនួនជាង១៦ម៉ឺននាក់មិនមានឯកសារត្រឹមត្រូវតាមច្បាប់ទេ។ ប្រទេសថៃកាលពីឆ្នាំទៅទាមទារឲ្យកម្ពុជាធ្វើលិខិតឆ្លងដែនដល់ពលករខ្មែរ ដោយថៃបញ្ជាក់ថា នឹងឈប់ផ្តល់លិខិតសម្គាល់ខ្លួនហៅថា CI ដូចមុនទៀតហើយ ដែលមន្ត្រីកម្ពុជាស្នើថា គួរត្រូវធ្វើលិខិតឆ្លងដែនជូនកម្មករនិងពលករ។ នេះបើតាមលិខិតឆ្លើយឆ្លងការទូតរវាងកម្ពុជាថៃ ហើយនិងលិខិតឆ្លើងឆ្លងរវាងមន្ត្រីក្រសួងការបរទេសកម្ពុជានិងក្រសួងមហាផ្ទៃ កាលពីខែសីហាឆ្នាំទៅ។
នៅក្នុងកិច្ចសន្ទានារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើវេទិការពេលលោក កំពុងថ្លែងការណ៍កាលពីសប្តាហ៍មុន លោកហ៊ុន សែនបានបញ្ជាក់ស្រដៀងគ្នាថា ប្រទេសថៃចង់ឲ្យបណ្ណឆ្លងដែន ឬ Border Pass ប្តូរទៅជាលិខិតសម្គាល់ខ្លួន ស៊ីអាយ ហើយអ្នកដែលកាន់លិខិតស៊ីអាយត្រូវប្តូរទៅ លិខិតឆ្លងដែន៖
«នែ! អាហ្នឹងកាន់តែមានការងារធ្វើច្រើនទៀតហើយដែលត្រូវធ្វើ។ អញ្ចឹងទេ អាហ្នឹងគឺយើងពិភាក្សាជាមួយនឹងភាគីខាងថៃទៅ»។
លោកហ៊ុន សែនមិនបាននិយាយពីវិធានការណ៍លំអិតទេ តែលោកបានបន្ថែមថា ប្រទេសថៃកាលពីពីរសប្តាហ៍កន្លងទៅក៏បានសុំឲ្យកម្ពុជាជួយទប់ស្កាត់កុំឲ្យមានពលករខុសច្បាប់ចូលទៅថៃថែមទៀត។
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានដឹកនាំគណប្រតិភូដើម្បីជួបជាមួយនឹងសមភាគីរបស់លោកគឺលោកស៊ូរ៉ាពុង តុវីចាក់ឆៃគុលនៃប្រទេសថៃកាលពីថ្ងៃ២៥ និងថ្ងៃ២៦ធ្នូ ដើម្បីចូលរួមប្រជុំគណៈកម្មាការចម្រុះទ្វេភាគីលើកទី៨សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងទីក្រុងបាងកក។ បញ្ហាកម្មករនិងពលករខ្មែរចំណាកស្រុកត្រូវគេគិតថា ស្ថិតនៅក្នុងប្រធានបទមួយក្នុងចំណោមបញ្ហាទ្វេរភាគីនានានៃកិច្ចប្រជុំនេះ។ កម្មករខ្មែរទៅធ្វើការនៅក្នុងប្រទេសថៃ ធ្វើជាអ្នកនេសាទ កម្មករសំណង់ ថែសួន ច្រូតស្រូវកម្មកររោងចក្រនិងដាំចំការជាដើម ដែលជាមធ្យមរកចំណូលបាន២០០ដុល្លារក្នុងមួយខែ។
លោកសំ ផល អាយុ ៣២ឆ្នាំរស់នៅស្រុកជីក្រែង ខេត្តសៀមរាបបានអះអាងប្រាប់វីអូអេថា លោកធ្លាប់ទៅធ្វើការជាកម្មករសំណង់នៅជាយក្រុងបាងកកក្នុងប្រទេសថៃ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០១២។ លោកថ្លែងថា លោកបានទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុនមួយ ដែលលោកចំណាយលុយ១៥០ដុល្លារធ្វើលិខិតឆ្លងដែន និងរង់ចាំអស់រយៈពេលប្រមាណ៩ខែមុននឹងលោកចេញទៅធ្វើការនៅប្រទេសថៃ។ តែដោយសារលិខិតឆ្លងដែនលោកមានបញ្ហារឿងទិដ្ឋាការការងារខុសកន្លែងកំណត់ លោកត្រូវអាជ្ញាធរថៃឃាត់ខ្លួន ហើយត្រូវក្រុមហ៊ុនដកមកវិញដោយសន្យាថា នឹងបញ្ជូនទៅវិញរយៈពេល១៥ថ្ងៃ។ លោកថ្លែងថា បច្ចុប្បន្ននេះរយៈពេលជាង៦ខែហើយដែលលោករង់ចាំចម្លើយពីក្រុមហ៊ុន។
ជាមួយគ្នានេះដែរ ការទាក់ទងជាមួយក្រុមហ៊ុនក៏ក្រុមហ៊ុនមិនទទួលទូរសព្ទដែរ។ លោកថ្លែងថា លោករៀងចាលរឿងទៅធ្វើការនៅថៃតាម លិខិតឆ្លងដែន ឬប៉ាស្ព័រហើយ ដោយសារបទពិសោធន៍ដ៏លំបាកនឹងបង់លុយ កាត់ប្រចាំខែ៥០០បាត ឬជាង១០ដុល្លារដូចគ្នានឹងការទៅធ្វើកាតការងារឬភាសាថៃហៅថា ប័ត្រក្នុងប្រទេសថៃដែរនោះ។
«មួយខែ៥០០រយបាត យើងអាចធ្វើបាន។ ចុះបើក្រុមហ៊ុនកន្លះខែកាត់៥០០បាតដូចគ្នា មួយខែកាត់មួយពាន់ យើងសុខចិត្តទៅផ្លូវកាត់តែម្តងទៅ។ ស្រុកខ្ញុំ សព្វថ្ងៃគេទៅផ្លូវកាត់ គេអត់ចាំលិខិតឆ្លងដែនទេ»។
លោកសំ ផលអះអាងថា លោករកចំណូលមួយថ្ងៃបាន៣០០បាត លុយថៃឬស្មើនឹងប្រមាណ១០ដុល្លារ។ លោកបានថ្លែងថា បងប្រុសរបស់លោកម្នាក់ទៀតធ្លាប់ត្រូវគេឲ្យរង់ចាំរយៈពេល៤ឬ៥ខែក្នុងប្រទេសថៃ តែនៅពេលបានការងារធ្វើ ទិដ្ឋការការងាររបស់លោកក្នុងលិខិតឆ្លងដែនត្រូវផុតកំណត់ មិនអាចធ្វើការបាន។
អ្នកស្រុកនៅខេត្តបន្ទាយមានជ័យម្នាក់ឈ្មោះឡោក លាភ អាយុ៥៦ឆ្នាំមានកូន២នាក់ក្នុងចំណោម៨នាក់ កំពុងធ្វើកិច្ចការជាជាងសំណង់នៅប្រទេសថៃ បានថ្លែងថា កូនរបស់គាត់ទាំងពីរមិនអាចមានលុយកាក់ធ្វើលិខិតឆ្លងដែនទេគឺទៅធ្វើការតាមថៅកែដែលគេធានាគ្រប់សព្វ ដូចជាសុវត្ថិភាព លិខិតស្នាម ទីកន្លែងស្នាក់នៅ។ លោកថ្លែងថា ជីវភាពក្រីក្ររបស់ពលរដ្ឋនៅតាមជាយដែននិងការត្រូវរកប្រាក់ជាបន្ទាន់ដើម្បីផ្គត់ផ្គង់ជីវភាព លោកនិងក្រុមគ្រួសារដទៃ ចាំបាច់ត្រូវតែប្រថុយប្រថានបញ្ជូនកូនទៅធ្វើការដោយមិនអាចចាំគេធ្វើលិខិតស្នាមត្រឹមត្រូវបានទេ។
«មិនថា ស្រុកណា មិនថា ខេត្តណា មិនថា ឃុំណាទេ គឺទូទៅ សឹងតែគ្រប់គ្រួសារ ទូទាំងប្រទេសទៅថៃ»។
លោកថ្លែងថា កម្រៃខ្ពស់សមរម្យក្នុងប្រទេសថៃជាការទាក់ទាញពលករខ្មែរ ជាយុវជនទៅធ្វើការងារ ទោះជាពេលខ្លះជួបប្រទះនឹងបញ្ហាគ្រោះថ្នាក់ខ្លះក្តីដោយលោកអះអាងថា វាប្រសើជាងរស់នៅក្នុងស្រុកភូមិដែលគ្មានការងារធ្វើ ហើយជួបប្រទះនឹងភាពអត់ឃ្លាន។
ប្រទេសថៃបានពន្យារការបញ្ជូនកម្មករខុសច្បាប់ដែលកំពុងធ្វើការក្នុងប្រទេសរបស់ខ្លួនជាថ្មីទៀត ក្រោយពេលដល់ឱសានវាទកាលពីថ្ងៃ១៤ធ្នូកន្លងទៅ តែបានកំណត់ថា នឹងបញ្ឈប់ផ្តល់លិខិតអនុញ្ញាតឲ្យធ្វើការចំពោះកម្មករនិងពលករ ដែលគ្មានលិខិតឆ្លងដែន ឬបាស្ព័រ។ វិធានការតឹងរឹងទាំងនេះត្រូវក្រុមមន្ត្រីសង្គមស៊ីវិលក្នុងតំបន់ចាត់ទុកថា ជាការទប់ស្កាត់ការជួញដូរមនុស្ស និងកម្លាំងពលកម្មកុមារ ការកេងប្រវ័ញ្ចពលកម្មកម្មករនិងពលករ ដែលគេដឹងថា មកពីភូមា កម្ពុជានិងឡាវ៕