ក្រុមអង្គការសង្គមស៊ីវិលបានប្រារព្ធយុទ្ធនាការ៨មីនាដោយរំឭកពីអំពើហិង្សាលើស្ត្រី

រូបឯកសារ៖ ស្ត្រីកាន់ផ្កាឈូក ខណៈចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៧។

ក្រុម​អង្គការ​សង្គមស៊ីវិល​ កម្មករ​កម្មាការានី​រោងចក្រ​ និង​សកម្មជន​នានា​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ «យុទ្ធនាការ​៨មីនា​ គាំពារ​ស្ត្រី​ និង​ក្មេងស្រី​ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា​» កាលពី​ថ្ងៃពុធ​ដែល​ត្រូវ​ជា​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ផងដែរ​ នៅឯ​ទីលាន​ប្រជាធិបតេយ្យ​។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក ​«យុទ្ធនាការ​ ៨ មីនា​» ថា​ បញ្ហា​ប្រឈម​របស់​ស្រ្តី​ដែល​កំពុងប្រឈម​ខ្លាំង​ជាង​គេ​នោះ​ គឺ​អំពើ​ហិង្សា​។ អ្នកស្រី​បន្ថែម​ថា អំពើ​ហិង្សា​តែងតែ​កើត​ឡើង​ពី​សំណាក់​អាជ្ញាធរ​ ក្នុង​គ្រួសារ​ និង​ក្នុង​ចំណោម​សាធារណៈជន​ជាដើម​។

អ្នកស្រី​ថ្លែង​ថា​៖ «អ៊ីចឹង​យើង​ចង់​យក​ឱកាស​នេះ​នៅ​ថ្ងៃនេះ​ ក៏​លើក​ទឹក​ចិត្ត​ដល់​សាធារណៈជន​ទាំង​ឡាយ ​ឱ្យ​ចូលរួម​ចំណែក​ក្នុង​ការ​គាំពារ​ ហើយ​គាំពារ​នេះ​ នៅ​ពេល​ដែល​យើង​ឃើញ​ជន​រងគ្រោះ​ណា​ម្នាក់​គាត់​ប្រឈម​ យើង​ត្រូវ​ចូលរួម​គាំទ្រ​ ចូលរួម​ដោះស្រាយ​ បើ​យើង​ស្ងាត់ស្ងៀម​ យើង​ក៏​បាន​គាំទ្រ​ទង្វើ​ទាំងអស់​ហ្នឹង​ដែរ​»។

នាយិកា​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​រូប​នេះ​ ក៏​លើក​ឡើង​ពី​ករណី​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ត្រូវ​បាន​គេ​បៀតបៀន​លើ​បណ្តាញ​សង្គម​ បើទោះបីជា​មាន​ការ​ស្នើ​ពី​អង្គការ​សង្គម​ស៊ីវិល​ទៅ​ក្រសួង​ពាក់ព័ន្ធ​ក្តី​ ប៉ុន្តែ​បែរ​ជា​គ្មាន​ចំណាត់​ការ​អ្វី​ឡើយ​។ អ្នកស្រី​បន្ត​ថា​ សកម្មភាព​ទាំងនេះ​ គឺផ្ទុយពីអ្វីដែលរដ្ឋាភិបាលបានអះអាងថា ដើម្បីរក្សាភាពថ្លៃថ្នូររបស់ស្រ្តី។

អ្នកស្រី​ថ្លែង​ថា​៖ «នេះ​វា​ផ្ទុយ​ពី​ការ​បេ្តជ្ញា​ទាំង​ស្រុង​របស់​អាជ្ញាធរ​ របស់​រដ្ឋាភិបាល ដែល​កន្លង​មក​បាន​អះអាង​ថា​ យើង​ត្រូវ​ធ្វើ​កិច្ចការ​ដើម្បី​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី​ ប៉ុន្តែ​សួរ​ថា​ សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី​នៅ​ទីណា​ បើសិន​ជា​នៅ​ពេល​ដែល​ស្រ្តី​មួយ​រូប​ត្រូវ​បាន​គេ​ប្រមាថ​ ត្រូវ​បាន​ប្រើ​ពាក្យ​ដែល​ជា​អសុរោះ​មែន​ទែន​ ហើយ​យើង​ទាំងអស់​គ្នា​មិន​បាន​ចាត់​វិធានការ​ ហើយ​បែរ​ជា​សាទរ​ ហើយ​រហូត​ដល់​មាន​ការ​ តាម​ខ្ញុំ​ឮ​ មាន​ការ​ជប់លាង​អី​ទៀត​។ នេះ​ជា​រឿង​មួយ​អសីលធម៌​ អមនុស្សធម៌​មែនទែន​ នេះ​គ្រាន់​រឿង​មួយ​ដែរ​ខ្ញុំ​ចង់​លើក​»។

កាលពីថ្ងៃអង្គារ ទី៧ ខែមីនា រដ្ឋាភិបាលកម្ពុជា​ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រារព្ធពិធីអបអរសាទរទិវា​សិទ្ធិនារីអន្តរជាតិ​ ៨ មីនា ខួបលើកទី ១១២ នៅវិមានសន្តិភាព ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»​។

លោក ហ៊ុន សែន ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​របស់​លោក​ ចំពោះ​ករណី​កើន​ឡើង​នៃ​អំពើហិង្សា​លើ​ស្ត្រី ជាពិសេស​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​មាន​ឈាន​ដល់​ករណី​សម្លាប់​ស្ត្រី​ជា​ភរិយាជាដើម។

លោកថ្លែងថា៖ «សូមអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី»។

លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា គោលដៅធំនិងជាអាទិភាពរបស់រដ្ឋាភិបាល គឺការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ៕​