ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន១០ នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការបរិហារធ្ងន់ៗដល់តុលាការក្រុងភ្នំពេញក្រោយពីបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនសកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់ និងតំបន់បុរីកីឡាថាមិនមានភាពយុត្តិធម៌ទៅតាមទម្រង់ច្បាប់។
កាលពីថ្ងៃអង្គារ និងថ្ងៃពុធ អ្នកស្រី យោម បុប្ផា សកម្មជនការពារដីធ្លីដ៏លេចធ្លោនៅតំបន់បឹងកក់និងអ្នកស្រី ទឹម សាក់មុន្នី សកម្មជនការពារដីធ្លីនៅតំបន់បុរីកីឡាព្រមទាំងលោកតុប គឹមហុង អតីតប្រធានភូមិបុរីឡា ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះទោសក្រោមបទចោទប្រកាន់ផ្សេងៗគ្នា។
អ្នកស្រី យោម បុប្ផា ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា។ អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ចំណែកឯលោកតុប គឹមហុង ត្រូវជាប់ចោទពីបទពុករលួយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នារវាងអង្គការសង្គមស៊ីវិលចំនួន១០ បានលើកយករណីឃុំខ្លួនមិនប្រក្រតីទៅលើប្រជាពលរដ្ឋបឹងកក់តែពីរនាក់តែប៉ុណ្ណោះ។ អង្គការទាំងនោះបានចាត់ទុកថា ការប្រើប្រាស់ការឃុំឃាំងមុនសវនាការចំពោះរឿងក្តីនេះ គឺជារឿងរន្ធត់។
លោក ហួន ចាន់ឌី មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថា ការចាប់ខ្លួននិងការឃុំខ្លួនមិនមានមូលដ្ឋានត្រឹមត្រូវទេ។ លោកបាននិយាយទៀតថា បទល្មើសទាំងពីរករណីនេះមានទំហំតូចតាចហើយហេតុផលនៃការចោទប្រកាន់មិនមាន
ភាពច្បាស់លាស់គប្បីតែតុលាការគួរតែដាក់ពួកគេឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន។
«ជាគោលការណ៍ច្បាប់មិនគប្បីចាប់គាត់ឃុំខ្លួននោះទេទោះបីមានការចោទប្រកាន់ក៏ដោយ។ គាត់គួរតែត្រូវតុលាការបើកការស៊ើបអង្កេតអីញ្ចឹងចុះ។ ក៏ប៉ុន្តែការឃុំខ្លួន គឺជាលក្ខណៈមួយមិនចាំបាច់ទាល់តែសោះ»។
លោក ធុល កុសល មន្ត្រីផ្នែកច្បាប់នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបាននិយាយថា ប្រព័ន្ធតុលាការខ្មែរមិនបានគោរពច្បាប់ទេ ដោយសារតែជនសង្ស័យមិនទាន់បានពឹងពាក់សេវាកម្មផ្លូវច្បាប់ពីមេធាវីនៅឡើយ។
«ក៏ជាសារមួយ ដែលបញ្ជាក់ថាខាងរដ្ឋាភិបាល គាត់យកប្រព័ន្ធតុលាការនេះជាការគំរាមកំហែង ដល់អ្នកតស៊ូ ជាពិសេសសិទ្ធិដីធ្លី សិទ្ធិផ្ទះសម្បែងនេះឯង»។
មន្ត្រីតុលាការក្រុងភ្នំពេញមិនអាចសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា នេះគឺជាដែនសមត្ថកិច្ចរបស់តុលាការ ហើយអង្គការសង្គមស៊ីវិលទាំងនេះគ្រាន់តែស្រែកដើម្បីឲ្យល្បីតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ។
«នេះគឺជាដែនសមត្ថកិច្ចរបស់តុលាការ មិនមែននរណាក្រៅពីតុលាការទេ ដែលមានដែនសមត្ថកិច្ច ហើយឆន្ទានុសិទ្ធិក្នុងការធ្វើអ្វីមួយ វាជាអំណាចរបស់តុលាការ»។
កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ អ្នកភូមិបឹងកក់ចំនួន១៣នាក់ត្រូវបានសាលាឧទ្ធរណ៍បានសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក៏ប៉ុន្តែពួកគេបានដាក់ឲ្យនៅស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយ ក្រោយពីអ្នកភូមិចំនួន១៣នាក់បានចូលរួមតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់៕