មនុស្ស​គ្រប់​ទិសទី​បន្ត​កាន់​ទុក្ខ​នៅ​មុខ​បរមរាជវាំង

ព្រះ​បរម​សព្វ​របស់​សម្តេច​ឪ​មិន​ទាន់​បាន​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​គោរព​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ។

ភ្នំពេញ៖ សំឡេង​ស្រែក​យំ និង​ការ​យំ​ខ្សឹកខ្សួល​នៅ​តែ​បន្ត​កើត​មាន​នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​ខណៈ​ដែល​ព្រះ​បរម​សព​របស់​សម្តេច​ឪ​នរោត្តម សីហនុ ត្រូវ​បាន​តម្កល់​ទុក្ខ​ក្នុង​ព្រះវិហារ​ព្រះកែវ​មរក​នៃ​ព្រះ​បរមរាជ​វាំង។
ចាប់​តាំង​ពីការ​ទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រជា​ពលរដ្ឋ​ពី​គ្រប់​ទិស​ទី​ចូល​រួម​កាន់​ទុក្ខ​ដោយ​បានអុជ​ធូក និង​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ដើម្បីជា​ការ​គោរព​វិញ្ញាណក្ខន្ឋ​ដល់​ព្រះអង្គ។
នៅ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស និង​មាន​បូរណ៌​ព័ណ៌​ខ្មៅ​ខ្ទាស់​ជាប់​នឹង​ទ្រូង​ខាង​ធ្វេង ប្រជា​ពលរដ្ឋ​បាន​យក​ផ្កា និង​អុជ​ធូក​ម្នាក់​ម្តងៗ​ព្រម​ទាំង​បាន​អង្គុយ​បត់​ជើង​និង​ក្រាប​សំពះ​នៅ​ខាង​ក្រៅ​បរិវេណ​នៃ​ព្រះបរម​រាជ​វាំង​ដែល​មាន​ដាក់​តាំង​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​យ៉ាង​ធំ​និងមាន​កម្រង​ផ្កា​ព័ទ្ឋ​ជុំ​វិញ។
«ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា លោក​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូន​គ្រប់​ៗ​គ្នា​ទាំង​អស់។ កូន​ចៅ​សោក​ស្តាយ​ជា​ខ្លាំង​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ។ សោក​ស្តាយ​ព្រះ​វរ​បិ​តា​គ្រប់ៗ​គ្នា​ទាំង​អស់»។

មាន​ដូនជី​ជា​ច្រើន​បាន​សូត្រ​ធម៌​តាម​ប្រពៃ​ណី​ព្រះ​ពុទ្ឋ​សាសនា​ហើ​យ​ក៏​មាន​ដូនជី​មក​ពី​វៀតណាម​មួយ​ចំនួន​ក៏​បាន​មក​សូត្រ​ធម៌​ជា​ភាសារ​វៀត​ណាម​ផង​ដែរ។​
ខណៈ​ពេល​ដែល​មាន​ដូន​ជី​ទាំង​ខ្មែរ និង​ជន​ជាតិ​វៀត​ណាម​បាន​សូត្រ​ធម៌។ មាន​ព្រះសង្ឃ​មួយ​អង្គ​បាន​គង់​សមាធិ​ចំនួន​១៥​នាទី​នៅ​កណ្តាល​ថ្នល់​មុខ​ព្រះ​បរុម​រាជវាំង​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ចែង​ចាំង។
បន្ទាប់​ពី​បញ្ចប់​សមាធិ​ព្រះតេជ​គុណ​ម៉ែន សាវិន ព្រះ​ជន្ម​២២​ព្រះ​វស្សា​គង់​នៅ​វត្ត​អង្គរ​ប្រសាទ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​បាន​មាន​សង្ឃ​ដីកា​ថា ​ការ​ធ្វើ​សមាធិ​នេះ​គឺ​ដើម្បី​នាំ​ចិត្ត​ប្រជា​ពលរដ្ឋឲ្យ​ចេះ​ប្រតិបត្តិអំពើ​ល្អ។
«សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ចេះ​ភ្ញាក់​រឭក​ហើយ​ធ្វើ​សេចក្តី​ល្អ​ឲ្យ​បាន​ច្រើន​បើ​យើង​ស្រឡាញ់​ព្រះអង្គ​ដែល​មាន​ជាតិ​សាស​នា​ព្រះ​មហាក្សត្រ។ បើ​យើង​ចង់​បាន​សេចក្តីសុខ​យើង​ទាំង​អស់​គ្នា​ត្រូវ​ចម្លង​គុណធម៌​ពី​ព្រះ​មហាក្សត្រ»។
លោក ពេជ តារា មក​ពី​ខេត្ត​ព្រះ​ត្រពាំង​របស់​ខ្មែរ​កម្ពុជា​ក្រោម​បាន​កោសក់កាល​ពី​ថ្ងៃ​ពុធដើម្បី​កាន់​ទុក្ខ​ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ។ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជ​វាំង​ថា ការ​សម្រេច​កោ​សក់​នេះ​គឺ​ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​ដល់​ព្រះ​មហាវរក្សត្រ។
«ក្នុង​មួយ​ជី​វិត​ខ្ញុំ​កោសក់​បី​ដង។ ទី​១​កោ​នៅ​ពេល​ខ្ញុំ​ចូល​សាង​ភ្នួស​ជា​ព្រះ​សង្ឃ​ ទី​២​នៅ​ពេល​ឪពុកខ្ញុំ​ស្លាប់ និង​ទី​៣​កោលើក​នេះ​គឺ​ដើម្បី​ជាការ​តប​ស្នង​សង​គុណ​ដល់​ព្រះ​បិតា​ជាតិ ព្រះបីតា​ឯករាជ្យ​ជាតិ​ ព្រះ​បិតា​ផ្សះ​ផ្សា​ជាតិ​គឺ​យើង​រក​មិន​បាន​ទេ។ ឥឡូវ​ព្រះ​អង្គ​សោយ​ទិវង្គត​ទៅ​ហើយ​ខ្ញុំ​មាន​ការ​សោយ​ស្តាយ​ណាស់»។
លោក សុខ ឆេង អាយុ​៧៩​ឆ្នាំ​មក​ពី​ស្រុក​បាទី​ខេត្ត​តាកែវ​បាន​និយាយ​ថា ព្រះមហាវរៈក្សត្រ​បាន​បំពេញ​ព្រះ​រាជ​កាតាព្វ​កិច្ច​ចំ​ពោះ​ប្រទេស​ជាតិ​គ្មាន​អ្វី​មក​ប្រៀប​ផ្ទឹម​បាន​ទេ។ លោក​បាន​បញ្ជាក់​ថា ការ​បាត់​បង់​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ធ្វើ​ឲ្យ​លោក​សោក​ស្តាយ​យ៉ាង​ពន់​ពេក។​ លោក​ប្រាថ្នា​ចង់​ឃើញ​មេដឹក​នាំ​យក​គំរូ​តាម​វីរភាព​របស់​ព្រះ​អង្គ។
«បាទ​សុំ​ឲ្យ​មេដឹក​នាំ​ជា​គំរូ​វីរភាព​ខ្មែរ​ដ៏​ខ្លាហាន​នៃ​ប្រទេស​កម្ពុជា​ដូចជា​សម្តេច​នរោត្តម​សីហនុ​ ឲ្យ​ធ្វើ​ជា​គំរូ​តរៀង​ទៅ»។​
ព្រះ​បរម​សព្វ​របស់​សម្តេច​ឪ​មិន​ទាន់​បាន​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​គោរព​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា នៅ​សប្តាហ៍​ក្រោយ ព្រះ​បរមរាជ​វាំង​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​ចូល​ក្នុង​ព្រះ​បម​រាជ​វាំង​ដើម្បី​គោរព​ដល់​ព្រះ​បរម​សព​សម្តេច​ឪ៕