ការដ្ឋានរបស់ក្រុមហ៊ុនចិន ដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កាលពីចុងឆ្នាំ២០១១សម្រាប់ធ្វើអាជីវកម្មរ៉ែមាស នៅក្នុងស្រុកសម្បូរ គឺឋិតនៅក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែតពីទីរួមក្រុងក្រចេះ។ ផ្លូវគមនាគមន៍មានការលំបាកបន្ទាប់ពីចុះចេញពីផ្លូវជាតិ ទៅកាន់ការដ្ឋានចម្ងាយប្រមាណជាង១៣គីឡូម៉ែត។
នៅពេលដែលធ្វើដំណើរប្រមាណ៧គីឡូម៉ែតពីផ្លូវលំ ទៅដល់ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូរ មានចំណុចឆែកឆេរមួយកន្លែងរបស់ក្រុមហ៊ុនចិន ដែលមានការយាមយ៉ាងតឹងរឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ។ នៅចំណុចឆែកឆេរនេះ គេមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានឆ្លងកាត់ទេ ក្រោយពីហេតុការណ៍ដែលបណ្តាលឲ្យកម្មករខ្មែរស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែ ក៏ប៉ុន្តែអ្នកសារព័ត៌មានមួយក្រុមត្រូវបានអនុញ្ញាតឲ្យចូល ដោយសារតែមន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះធ្លាប់ស្គាល់គ្នាជាមួយអ្នកកាសែត។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងបរិវេណអាជីវកម្មអណ្តូងរ៉ែរបស់ក្រុមហ៊ុនចិនXing Yuan Kanng Yeak មានការរៀបចំពិធីសូត្រមន្តដើម្បីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់បាត់បង់ជីវិតគំរប់៧ថ្ងៃ។
នៅក្នុងបរិវេណអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនចិននេះ ពុំមានកម្មករច្រើនធ្វើការដូចមុនទេ គឺមានកម្មករធ្វើការប្រមាណតែ៤ឬ៥នាក់តែប៉ុណ្ណោះ។ ក្រុមកម្មករបានធ្វើបទសម្ភាស៍ជាមួយនឹងវីអូអេសម្លេងសហរដ្ឋអាមេរិកថា មានកម្មករខ្មែរប្រមាណជាង៩០ភាគរយបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញហើយ បន្ទាប់ពីមិត្តរួមការងាររបស់ពួកគេបានស្លាប់។
កាលពីសប្តាហ៍មុន មានកម្មករខ្មែរប្រមាណ៨នាក់បានស្លាប់បាត់បង់ជីវិត និងមានកម្មករពីរនាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងអណ្តូងរ៉ែមាសមួយដែលមានជម្រៅប្រមាណជាង៣០០ម៉ែត ដោយសារតែកម្មករជនជាតិចិនបំផ្ទុះថ្មដើម្បីយករ៉ែ ហើយប៉ះចំដង្ហើមទឹកក្រោមដី បណ្តាលឲ្យទឹកបាញ់ចេញយ៉ាងគំហុកលាយឡំជាមួយនឹងកម្ទេចថ្ម ដែលធ្វើឲ្យកម្មករស្លាប់ដោយសារការឆ្លក់ទឹក។
លោកពុំ អឿន អាយុ២៨ កម្មករនៅក្នុងអណ្តូងរ៉ែ មកពីខេត្តកំពង់ចាម ដែលបានធ្វើការងារជាកម្មករអណ្តូងរ៉ែអស់រយៈពេលជាងមួយខែ បាននិយាយថា ការចូលបម្រើជាកម្មករនៅទីនេះ ក្រុមហ៊ុនមិនបានបង្រៀនអំពីវិធីសាស្ត្រជម្លៀសចេញ នៅក្នុងគ្រាមានអាសន្នទេ។
លោកពុំ អឿនបាននិយាយថា ខាងក្រុមហ៊ុនបានឲ្យកម្មករពាក់មួកសុវត្ថិភាពនិងមានពាក់ពិលនៅលើក្បាល ព្រមទាំងឧបករណ៍វាយថ្មតែប៉ុណ្ណោះ។ ចំណែកឯបច្ចេកទេសផ្សេងទៀត ក្រុមហ៊ុនមិនបានបង្ហាត់បង្រៀនដល់ពួកគេទេ។
«អត់មានដឹងផង ព្រោះអីកម្មករនៅទីហ្នឹង បើចុះធ្វើនៅហ្នឹង បើថាដាច់ភ្លើង ដាច់អីនៅហ្នឹង គឺងងឹតសូន្យ ងងឹតសូន្យតែម្តង នៅក្នុងហ្នឹង»។
កន្លែងធ្វើអាជីវកម្មរុករករ៉ែរបស់ក្រុមហ៊ុនចិនមានចំនួនពីរអណ្តូងគឺនៅប៉ែកខាងកើត និងប៉ែកខាងលិច ក៏ប៉ុន្តែមានតែមួយអណ្តូងតែប៉ុណ្ណោះ ដែលធ្វើឲ្យកម្មករខ្មែរស្លាប់បាត់បង់ជីវិត។
ប្អូនប្រុសម៉ៅ សិលា អាយុ១៩ មកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននិយាយថា ជារៀងរាល់លើក នៅពេលដែលក្រុមហ៊ុនដាក់គ្រាប់គីប ដើម្បីកម្ទេចថ្មតែងតែចុចកណ្តឹងប្រកាសអាសន្ន ក៏ប៉ុន្តែនៅថ្ងៃកើតហេតុនេះ ក្រុមហ៊ុនមិនបានប្រកាសអាសន្នដល់ពួកគេទេ។ ប្អូនប្រុសបាននិយាយថា ប្រសិនណាបើក្រុមហ៊ុនបានបង្រៀនវិធីគេចចេញពីគ្រោះថ្នាក់ ឬក៏ប្រាប់ឲ្យដឹងជាមុន ប្រហែលជាពួកគេមិនបានស្លាប់បាត់បង់ជីវិតទាំងប្រាំបីនាក់នោះទេ។
«ខ្ញុំចង់ថា មានសំណូមពរឲ្យជួយពិនិត្យមើលកម្មករគ្រប់រូប ដើម្បីមុននឹងចុះទៅធ្វើការឲ្យមានសុវត្ថិភាព។ ការពារអាយុជីវិត អាយុកម្ពុជាខ្មែរយើង»។
កម្មករខ្មែរ ដែលបានធ្វើការងារនៅក្នុងអណ្តូងរ៉ែ មិនបានទទួលប្រាក់បៀវត្សរ៍ប្រចាំខែទេ។ ក្រុមកម្មករទទួលបាន៩០០០រៀល គឺស្មើនឹងជាងពីរដុល្លារ ប្រសិនណាបើកម្មករយករ៉ែមួយធុងពីក្រោមដីយកមកលើបាន។
ប្អូនប្រុសកាយ បុរី អាយុ២៧ បាននិយាយយ៉ាងដូច្នេះថា៖
«គេគិតជាធុង មួយធុង។ ក្រុមរណ្តៅខ្ញុំខាងនោះធ្វើបានមួយធុងប្រាំបួនពាន់ អាជាន់ក្រោម។ ចំណែកអាជាន់លើបានមួយម៉ឺន ឬមួយម៉ឺនមួយពាន់។ ជួបដែររ៉ែហ្នឹង ប៉ុន្តែយើងមិនដឹងថា រ៉ែហ្នឹងមាសទេ។ ទាល់តែយើងយកទៅកិនបានយើងឃើញ»។
តំណាងក្រុមហ៊ុនចិនបានបដិសេធមិនផ្តល់អត្ថាធិប្បាយណាមួយប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកទេ នៅពេលដែលព្យាយាមសួរតាមរយៈអ្នកបកប្រែ។
បន្ទាប់ពីព្រឹត្តិការណ៍បណ្តាលឲ្យក្រុមកម្មករខ្មែរ៨នាក់បានស្លាប់ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បាននិយាយថា ក្រសួងនឹងកោះប្រជុំជាបន្ទាន់ជាមួយនឹងក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ថ្ងៃអាទិត្យនេះ លទ្ធផលនៃជំនួបនេះមិនទាន់បានប្រកាសនៅឡើយ៕