កម្ពុជា​និង​ចិន គ្រោង​រៀបចំ​កិច្ច​ប្រជុំ​ទ្វេភាគី​ស្តីពី​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូវីដ​១៩​នៅ​សប្តាហ៍​ក្រោយ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ក្រោយពី​កិច្ចប្រជុំ ​ស្តីពី​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​និង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​​នៅ​ថ្ងៃទី៨ ខែមិថុនា​នេះ កម្ពុជា​និង​ចិន​គ្រោង​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ស្តីពី​ការស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូវីដ១៩ នៅ​សប្តាហ៍​ក្រោយ។

ប្រទេស​កម្ពុជា និង​សម​ភាគី​ចិន​នឹង​រៀបចំ​កិច្ច​ប្រជុំ​រួមគ្នា​មួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​វិធាន​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជាឡើង​វិញ ក្រោយ​ពី​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

របាយ​ការណ៍​ព័ត៌មាន​របស់​បក្ស​កាន់អំណាចដែល​បាន​ដកស្រង់​សម្តី​លោក​ហោ ណាំហុង​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​សហ​ប្រធាន​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន​បានឲ្យ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​កិច្ច​ប្រជុំ​ទ្វេភាគី​នេះ​នៅ​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ២០២០ ជាមួយ​លោក​វ៉ាង យី​ ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ក្រោយ​ពី​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិនស្តីពី​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​និង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា​នេះ។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា ​កិច្ចប្រជុំ​ទ្វេភាគី​ដែល​នឹង​ធ្វើ​ឡើង​តាម​សន្និសីទ​វីដេអូ​(Video Conference)​នោះ​គ្រោងផ្តោត​លើ​កិច្ច​សហការ​រវាង​កម្ពុជា​និង​ចិន​ដើម្បី​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ​១៩​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​វិធានការ​ជាក់លាក់​ណា​មួយ​នោះ​ទេ។​

កម្ពុជា​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ​បាន​ទោរ​ទន់​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ជាពិសេស​ក្នុង​រយៈពេល​មួយ​ទស​វត្សរ៍​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរបាន​បង្កើន​ទំនាក់ទំនង​ទ្វេ​ភាគី​រហូត​ដល់​កម្រិត​«ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»៕