មេដឹកនាំជាន់ខ្ពស់ចិនមួយចំនួនរូមទាំងអនុប្រធានាធិបតីស្ស៊ី ជីនពីង (Xi Jinping) បានចូលរួមមរណៈទុក្ខដល់អគ្គមហិសីរបស់ព្រះអង្គនៅរដ្ឋធានីប៉េកាំង ជាទីដែលសម្តេចសីហនុត្រូវបានព្យាបាលតាំងពីខែមករាកន្លងមក។
សេចក្តីរាយការណ៍វីអូអេ
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ
វ៉ាស៊ីនតោន៖ ការចូលទិវង្គតនៃអតីតព្រះមហាក្សត្រកម្ពុជា នរោត្តម សីហនុ បានទាក់ទាញការចូលរួមមរណៈទុក្ខ និងបូជនីយកិច្ចពីសំណាក់មន្រ្តីជាន់ខ្ពស់នៃប្រទេសចិន។ ក្រសួងការបរទេសចិនហៅសម្តេចសីហនុថា ជា «មិត្តដ៏អស្ចារ្យរបស់ប្រជាជនចិន» ហើយតាមទូរទស្សន៍រដ្ឋ មន្រ្តីចិនបានសរសើរចំណងមិត្តភាពជាមួយអតីតព្រះមហាក្សត្រ។
មេដឹកនាំជាន់ខ្ពស់ចិនមួយចំនួនរូមទាំងអនុប្រធានាធិបតីស្ស៊ី ជីនពីង (Xi Jinping) បានចូលរួមមរណៈទុក្ខដល់អគ្គមហិសីរបស់ព្រះអង្គនៅរដ្ឋធានីប៉េកាំង ជាទីដែលសម្តេចសីហនុត្រូវបានព្យាបាលតាំងពីខែមករាកន្លងមក។
ប្រទេសចិនមានចំណងទាក់ទងយ៉ាងជិតស្និទ្ធទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុជាមួយប្រទេសកម្ពុជា ហើយលោក រ៉េន សាវ (Ren Xiao) សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យល័យហ៊្វូដាន (Fudan) នៅទីក្រុងសៀងហៃ មានប្រសាសន៍ថា អតីតព្រះមហាក្សត្រគឺជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងនោះ។
«នៅពេលព្រះអង្គមានការលំបាក និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ប្រទេសចិនបានជួយព្រះអង្គ ហើយបន្តចាត់ទុកព្រះអង្គថាជាមេដឹកនាំកម្ពុជា»។
សម្តេចសីហនុ ដែលជីវិតនយោបាយរបស់ព្រះអង្គទាំងពេលគង់នៅកម្ពុជា និងពេលនិរទេសមានរយៈពេលជិតប្រាំមួយទសវត្សរ៍នោះ បានធ្វើទស្សនកិច្ចនៅប្រទេសចិនលើកដំបូងនៅឆ្នាំ ១៩៥៦។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសីនហួ (Xinhua) ប្រកាសថា ពេលនោះព្រះអង្គបានបង្កើតទំនាក់ទំនងជាលក្ខណៈបុគ្គលជាមួយមេដឹកនាំប្រទេសចិន ដែលក្នុងនោះរួមមាន លោក ជូ អេនឡៃ (Zhouo Englai) និងមេកុម្មុយនីស្តម៉ៅ សេទុង។
នៅឆ្នាំ ១៩៧០ ក្រោយពីរដ្ឋប្រហារយោធា សម្តេចសីហនុ បានយាងតាមយន្តហោះទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកម៉ៅ សេទុង បានសន្យាចងសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
«ចិនប្រឆាំងនឹងសហរដ្ឋអាមេរិកដែលនាំសង្គ្រាមទៅកានប្រទេសវៀតណាម ហើយនៅពេលនោះ ចិន និងសហរដ្ឋអាមេរិកគឺជាសត្រូវនៅក្នុងសង្គ្រាមត្រជាក់។ ដោយគិតអំពីទស្សនៈនយោបាយ យើងគាំទ្រសម្តេចសីហនុ ជាព្រះមហាក្សត្រ ហើយយើងប្រឆាំងនឹងរដ្ឋាភិបាលលន់ ណុល។ ដោយមាននិស្ស័យ យើងមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយសម្តេចសីហនុ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សាយព័ត៌មានជាច្រើននៅថ្ងៃចន្ទនេះ អំពីការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ ហើយអំពីថាតើសម្តេចសីហនុ គិតយ៉ាងម៉េចចំពោះ ប្រទេសចិនក្នុងនាមជាផ្ទះសម្បែងទី២របស់ព្រះអង្គ។
លោក ម៉ាក ថំសិន (Mark Thompson) សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យស៊ីធី (City) មានប្រសាសន៍ថា ប្រទេសចិនប្រើចំណងមិត្តភាពរបស់ខ្លួនជាមួយសម្តេចសីហនុ ដែលជានិមិត្តរូបបិតាដ៏មានប្រជាប្រិយភាពនៅកម្ពុជា ដើម្បីទទួលបានគោលដៅនយោបាយរបស់ខ្លួន។
«គេចង់រាប់អានមនុស្សដូចជាសម្តេចសីហនុ ដែលទោះបីជាព្រះអង្គមានភាពក្រឡេចក្រឡុចក្នុងរឿងនយោបាយក៏ដោយ ព្រះអង្គមានភាពលេចធ្លោដ៏អស្ចារ្យដោយគ្មានជាប់ពាក់ព័ន្ធអ្វីទាំងអស់។ ព្រះអង្គប្រៀបបានជាឆ្នាំងខ្ទះមិនជាប់ខ្លាញ់ ដោយមិនសូវមានបញ្ហាជាប់ពាក់ព័ន្ធនឹងព្រះអង្គ ទោះបីជាព្រះអង្គបានធ្វើអំពើអ្វីៗកាលពីអតីតកាលដូចជាការចងសម្ព័ន្ធជាមួយខ្មែរក្រហមជាដើម។ ដោយការរាប់អានមនុស្សបែបនេះ ពួកគេសង្ឃឹមថានឹងអាចប្រមូលយកប្រយោជន៍មូលធនសង្គមមួយចំនួនដែលកើតចេញពីចំណងមិត្តភាពនេះ»។
ប្រទេសកម្ពុជា និងចិនបង្កើនទំនាក់ទំនងដ៏កក់ក្តៅនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅ ឆ្នាំ២០១១ វិនិយោគទុនចិននៅកម្ពុជាកើនជាង១០ដងច្រើនជាងសហរដ្ឋអាមេរិក ហើយច្រើនជាងទ្វេដងនៃវិនិយោគសរុបពីប្រទេសសមាជិកអាស៊ានទាំងអស់។
នៅក្នុងសមរភូមិការទូត ចិនប្រមូលការគាំទ្រពីកម្ពុជានៅក្នុងជម្លោះដែនដីរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។ នៅជំនួបកំពូលអាស៊ានឆ្នាំនេះ កម្ពុជាបានធ្វើឲ្យគាំដំណើរការចរចាស្តីអំពីជម្លោះដែនសមុទ្រមិនចាញ់មិនឈ្នះរវាងប្រទេសចិន និងហ្វីនលីពីន ដោយបានកាន់ជើងប្រទេសចិន។