អ្នក​ជំងឺ​កុមារនៅ​កម្ពុជា​​កើន​ឡើង​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា

នៅ​ពេល​ព្រឹក​ព្រលឹម​មួយ ប្រជាពលរដ្ឋ​រង់ចាំ​នៅ​ខាងមុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​នៅរាជធានី​ភ្នំពេញ។

ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា ​បាន​បើកទ្វារ​ឡើងវិញ​ក្រោយ​ពី​សង្រ្គាម​ស៊ីវិល​ មន្ទីរពេទ្យ​ដោយ​ឥត​គិតថ្លៃ​នេះ​ បាន​ក្លាយ​ទៅ​ជា​មណ្ឌល​ព្យាបាល​មួយ​សម្រាប់​កុមារ​កម្ពុជា​មក​ពី​គ្រប់ស្រទាប់។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​មាន​សាខា​ចំនួន​ប្រាំ​ នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀមរាប។ មន្ទីរពេទ្យ​នេះ​ ទទួល​បាន​កុមារ​មាន​ជំងឺ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។ ជាក់ស្តែង​បើ​ប្រៀបធៀប​ខែ​មិថុនា​ ឆ្នាំ​២០១២​នេះ​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​ក្នុង​រយៈពេល​ដូច​គ្នា​មាន​ការកើន​ឡើង​ចំនួន​៣០​ភាគរយ។ ពោល​គឺ​កុមារ​មាន​ជំងឺ​ដែល​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ​បានកើន​ពី​ជាង​៦,០០០​នាក់​ ដល់​ជាង​ ៩,៤៤០​នាក់​ ក្នុង​រយៈពេល​ ១៧​ថ្ងៃ។

កំណើន​កុមារ​មាន​ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​លោក​វេជ្ជបណ្ឌិត​ ប៊ីត រិចនែ (Beat ​Richner) នាយក​មន្ទីរពេទ្យ​នេះ​មាន​កង្វល់។

«នេះ​គឺ​ជា​ស្ថានភាព​មួយ​ដែល​ធ្ងន់ធ្ងរ​សម្រាប់​មន្ទីរពេទ្យ​មួយ ​ដែល​គ្មាន​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ណា​ ឬ​កន្លែង​ណា​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ជំងឺ​ចូល​មក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដ៏ច្រើន​លើស​លប់​ដូច​នេះ​ ក្នុង​រយៈពេល​បែប​នេះ​នោះ​ទេ។ ​នៅ​ក្នុង​ខែ​មិថុនា​នេះ​ បើ​សិន​គ្មាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ទេ​នោះ​ យើង​អាច​ព្យាករណ៍​ថា​ កុមារ​ប្រមាណ​ជា​៧,០០០​នាក់​ អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត»។

មន្ទីរពេទ្យ​គន្ធបុប្ផា​ធ្លាប់​មាន​វត្តមាន​នៅ​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ​ហើយ​ត្រូវ​បាន​បិទទ្វារ​ ទៅ​វិញ​ នៅពេល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច​។ ​មន្ទីរពេទ្យ​នេះ​ចាប់​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២​ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ព្រះបាទ​នរោត្តម សីហនុ និង​លោក​វេជ្ជបណ្ឌិត ​ប៊ីត រិចនែ ជា​ជន​ជាតិស្វីស។ កុមារ​កម្ពុជា​បាន​មក​សម្រាក​ព្យាបាល​ ក្នុង​មន្ទីរពេទ្យ​នេះ​ ដែល​ភាគច្រើន​មក​ពី​គ្រួសារ​ក្រីក្រ​ជា​មធ្យម​ចំនួន​១២​ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំ។ ភាគច្រើន​នៃ​កុមារ​ទាំង​នោះ ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ងាយ​ស្លាប់​បាន ​ដូច​ជា​កុមារ​មាន​ជំងឺ​គ្រុនឈាម​ រលាក​ខួរក្បាល ​របង ​និង​បេះដូងប្រហោង​ពី​កំណើត​ជា​ដើម។

រៀងរាល់ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ ត្រូវការ​ថវិកា​ចំនួន​៣៦​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន។ ក្នុងនោះ​រដ្ឋាភិបាល​ប្រទេស​ស្វីស​ជួយ​ចំនួន​៣​លាន​ដុល្លារ​ រដ្ឋាភិបាលកម្ពុជា​ ជួយ​ចំនួន​៣​លាន​ដុល្លារ​ហើយក្រៅ​ពីនោះ​ គឺ​ជា​ជំនួយ​ពី​សប្បុរសជន ​ដែល​លោក​ រិចនែ អង្គាស​ជាពិសេស​តាមរយៈ​ការ​លេង​សែឡូ។

រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមក​នេះ​ មន្ទីរពេទ្យ​គន្ធបុប្ជា​បាន​ទទួល​ការព្យាបាល​កុមារ​ចំនួន​ ១.១៧​លាន​នាក់​ និង​ពិគ្រោះ​ជំងឺ​ចំនួន​ជាង​១១​លាន​នាក់​ ដោយ​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ ៤១០​លាន​ដុល្លារ​អាមេរិក។ ​លោក ​ប៊ីត រិចនែ​ បញ្ជាក់​ថា​នៅ​រយៈពេល​១៧​ថ្ងៃ​ នៅ​ក្នុង​ខែ​មិថុនា​នេះ ​មាន​កុមារ​មានជំងឺ​គ្រុនឈាម​ចំនួន​ ៣.០៧៣​នាក់​ ដែល​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​លោក។

ចំពោះ​ការ​កើនឡើង​របស់​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា​នេះ​លោក​វេជ្ជបណ្ឌិត ​ប៊ីត រិចនែ ​បញ្ជាក់​ថា​ដោយសារ​តែ​សេវាសុខាភិបាល​នៅ​កម្ពុជា​មាន​កម្រិត​ទាប​នៅ​ឡើយ​ពីព្រោះ​សេវា​ឯកជន​នៅ​តាម​គ្លីនិក​មួយ​ចំនួន ​ព្យាបាល​មិន​បានត្រឹមត្រូវ​ដោយ​ប្រើថ្នាំ​ខុស​ បន្តោក​សេរ៉ូម ​ច្រើន​ពេក​បណ្តាល​ឲ្យ​ពុល​អ្នក​ជំងឺ ​ការព្យាបាល​មាន​តម្លៃ​ខ្ពស់ ​ហើយ​កុមារ​ប្រហែល​ជា​៩០​ភាគរយ​ ដែល​ទទួល​បាន​ការ​ព្យាបាល​ពី​គ្លីនិក​ឯកជន​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ពេល​បាន​មក​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា។

ស្ថិត​ក្នុង​ស្ថានភាព​នេះ ​លោក ប៊ីត រិចនែ​ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​ឲ្យផ្តល់​ថវិកា​ជំនួយ​ទ្វេ​ឡើង​ថែមទៀត​។ ​ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ ជីវភាព​ធូរធារ​មាន​ឆន្ទៈ ​ក្នុង​ការ​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​កុមារ​នៅ​កម្ពុជា​ផង​ដែរ។

«រាជរដ្ឋាភិបាល​គួរតែ​ជួយ​ដល់​មូលនិធិ​ ៤​លាន​ដុល្លារ​ក្នុង​១ឆ្នាំ​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ការចំណាយ​នៃ​ការ​ព្យាបាល​កុមារ​ក្រីក្រ​ ពីព្រោះ​អ្នក​ក្រីក្រ​ប្រហែល​ជា​៨០​ភាគរយ​បាន​មក​ទទួល​សេវា​នៅ​ទីនេះ។ ខ្ញុំ​សង្គេត​ឃើញ​ថា​ នៅ​កម្ពុជា​សព្វថ្ងៃ​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ច្រើន​ ហើយ​អ្នក​ទាំងនោះ​គួរតែ​ចូល​រួម​វិភាគទាន​ក្នុង​ការ​ផ្តល់​ថវិកា​ខ្លះៗ ឲ្យ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា​។ បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​គឺ​ប្រជាពលរដ្ឋ​ស្វីស​ ដែល​ផ្តល់​វិភាគទាន​មួយ​ចំនួន​មាន​ជីវភាព​ទាប​ជាង​អ្នក​មាន​ជីវភាព​ធូរធារ​នៅ​កម្ពុជា​ផង»។

ជា​រៀងរាល់ព្រឹក​នៅ​ក្បែង​របង​មន្ទីរពេទ្យ​គន្ធបុប្ជា​ក្រុង​ភ្នំពេញ ​ប្រជាពលរដ្ឋ​ដែល​មាន​កូន​ឈឺ​មក​ស្ទើរ​ពី​គ្រប់ខេត្ត​ក្រុង​នៅ​កម្ពុជា​ប្រហែល​ជា​ជិត​១,០០០​នាក់​មក​អង្គុយតម្រង់​ជួរ​គ្នា​ជា​២​ជួរ​យ៉ាង​វែង​រង់ចាំ​ចូល​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ព្យាបាល។ ​អ្នក​ខ្លះ​មក​រង់ចាំ​តាំង​ពី​ម៉ោង​២ ​ភ្លឺ​រហូត​ដល់​ម៉ោង​ ៦,៣០​នាទី​ព្រឹក​ទើប ​មន្ទីរពេទ្យ​ អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ​ជំងឺ​តាម​លេខ​រៀង។

អ្នកស្រី ​អ៊ុន ម៉ុន មក​ពី​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង។ គាត់​កំពុងអង្គុយ​សម្លឹង​មើល​កូន​ស្រី​របស់​គាត់​អាយុ​១២​ឆ្នាំ ​ដែល​មាន​ជំងឺ​គ្រុនឈាម​កំពុង​សម្រាក​នៅ​លើ​គ្រែ។

«បើ​គ្មាន​កន្លែង​នេះ​ យើង​ពិបាក​មែនទែន​តែ​ម្តង​ បើ​សិន​ជា​យើង​ទៅ​ពេទ្យ​ផ្សេងទៀត​ យើង​មិន​សូវ​មាន​ថវិកា​មើល​កូន​ បើ​អញ្ចឹង​បាន​ជា​រូតមក​ពេទ្យ​ទេវតា ​បើ​ខុស​ពី​ពេទ្យ​គន្ធបុប្ជា​នោះ​គឺ​ ទាល់​តែ​រាប់​លាន​រាប់ពាន់​បាន​មើល​ជា។ មាន​តែ​ពេទ្យ​នេះ​ទេ​ យើង​ទីទាល់ក្រ​ យើង​មក​ពឹងពាក់​ពេទ្យ​បាន​ បើ​សិន​ជា​មិន​មាន​ពេទ្យ​នេះ​ គឺ​យើង​ងាប់ លទ្ធភាព​យើង​អត់​មាន​លុយ​ អត់​មាន​លុយ​មើល​កូន។ ពេទ្យ​នេះ​មើល​ការ​ខុស​ត្រូវ​ចេញ​ចូល​តាមដាន​ជំងឺ​គ្រប់​ជំហាន​ គ្រប់​ម៉ោង​ គ្រប់​វិនាទី​ទាំង​អស់​នេះ​ ហើយ​ជាក់​ស្តែង​ផ្ទាល់​តែ​ម្តង»។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នកស្រី​ទុយ សាម៉ុល ​រស់​នៅ​សង្កាត់​ទន្លេបាសាក់​ ក្រុង​ភ្នំពេញ ​កំពុង​បីចៅ ​ស្រី​ប្រហែល​ជា​ ៥​ខែ​ នៅ​ក្នុង​ដៃ​អង្គុយ​រង់ចាំ​នៅ​ជួរ​មុខ​គេ​ នៅ​ក្រៅ​របង​មន្ទីរពេទ្យ​គន្ធបុប្ជា។

«ខ្ញុំ​អត់​យក​ចូល​ឯកជន​ទេ​ ពីព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​អី​ទៅ​គង់តែ​ចូល​មក​រដ្ឋ​ដដែល​ អញ្ចឹង​ខ្ញុំ​យក​មក​ពេទ្យ​រដ្ឋ​តែ​ម្តង​។ ​មក​ពី​ខ្ញុំ​ទុកចិត្ត នឹកឃើញ​មក​វា​កប​កូន​ខ្ញុំ​ជា​។ ​ទៅ​ពេទ្យ​ផ្សេង​ទៅ​កូន​ខ្ញុំ​អត់​ជា​គឺ​ខ្ញុំ​ស្តាយ​ៗ​ អស់​មួយ​ជីវិត​ ហើយ​បើ​មក​ពេទ្យ​នេះ​ បើ​សិន​ជា​កូន​ខ្ញុំ​មាន​បញ្ហា​អី​ ខ្ញុំ​អត់​ស្តាយ​ទេ​គឺ​ថា​គេ​មើល​កូន​យើង​អស់​ពី​សមត្ថភាព​របស់​គេ»។

លោក​វេជ្ជបណ្ឌិត ​ច ម៉េង ចួ ​ប្រធាន​មណ្ឌលជាតិ ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​ប៉ារ៉ាស៊ីត ​សាស្រ្ត ​និង​បាណកសាស្រ្ត ​ក៏​យល់​ដូច​គ្នា​ដែរ​ថា ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ ពីព្រោះ​ជា​មន្ទីរពេទ្យ​ដែល​បាន​ផ្តល់​សេវា​ព្យាបាល​កុមារ​កម្ពុជា​បាន​យ៉ាង​ច្រើន​បំផុត​ជាពិសេស​កុមារ​ដែល​មាន​ជំងឺគ្រុនឈាម​ និង​គ្រុន​ចាញ់។

«ជំងឺ​គ្រុនឈាម​ភាគច្រើន​សម្រាក​នៅ​គន្ធបុប្ជា​ និង​មន្ទីរពេទ្យ​ជ័យវរ្ម័ន ជួយ​រួម​ចំណែក​ច្រើនណាស់​កន្លង​មក​ជួយព្យាបាល​ជំងឺ​គ្រុនចាញ់​ គ្រុន​ឈាម»។

គេ​នៅ​មិនទាន់​ដឹង​ថា ​តើ​រដ្ឋាភិបាល​កម្ពុជា ​នឹង​សម្រេច​យ៉ាងណា​ចំពោះ​សំណើ​សុំ​ជំនួយ​ថវិកា​បន្ថែម​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ។

លោក ​ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​មិន​ផ្តល់​អត្ថាធិប្បាយ​ណា​មួយ​ទេ​ ដោយ ​លោក​សំអាង​ថា ​លោក​ជាប់​រវល់​ប្រជុំ៕