ចាប៉ី​ដង​វែង​កម្ពុជា​ត្រូវ​បាន​អង្គការ UNESCO បញ្ចូល​ក្នុង​បញ្ជី​មរតក​វប្បធម៌​អរូបី

រូបឯកសារ៖ លោក​ម៉ើ មឿន អ្នក​​លេង​ចាប៉ី​​វ័យ​ក្មេង​ច្រៀង​ផ្ដោះផ្ដង​ជាមួយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ជើង​ចាស់​គង់ ណៃ​ នៅ​ក្នុង​មហោស្រពចាប៉ី​លើក​ទីមួយ​នៅ​សាល​មហោស្រព​ចតុមុខនៃ​រាជធានី​ភ្នំពេញ​​កាលពី ថ្ងៃអាទិត្យ​ទី​០៣​មេសា​នេះ។ (​ឡេង ឡែន/VOA)

គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការ​ការពារ​កេរមរតក​វប្បធម៌​អរូបី​នៃ​អង្គការ UNESCO កាល​ពី​ថ្ងៃ​ពុធ ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៦ បាន​ចុះ​បញ្ជី​ចាប៉ី​ដង​វែង​របស់​កម្ពុជា​នៅ​ក្នុង​បញ្ជី​មរតក​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការ​ការពារ​ជា​បន្ទាន់ និង​បាន​យល់ព្រម​ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​តាម​សំណើ​របស់​ប្រទេស​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ចំនួន ២ សែន ៣ ម៉ឺន ដុល្លារ​អាមេរិក ដើម្បី​ការពារ​មរតក​ប្រពៃណី​តន្ត្រី​ចាប៉ី​ដង​វែង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ UNESCO ដែល VOA ទទួល​បាន។

គម្រោង​ការពារ​មរតក​តន្ត្រី​ចាប៉ី​ដង​វែង ដែល​ស្នើ​ដោយ​ប្រទេស​កម្ពុជា​ដល់​អង្គការ UNESCO នេះ មាន​បញ្ជាក់​ពី​ទីកន្លែង និង​ពេលវេលា​ដែល​តន្ត្រី​ចាប៉ី​ដង​វែង​នេះ​ត្រូវ​លេង និង​ថែម​ទាំង​បាន​លើក​ឡើង​ពី​តម្រូវការ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​ចាប៉ី និង​តម្រូវការ​ឲ្យ​មាន​ការ​ផ្ដល់​អាហារូបករណ៍​ដល់​គ្រូ​បង្រៀន​ចាប៉ី​វ័យ​ក្មេង​របស់​កម្ពុជា​ផង​ដែរ។

ចាប៉ី​ដង​វែង​គឺ​ជា​ឧបករណ៍​សិល្បៈ​ប្រពៃណី​ខ្មែរ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជីវិត ទំនៀម​ទំលាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ចាប៉ី​ដង​វែង​អាច​ប្រើ​សម្រាប់​លេង​នៅ​ក្នុង​វង់​ភ្លេង​ការ វង់​ភ្លេង​បុណ្យ និង​វង់​ភ្លេង​មហោរី​ជា​ដើម។ ចាប៉ី​ដង​វែង​នេះ ក៏​អាច​ប្រើ​ទោល​សម្រាប់​លេង​កំណ​អារម្មណ៍ ឬ​សម្រាប់​គោល​បំណង​អប់រំ​ផ្សេងៗ​ផង​ដែរ ដោយ​ក្នុង​នោះ អ្នក​ដេញ​ចាប៉ី​នេះ​អាច​ច្រៀង ឬ​ពោល​ប្រកប​ដោយ​ពាក្យ​ពេចន៍​សារ​សព្ទ កំណាព្យ​កាប​ឃ្លោង​ចុង​ជួន​នានា ដើម្បី​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​លន្លង់​លន្លោច​ទៅ​តាម​សាច់​រឿង។

នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ប្រាជ្ញ​ផ្នែក​ចាប៉ី​ដង​វែង ដែល​នៅ​រស់រាន​មាន​ជីវិត​ចំនួន ២ រូប​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារ​វ័យ​ចាស់​ជរា លោក​ទាំង​ពីរ​មិន​សូវ​សកម្ម​នៅ​ក្នុង​ការ​លេង​ចាប៉ី​នេះ​ទេ៕