«តើអ្វីទៅជាជំងឺរបេង?» «តើជំងឺរបេងឆ្លងដោយរបៀបណា?» ហើយ «តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ពីអាការរោគ នៃជំងឺរបេង?» សំណួរទាំងនេះ ត្រូវចោទសួរទៅកាន់ អ្នកទោសចំនួន ជាង៥០០នាក់ ក្នុងចំណោមអ្នកទោសសរុបចំនួនជាង១.៥០០នាក់នៅមណ្ឌលអប់រំកែប្រែទី៣ ឬ ពន្ធនាគារក្នុងឃុំត្រពាំងផ្លុង ខេត្តកំពង់ចាម ក្នុងយុទ្ធនាការលើកដំបូងបំផុតដើម្បីអប់រំដល់ អ្នកទោស ក្នុងប្រទេសកម្ពុជាពីជំងឺរបេង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
យុទ្ធនាការមួយកំណាត់ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI) សហការជាមួយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អង្គការមួយចំនួនដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងអង្គការសុខភាពពិភពលោក(WHO)។
សំណួរទាំងនេះ ត្រូវចោទសួរដោយតារាចម្រៀងរែបល្បីឈ្មោះម្នាក់គឺ លោកឃ្លាំង សម្រាប់ជាការទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមពិរុទ្ធជន។ ពិរុទ្ធជនទាំងនោះក្នុងសំលៀកបំពាក់ឯកសណ្ឋានអ្នកទោស អាវខៀវ ខោខៀវ ឆ្នូតពណ៌សបានឆ្លើយសំណួរដោយលើកដៃយ៉ាងស្រុះគ្នា ហាក់ដូចជាទទួលបានការអប់រំជាមុន។
តារាចម្រៀងខ្មែររូបនេះ បានដឹកនាំក្រុមសិល្បៈមួយក្រុម ហើយបានសម្តែងឈុតកំប្លែងខ្លី ទាក់ទងនឹងជំងឺរបេងនេះផងដែរ។
លោក ឃ្លាំង បានចោទសួរបន្ថែមអំពីការរក្សាអនាម័យ ដើម្បីការពារការឆ្លងជំងឺរបេង និងសំណួរដែលថា តើជំងឺនេះអាចត្រូវបានព្យាបាលបានដែរ ឬទេជាដើម។
លោកវេជ្ជបណ្ឌិត ទាម បាក់ឃីម នាយករងនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន បានថ្លែងនៅក្នុងពីធីនោះថា អត្រាអ្នកកើតរបងនៅក្នុងពន្ធនាគារមានកម្រិតខ្ពស់ជាមធ្យមប្រាំមួយដង បើធៀបទៅនឹងប្រជាពលរដ្ឋធម្មតា។ ដូច្នេះ ការយល់ដឹងរបស់អ្នកទោសអំពីជំងឺនេះគឺជាការចាំបាច់បំផុត។
«ធម្មតាទេ ដើម្បីបំផុសឲ្យគេចូលរួម គេអត់ដឹងថា នៅក្នុងពន្ធនាគារនេះរបេង ច្រើនទេ។ យើងយល់ហើយពីព្រោះរបេង កាលណានៅផ្តុំគ្នា វាឆ្លងហើយឆ្លងតាមការដកដង្ហើម ហើយ ពួកគាត់នៅផ្តុំគ្នាជិតៗជាងអ្នកភូមិទៀតនោះ វាងាយឆ្លងណាស់ ហើយអត្រាស្លាប់ ក៏ងាយស្លាប់ដែរ។ ហើយការងាររបេងត្រូវតែអំពាវនាវគ្រប់ដៃគូរ ទាំងអស់ គ្រប់ស្ថាប័ន ទាំងអស់ ជួយគ្នាទើបបានទៅរួច»។
លោក គៀ សុវណ្ណា ប្រធានពន្ធនាគារមណ្ឌលទី៣ នៅក្នុងខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងពន្ធនាគារនេះ មានអ្នកទោសចំនួន ១.៥២១ នាក់ ហើយក្នុងចំណោមនោះ នៅពេលនេះ មានអ្នកកើតរបងចំនួន៣៩នាក់ ដែលអ្នកទាំងនោះ កំពុងទទួលបានការព្យាបាល និងនៅបន្ទប់ដាច់ដោយឡែកពីអ្នកទោសដែលគ្មានជំងឺ។ បញ្ហានេះបានធ្វើឲ្យអង្គភាពរបស់លោកជួបនូវការលំបាក ជាច្រើនផងដែរ។
លោកវេជ្ជបណ្ឌិត លី មិណា ជាអ្នកសម្របសម្រួលកម្មវិធីរបេង និងអេដស៍ នៃអង្គការសុខភាព គ្រួសារអន្តរជាតិ FHI 360 បានឲ្យដឹងថា នៅក្នុងមណ្ឌលអប់រំកែប្រែទី៣ក្នុងឃុំ ត្រពាំងផ្លុងនេះ មានអ្នកទោសកើតជំងឺរបេងច្រើនជាងគេក្នុងចំណោមពន្ធនាគារដែលបានរកឃើញថា មានអាត្រាជំងឺរបេងខ្ពស់។
«នៅទីនេះ ករណីរបេងសង្ស័យ និងរកឃើញមានច្រើនជាងគេនៅចំណោមពន្ធនាគារទាំងប្រាំពីរ ដែលអង្គការFHIធ្វើការជាមួយ ហើយចំនួនអ្នកទោសច្រើន ថ្នាក់ដឹកនាំ និងមន្រ្តីធ្វើការនៅ ទីនេះច្រើន អញ្ចឹងបើយើងធ្វើទៅ យើងគិតថាព័ត៌មានទាក់ទងនឹងរបេងនេះអាចផ្សព្វផ្សាយដល់អ្នកទោសហើយនឹងបុគ្គលិក និងអ្នកចូលរួមបានច្រើនតាមរយៈនេះ ការសម្របសម្រួល ហើយនឹងទទួល បានការគាំទ្រមកវិញប្រហែលជាបានលទ្ធច្រើន»។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ឆ្នាំ ២០១១ បានបង្ហាញជាទូទៅពន្ធនាគារ គឺជាកន្លែងប្រមូលផ្តុំ នៃក្រុមជន ដែលប្រឈមមុខ នឹងគ្រោះថ្នាក់មួយចំនួនដែលអាចបង្កើនការឆ្លង ឬ កើតជំងឺផ្សេងៗ រាប់បញ្ចូលទាំងជំងឺរបេងផងដែរ។ លើសពីនេះទៅទៀត ពន្ធនាគារអាចនៅមានការខ្វះខាតផ្នែកសេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត លី មិណា អះអាងថា អត្រាអ្នកកើតជំងឺរបេង នៅក្នុងពន្ធនាគារដែល ខ្ពស់ជាងប្រជាជនធម្មតាដល់ទៅ ១៧ ដង និងអត្រាស្លាប់មាន ៥ ភាគរយ ក្នុងឆ្នាំ ២០០៩ ក៏ប៉ុន្តែនៅឆ្នាំ ២០១១ បានធ្លាក់មកត្រឹមប្រាំពីរដងខ្ពស់ជាងប្រជាជនធម្មតា ហើយអត្រាស្លាប់បានស្ថិតក្នុងកំរិតសូន្យភាគរយ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា នៅក្នុងពន្ធនាគារទាំង២៦ ក្នុងប្រទេសកម្ពុជា មានអ្នកទោសប្រមាណជាង ១៥០០០នាក់ ក្នុងនោះមានអ្នកកើតរបេងចំនួនជាង ១៣០ នាក់ នៅក្នុងឆ្នាំ ២០១១ កន្លងទៅនេះ។
លោកស្រី សោម សួគ៌ា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលចូលរួមក្នុងកម្មវិធី នោះ បានឲ្យដឹងថា ការផ្សព្វផ្សាយពីជំងឺរបេង ក្នុងពេលនេះ អាចជួយកាត់បន្ថយការឆ្លងជំងឺនេះ ក្នុងពន្ធនាគារយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីអ្នកជំងឺទាំងនោះ បានយល់ដឹងពីការឆ្លងការព្យាបាល ការបង្ការ និងផលវិបាកនៅពេលកើតមានជំងឺនេះ។
«ពីព្រោះអីពីមុនមក នៅក្នុងមណ្ឌលអប់រំកែប្រែទី៣នេះ គឺថាអ្នករបេងមានច្រើនប៉ុន្តែ មកដល់ពេលនេះ ដោយយើងមានថ្នាំព្យាបាល ការពារតាមស្តង់ដា គឺថាអត្រានៃការឆ្លងរាលដាលតទៅមុខមានតិចណាស់»។
របាយការណ៍ររបស់មជ្ឈមណ្ឌលជាតិដដែល ក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានចាត់ទុកជំងឺរបេងជាជំងឺអទិភាព ក្នុងចំណោមជំងឺឆ្លងដទៃទៀត។ ទោះបីជាយ៉ាងណា អត្រាមានជំងឺ និងអត្រាស្លាប់នៅមានកម្រិតខ្ពស់។ កម្មវិធីជាតិកម្ចាត់រោគរបេងនៅតែត្រូវការចំបាច់ជាងសកម្មភាពមួយចំនួនទៀត។
លោកស្រីវេជ្ជបណ្ឌិត មូនិច មូសូស ( Dr Monique Mosolf ) ប្រធានការិយាល័យសុខភាព និងអប់រំរបស់USAIDបានមានប្រសាសន៍ដែរថា ទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺរបេងមានការធ្លាក់ចុះប្រមាណជា៣៦ភាគរយក៏ដោយ ក៏ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលរោគរបេងនៅក្នុងពន្ធនាគារនៅមានការយឺតយាវនៅឡើយ ដែលជាហេតុបណ្តាឲ្យអត្រាអ្នកកើត ជំងឺរបេង នៅក្នុងពន្ធនាគារ នៅតែមានកម្រិតខ្ពស់នៅឡើយ។
អង្គការសុខភាពពិភពលោកបានចាត់កម្ពុជាចូលក្នុងបញ្ជីប្រទេសចំនួន២២ ដែលមានអ្នកផ្ទុកជំងឺរបេងធ្ងន់ធ្ងរនៅក្នុងសកលលោក។
អ្នកជំងឺរបេងនៃប្រទេសទាំង២២នេះ មានចំនួនស្មើរនឹង៨០ភាគរយ នៃចំនួនករណីរបេងសរុបក្នុងពិភពលោកប្រមាណជា៨.៨ លានក្នុងឆ្នាំ២០០៧៕