កម្ពុជា​សុំ​ឱ្យ​វៀតណាម​ឈប់​រំលោភ​ព្រំដែន​

រូប​ឯកសារ៖ មន្ត្រី​ប៉ូលិស​កម្ពុជា​ឈរ​យាម​ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​គ្រវី​ទង់ជាតិ​វៀតណាម​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ព្រែក​មួយ​ ក្នុង​អំឡុង​ពេល​​ទស្សនកិច្ច​​ចុះ​ត្រួត​ពិនិត្យ​ព្រំដែន​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

ការ​ស្នើ​សុំឲ្យ​បញ្ឈប់​សកម្មភាព​រំលោភ​ព្រំដែន​​​កម្ពុជា​ពី​សំណាក់​ភាគី​វៀតណាម​​នេះ​កើតមាន​ឡើង​​ បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ផ្ញើ​​ទៅ​ភាគី​វៀតណាម​ ជា​បន្តបន្ទាប់​ចាប់​តាំង​ពីឆ្នាំ២០១១​ រហូត​មកដល់​ឆ្នាំ​២០១៦នេះ ​មាន​ចំនួន​ដល់​ទៅ​ជា​ង​២០ដង។​

ក្រសួង​ការបរទេស​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​ កម្ពុជា​បាន​ស្នើភាគី​វៀតណាម​ឲ្យ​បញ្ឈប់​ការ​រំលោភ​ព្រំដែន​កម្ពុជា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​និង​វៀតណាម​ដែល​ស្ថិត​ក្នុង​ខេត្ត​មួយ​ចំនួន​ នៃ​ប្រទេស​រួម​មាន​ខេត្ត​នៅ​ភាគ​ឦសាន​ គឺ​ខេត្ត​រតនគីរី​ និង​មណ្ឌល​គីរី​ និង​ខេត្តនៅ​ភាគ​ខាងកើត​ គឺ​ខេត្ត​ស្វាយ​រៀង​ តាកែវ​ និង​ខេត្ត​កណ្តាល។ នេះ​បើ​ទៅ​តាម​លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​បាន​ផ្ញើ​ជូន​ភាគី​វៀតណាម​និង​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​ការ​តវ៉ា​របស់​ខ្លួន​ប្រឆាំង​ការ​រំលោភបំពាន​ពី​ភាគី​វៀតណាម​ កម្ពុជា​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ អំពី​ការ​រំលោភ​បំពាន​នានា​ រួមមាន​ការ​ជីក​ស្រះ​ ៩កន្លែង​ និង​ការ​សង់​អគារ​ និង​ផ្លូវ​បេតុង​ក្នុង​ខេត្ត​រតនគីរី​ ការ​ធ្វើ​ផ្លូវ​ និង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​តំបន់​ដាក់​ដាង ​ដាក់​ហ៊ូត​ ខេត្ត​មណ្ឌលគីរី ​ការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ស្វាយរៀង ការ​សាងសង់​ប៉ុស្តិ៍​យោធា​ នៅ​ខេត្ត​កណ្តាល​ និង​ការ​ធ្វើ​ប៉ុស្តិ៍​នៅ​ច្រក​ទា្វរ​ហួយដុង​ ជាប់​បង្គោល​ព្រំដែន​លេខ​ ២៦០​ ទល់​មុខ​ច្រក​ទ្វារ​កំពង់​ក្រសំាង​ស្រុក​បូរីជលសារ​ខេត្ត​តាកែវ។

ការ​ស្នើ​សុំឲ្យ​បញ្ឈប់​សកម្មភាព​រំលោភ​ព្រំដែន​កម្ពុជា​ពី​សំណាក់​ភាគី​វៀតណាមនេះ​កើតមាន​ឡើង បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ផ្ញើ ​ជូន​ទៅ​ភាគី​វៀតណាម​ ជា​បន្តបន្ទាប់​ចាប់​តាំង​ពីឆ្នាំ​ ២០១១​ រហូត​មកដល់​ឆ្នាំ​ ២០១៦នេះ ​មាន​ចំនួន​ដល់​ទៅ​ជា​ង​២០ដង។​ លិខិត​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុងក្រោយ ចុះ​ថ្ងៃ​ទី​ ១៨​ ខែ​សីហា​ ​បាន​ឲ្យ​ដឹង​ថា​ ការប្រជុំ​ចង្អៀតមួយ​រវាង​ភាគី​កម្ពុជា​ និង​វៀតណាម​អំពី​កិច្ចការ​ព្រំដែន​ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ២៩ ​ខែ​សីហា​នេះ​ នៅ​រាជធានី​ភ្នំពេញ​។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​ លោក​ ជុំ​ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​លិខិត​ដែល​បាន​ផ្ញើ​ទៅ​ក្រសួង​ការ​បរទេស​វៀតណាម​នៅ​ទីក្រុង​ហាណូយ។​

យ៉ាងណា​ក៏ដោយ​ លោក​ វ៉ា​ គឹមហុង​ ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​រសៀលថ្ងៃ​ សុក្រ​នេះ​ថា​ រាជរដ្ឋាភិបាល​កំពុង​ធ្វើការ​តវ៉ា​ជាមួយ​ប្រទេស​វៀតណាម​ ដែល​បាន​រក្សា​ការ​បំពាន​របស់​ខ្លួន​មក​លើ​ព្រំដែន​កម្ពុជា​ តាម​ការ​បញ្ជូន​កំណត់​ទូត​ជាច្រើន​ជា​ច្រើន​សារ​ដល់​ភាគី​វៀតណាម។​ លោក​មានប្រសាសន៍​ថា​ ទោះ​បី​វៀតណាម​មិន​ទាន់​ព្រម​ធ្វើតាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​ក៏​ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បញ្ឈប់​ការ​តវ៉ា​របស់​ខ្លួន​ដែរ។​

លោក​អះអាង​ថា​ កម្ពុជា​ នឹង​ធ្វើ​ការ​បកស្រាយ​បន្ថែម​អំពី​ការ​រំលោភបំពាន​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៩​ ខែ​សីហា​នេះ។​

«យើង​អត់មាន​ឈប់​ទេ។​ យើង​អត់​មាន​ទទួល​ការ​ដែល​រំលោភ​ដី​អស់​ហ្នឹង​ យើង​អត់មាន​នេះ​ទេ​ អាហ្នឹង​ខាងផ្លូវ​ច្បាប់​អន្តរជាតិ។​ យើង​ត្រូវ​តែ​រក្សា​ជំហរ​យើង​រឹងមាំ​តើ​អាហ្នឹង​ ​ជា​បញ្ជា​សម្តេច​តេជោ។​ យើង​ផ្ញើ​ទៅ​ម្សិលមិញ​ ហើយ​ថ្ងៃ​ហ្នឹង​គឺ​ថា​សម្តេច​តេជោ​ លោកឲ្យ​ផ្ញើ​ទៅ​ទាំង​អស់។​ អត់​មាន​ទុកទាម​អី​ទេ​ ឲ្យ​ប្រជាជន​ដឹង​ថា​យើង​ធ្វើ។​ រដ្ឋាភិបាល​យើង​ធ្វើ​ អីចឹង​មិនមែន​ជា​រឿង​ទុកចោល​ទេ​។​ អីចឹង​បាន​ថា​ ឲ្យ​ក្រសួង​ការ​បរទេស​ធ្វើ​ទាំង​អស់​ រំឮក​តាំងពី​ប៉ុន្មាន​ឆ្នាំ​មក»។​

លោក​បាន​បនុ្ត​ថា ការ​បញ្ចេញ​ឲ្យ​ដឹង​ព័ត៌មាន​លម្អិត​ ពី​សកម្មភាព​រំលោភបំពាន​ព្រំដែន​កម្ពុជា​ ពី​ភាគី​វៀតណាម​នេះ​ បាន​កើតឡើង​បន្ទាប់ពីកម្ពុជា​ បាន​រក្សា​ការសម្ងាត់​តាម​ការទូត​ ក្នុង​ការ​តវ៉ា​ឲ្យ​វៀត​ណាម គោរព​បូរណភាព​ទឹកដី​កម្ពុជា។​ លោក​បន្ថែម​ថា​ កម្ពុជា​មិនបាន​ទ្រាំ​ស្ងៀម​ ឲ្យ​ភាគី​វៀតណាម​បន្ត​សកម្មភាព​រំលោភ​ដែនដី​កម្ពុជា​បាន​នោះ​ឡើយ។​

យោង​តាម​លិខិត​របស់​ក្រសួង​ការបរទេសកម្ពុជា​ផ្ញើ​ជូន​ភាគី​វៀតណាម​ បាន​សង្កត់​ធ្ងន់​ពី​ជំហរ​កម្ពុជា​ ដោយ​បាន​បញ្ជាក់​ថា​ ស្របតាម​ស្មារតី​ និង​ខ្លឹមសារ​នៃ​កំណត់​ទូត​ និង​លិខិត​ដូចដែល​បាន​ជំរាប​ជូន​ទាំង​អស់​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​សូម​ស្នើ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ជា​ថ្មី​ម្តង​ទៀត​ សូមឲ្យ​បញ្ឈប់​សកម្មភាព​សាងសង់​ទាំងអស់​ខាង​លើ​ជាបន្ទាន់​។​

កម្ពុជា​ក៏បាន​ ស្នើ​ឲ្យ​វៀតណាម​ ​ធ្វើ​ឲ្យ​ស្ថានភាព​បរិស្ថាន​ នៅ​តំបន់​ដូច​រៀបរាប់​ខាង​លើមាន​សភាពដូចដើម​វិញ​ ព្រមទាំង​ចាត់​វិធានការ​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​មក​ដាំ​ដុះ​ ឬ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ទាំងឡាយ​ណា​ដែល​មិន​ទាន់​បញ្ចប់​ការ​ខណ្ឌ​សីមា​និង​បោះបង្គោល​ព្រំដែន​។​

លិខិត​ដដែល​របស់​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​គ្នា​ស្នើសុំ​បារំាង​ផ្តល់​អ្នកជំនាញ​បច្ចេក​ទេស​ខាង​ផែនទី​ មកចម្លង​ខ្សែ​ព្រំដែន​ផែន​ទី​បោន​ ខ្នាត​ ១/១០០​ ០០០​ ទៅលើ​ផែនទី​ UTM​ ខ្នាត​ ១/៥០​ ០០០​ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ៣០-៤០​ ស្ថិត​ក្នុង​ខេត្ត​រតនគីរី​/ដាក់ឡាក់​ និង​នៅ​ចន្លោះ​បង្គោល​ព្រំដែន​ លេខ​ ១៣៨-១៤៧​ ស្ថិត​ក្នុង​ភូមិដូង​ខេត្ត​ស្វាយ​រៀង​/តៃនិញ​ ព្រមទាំង​ជួយ​ដៅ​ខ្សែ​ព្រំដែន​នៅ​លើ​ដី​ជាក់​ស្តែង​នោះ​។​

ការ​ព្រមព្រៀង​គ្នា​នេះ​ បាន​កើត​ចេញ​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បក្សកុម្មុយនីស្ត​វៀតណាម​ ដែល​រៀបចំឡើង​កាល​ពីថ្ងៃ​ទី​ ១៩​ ខែមីនា​ ឆ្នាំ​ ២០១៦ នៅ​ទីក្រុង​ហូជីមីញ ប្រទេស​វៀណាម។​

លោក ​ម៉ៅ​ មុន្នីវណ្ណ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់​ចាម បាន​ថ្លែង​គំាទ្រ​ចំពោះ​ការ​ស្នើ​រកជំនួយ​គំាទ្រ​ផ្នែក​បចេ្ចកទេស​ ពី​ប្រទេស​បារាំង​ ដោយសារ​ប្រទេស​កម្ពុជា​ពុំមាន​ប្រៀប​ច្រើន​ក្នុង​តតាំង​ជាមួយ​វៀតណាម​ដែល​ជា​ប្រទេស​ធំ​ទាំង​ក្នុង​វិស័យ​យោធា​ និង​សេដ្ឋកិច្ច។​

«ទាក់​ទង​បញ្ហា​នេះ​ ខ្ញុំ​ ខ្ញុំ​គំាទ្រ​បាទ​ ជំរុញ​ឲ្យ​មាន​ប្រទេស​ទីបី​ ជួយ​បែបនេះ​ តែ​បើ​សិន​ជា​ យន្តការ​នេះ​ទៅ​មិនរួច​ គឺមានតែ​ឈាន​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ហើយ​ ព្រោះ​អ្វី​ប្រទេស​យើង​តូច​ជាង​គេ​បាទ»។​

ក្រសួង​ការ​បរទេសកម្ពុជា​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន​ថា​ កម្ពុជា​សង្ឃឹមថា​ គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​គ្រោង​នឹង​ប្រជុំ​ចង្អៀត​ នៅថ្ងៃ​ទី២៩​ ខែសីហា​ ឆ្នាំ​ ២០១៦​នៅភ្នំពេញ​ នឹង​ឆាប់​ឯកភាព​គ្នា​លើ​លិខិត​ស្នើសុំ​ទៅ​លោក​ប្រធានាធិបតី​បារាំង​ ដើម្បី​ពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយ​បច្ចេកទេស​នេះ​ឲ្យ​បាន​ឆាប់​។​

នៅ​ក្នុង​សំណុំរឿង​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​ មន្ត្រី​គណបក្ស​ប្រឆាំង​ពីរ​រូបគឺ​លោក​ ហុង​ សុខហួរ​សមាជិក​ព្រឹទ្ធិសភា​ និង លោក​ អ៊ុំ​ សំអាន​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀម​រាប​ ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​ការ​អធិប្បាយ​នានា​របស់​ពួកគេ​ទាក់​ទិន​ការប្រើ​ប្រាស់​ផែន​ទី​ និង​កំណត់​ព្រំប្រទល់​កម្ពុជា​វៀតណាម។

លោក​ ហ៊ុន សែន​ បាន​ព្រមាន​ខ្លំាងៗ​ថា​ ការ​ចាប់​ខ្លួន​នឹង​ធ្វើ​ឡើង​ជា​បន្ទាន់​ ប្រសិនបើ​ជន​ណា​ម្នាក់​មិន​ថា​តំណាងរាស្ត្រ​ ឬ​ជន​សាមញ្ញ​ធម្មតា​ និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ​ សម្រាប់​ការ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម៕