ជនជាប់ចោទអាយុ៨៦ឆ្នាំរូបនេះត្រូវដឹកទៅកាន់មន្ទីរពេទ្យកាលពីម៉ោង៣រសៀលថ្ងៃអាទិត្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ភ្នំពេញ៖ ជនជាប់ចោទនួន ជាត្រូវបញ្ជូនបានទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដោយសារជំងឺរលាកទងសួតស្រួចស្រាវ។ នេះបើយោងតាមមន្ត្រីសាលាក្តីខ្មែរក្រហម និងមេធាវីជនជាប់ចោទនៅថ្ងៃច័ន្ទនេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បញ្ជាក់ថា ជនជាប់ចោទអាយុ៨៦ឆ្នាំរូបនេះត្រូវដឹកទៅកាន់មន្ទីរពេទ្យកាលពីម៉ោង៣រសៀលថ្ងៃអាទិត្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
លោកបញ្ជាក់ថា ក្រៅពីមានជំងឺរលាកទងសួត ជនជាប់ចោទ«មានការហេវហត់ អស់កម្លាំងខ្លាំង»។
«គាត់មានការរលាកទងសួតស្រួចស្រាវនិងមានការហេវហត់អស់កម្លាំង»។
សហមេធាវីជាតិរបស់នួន ជាគឺលោកសុន អារុណឲ្យដឹងថា កូនក្តីរបស់គាត់បានដួលអុកគូទកាលពីម្សិលមិញនេះក្នុងបន្ទប់ឃុំឃាំង ហើយនួន ជា ទល់លាមក ប៉ុន្មានថ្ងៃមកហើយ។
អង្គជំនុំជម្រះសាលាដំបូងបានផ្អាកការកាត់ទោសនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារបញ្ហាសុខភាពរបស់ជនជាប់ចោទ ហើយគ្រោងនឹងបើកសវនាការឡើងវិញនៅថ្ងៃពុធទី១៦ខែមករាដើម្បីពិនិត្យថា តើត្រូវបន្តសវនាការដោយគ្មានវត្តមាននួន ជា ឬយ៉ាងណា ប្រសិនបើនួន ជាបោះបង់សិទ្ធិចូលរួមសវនាការ ឬមួយត្រូវផ្អាកការកាត់ទោសមួយរយៈទៀត ប្រសិនបើនួន ជាមិនបោះបង់បង់សិទ្ធិចូលរួមសវនាការ ហើយនៅតែឈឺមិនទាន់វិលត្រឡប់មកកាន់បន្ទប់កាត់ទោសបាននោះ។
លោកសុន អារុណបញ្ជាក់ថា កូនក្តីរបស់លោកមិនព្រមបោះបង់សិទ្ធិចូលរួមការកាត់ទោសទេ។
«គាត់ធ្វើលិខិតមួយផ្តិតមេដៃឲ្យមកខ្ញុំជូនតុលាការថា គាត់សុំមិនលះបង់សវនាការទេ»។
នួន ជាត្រូវដាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លោកនេត្រ ភក្ត្រាឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យរំពឹងថា នួន ជាត្រូវការការព្យាបាលយ៉ាងហោចណាស់ក្នុងរង្វង់រយៈពេលមួយសប្តាហ៍ដើម្បីអាចវិលត្រឡប់មកកាន់បន្ទប់ឃុំឃាំងវិញបាន។
«គេអាចថា គាត់ត្រូវការរយៈពេលពីបួនទៅប្រាំពីរថ្ងៃដើម្បីសម្រាកព្យាបាល។ តែយើងមិនដឹងថា លោកនួន ជាត្រូវការរយៈពេលប៉ុន្មានពិតប្រាកដដើម្បីស្ថិតនៅក្នុងមន្ទីរពេទ្យនោះទេ»។
នួន ជា អតីតប្រធានសភាខ្មែរក្រហមនិងជាមេមនោគមវិជ្ជានៃរបបនេះដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១លាន៧សែននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧។ គាត់គឺជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ ដែលមានមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់។ ប៉ុន្តែអៀង ធីរិទ្ធ អតីត
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរបស់ខ្មែរក្រហមត្រូវដោះលែងកាលពីឆ្នាំមុន ដោយសារជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
អៀង សារីធ្លាប់បានចូលពេទ្យអស់រយៈពេលជាងមួយខែ កាលពីចុងឆ្នាំ២០១២ ដោយអាការៈហត់ហេវខ្លាំង។
សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការស្តីពីបញ្ហាសុខភាពនិងកាយសម្បទាសម្រាប់ចូលរួមការកាត់ទោសលើជនជាប់ចោទអៀង សារី និងនួន ជា នៅថ្ងៃទី២០និង២១ខែមិនាឆ្នាំនេះ។
ទាំងលោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម និងលោកសុន អារុណ ស្មាក្តីរបស់នួន ជា សុទ្ធតែបានលើកឡើងពីការព្រួយបារម្ភដូចគ្នាពីស្ថានភាពសុខភាពរបស់ជនជាប់ចោទ៕