ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា យ៉ាងតិចមានប្រជាពលរដ្ឋ១២នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ និងប្រមាណជិត២០នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សាមួយ នៅសហគមន៍បុរីកីឡា កណ្តាលទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ។
ការប៉ះទង្គិចគ្នានេះបានកើតមានឡើង ដោយសារតែក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ សុផានបានប្រើប្រាស់កម្លាំងសមត្ថកិច្ចច្រើនរាប់រយនាក់ ប្រដាប់ដោយអាវុធ ខែល ដំបងឆក់ និងរថយន្តពន្លត់អង្គីភ័យ បានទៅបណ្តេញប្រជាពលរដ្ឋដោយបង្ខំឲ្យចេញពីសហគមន៍បុរីកីឡា។
ក្រុមអាជ្ញាធរសមត្ថកិច្ចបានប្រើប្រាស់ខែល រថយន្តបាញ់ទឹកនិងបាញ់កាំភ្លើងឧស្ម័នបង្ហូរទឹកភ្នែក ដាក់ក្រុមប្រជាពលរដ្ឋដែលឈរកាន់ដំបង ព្រមទាំងដុតកង់ឡានឆេះសន្ធោសន្ធៅ ក៏ប៉ុន្តែក្នុងខណៈពេលនោះ ប្រជាពលរដ្ឋបានតបតមកវិញ ដោយគប់ដុំថ្ម លាយឡំនឹងសំបកដប ដាក់សមត្ថកិច្ចទៀតផង។
មន្ត្រីប៉ូលិស ដែលសមត្ថកិច្ចបានអះអាងថា ឈ្មោះភួង ម៉ាឡៃ ស្នងការរងប៉ូលិសក្រុងភ្នំពេញ និងលោកសយ ចាន់ឌី មេបញ្ជាការប៉េអឹមខណ្ឌ៧មករា បានរងរបួសបែកក្បាលហូរឈាម ដោយសារតែត្រូវដុំថ្មរបស់ប្រជាពលរដ្ឋ។ ចំណែកឯប្រជាពលរដ្ឋឈ្មោះរឿង ស្រីពៅ និងប្អូនប្រុសឈ្មោះសុខ ហេង អាយុ១៣ឆ្នាំ សិស្សសាលានៅវត្តព្រះពុទ្ធមានបុណ្យ បានរងរបួសបែកក្បាល ហើយបានចោទប្រកាន់ថា សមត្ថកិច្ចបានប្រើប្រាស់អំពើហិង្សាវាយដំមកលើពួកគេ។
ប្អូនប្រុសសុខ ហេងបានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖
«នៅមិននៅ គាត់ក៏មកចាប់ខ្ញុំ។ ខ្ញុំអាយុ១៣ឆ្នាំ។ ខ្ញុំឈ្មោះសុខ ហេង។ ខ្ញុំរៀននៅសាលាវត្តព្រះពុទ្ធ»។
ក្រុមប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងមួយៗ ចេញពីសហគមន៍បុរីកីឡា ក្រោយពីការប៉ះទង្គិចគ្នាបានចប់។ ប្រជាពលរដ្ឋជាច្រើន ដែលមានរបួសចំផ្ទៃមុខ និងបែកក្បាល ត្រូវបានបណ្តើរចេញ ដោយមានសមត្ថកិច្ចចាប់ក្រៀកយ៉ាងអែន។
«ខ្ញុំឥតដឹងរឿងផង។ ខ្ញុំមកឈរមើលគេ។ បែកមាត់ហ្នឹង គេវ៉ៃ។ ប៉ូលិសគាត់វៃ។ ខ្ញុំគិតថា សាហាវណាស់។ ខ្ញុំឥតបានបាញ់ប៉ូលិសផង»។
ចំណែកឯមន្ត្រីយោធាបីរូបផ្សេងទៀតត្រូវបានកងរាជអាវុធហត្ថក្រុងភ្នំពេញចាប់បញ្ជូនទៅការិយាល័យរបស់ខ្លួន។
«គេថា ទៅជួបមេគេ នៅសាលាខណ្ឌ នៅឯអង្គរក្ស។ អាហ្នឹង គេចង់សួរ ថាយើងមកហ្នឹងមានមូលហេតុអ្វី?»
អ្នកស្រីភួង ថាវី អាយុ៣៦ឆ្នាំ នៅក្រុមទី១២ សង្កាត់វាលវង់ ខណ្ឌ៧មករា បានស្រែកទ្រហោយំ នៅពេលដែលផ្ទះរបស់អ្នកស្រីត្រូវបានអាជ្ញាធរវាយកម្ទេចឲ្យរាបដល់ដី។
«ខណ្ឌ និងប្រធានភូមិ និងក្រុមហ៊ុនគាត់អ្នកដឹង។ គាត់អង្វរពួកខ្ញុំឲ្យរើចេញមក។ រើចេញមក រងចាំការដោះស្រាយ។ ឥឡូវនេះ តើនេះជាវិធីដោះស្រាយរបស់ពួកគាត់ឬ?»
លោកហ៊ី ព្រូ ស្នងការរងប៉ូលិសក្រុងភ្នំពេញ និងលោកកើត ឆែ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលមានវត្តមាននៅកន្លែងកើតហេតុនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយដល់អ្នកសារព័ត៌មានទេ។
«ខ្ញុំឥតដឹងទេ។ ទៅសួរមេបញ្ជាការគេទៅ! ខ្ញុំវាក្តាប់អត់បាន។ ពួកខ្ញុំអត់និយាយទេ»។
លោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា ការបង្ក្រាបរបស់អាជ្ញាធរប៉ូលិសនេះ បានរំលោភទៅលើសិទ្ធិមនុស្ស និងរំលោភទៅលើសិទ្ធិលំនៅដ្ឋាន។
«អ្វីដែលជាការមើលឃើញជាក់ស្តែង យើងឃើញថា កម្លាំងដែលមកធ្វើនេះ វាហាក់បីដូចជាមានចេតនាយកឈ្នះ យកចាញ់តែម្តង។ មិនមែនជារឿងដោះស្រាយទេ»។
ការប៉ះទង្គិចរហូតឈានទៅដល់ការប្រើប្រាស់អំពើហិង្សានេះបានកើតឡើង ក្រោយពីក្រុមប្រជាពលរដ្ឋបានចោទប្រកាន់ថា កុ្រមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ សុផានមិនបានសាងសង់អគារពីរបន្ថែមទៀតតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលតម្រូវឲ្យក្រុមហ៊ុននេះសាងសង់១០អគារនៅសហគមន៍បុរីកីឡា។
ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ នៅតែអះអាងថា ពួកគេខ្វះទីជម្រក ដោយសារតែក្រុមហ៊ុនផានអ៊ីម៉ិចមិនបានសាងសង់ឲ្យគ្រប់ចំនួនទៅតាមការកំណត់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកឯប្រជាពលរដ្ឋ៥០គ្រួសារផ្សេងទៀត ដែលបានទទួលសំណងដី១ឡូ និងទឹកប្រាក់ប្រមាណ៥០ម៉ឺនរៀលគឺស្មើជាង១០០ដុល្លារសហរដ្ឋអាមេរិកជាថ្នូរនឹងការចាកចេញនោះ បានទៅរស់នៅភ្នំបាត ជាង២០គីឡូម៉ែតពីទីក្រុងភ្នំពេញ។
លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ធ្លាប់បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា ក្រុមហ៊ុនបានសាងសង់៨អគារ គឺគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍បុរីកីឡានេះហើយ៕