អ្នក​បុរី​កីឡា​សុំ​ឱ្យ​តុលាការ​ពន្លឿន​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច

ពលរដ្ឋ​បូរីកីឡា​ជិត​២០០គ្រួសារ​ត្រូវ​បាន​គេឲ្យ​ទៅរស់នៅ​តំបន់​ភ្នំបាត ​និង​តំបន់​ទួលសម្បូរណ៍។

ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បុរីកីឡា ​ដែល​ពុំទាន់​បាន​ទទួល​ផ្ទះ​សម្បែង​ប្រមាណ​ជិត​៥០​នាក់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​តុលាការ​ក្រុងភ្នំពេញ​ដើម្បី​ឲ្យ​តុលាការ​ពន្លឿន​ពាក្យបណ្តឹង​របស់​ពួកគេ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​របស់​លោកស្រី​ស៊ុយ ​ស៊ីផាន។

ក្រុម​អ្នក​តវ៉ា​បានឈរ​កាន់​បដា ​ព្រម​ទាំង​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​នៅ​ពី​មុខ​តុលាការ។​ ក៏ប៉ុន្តែ​រយៈពេល​ពីរ​ម៉ោង​ក្រោយ​មក ​ក្រុម​ប្រជាពលរដ្ឋ​បាន​សម្រេច​រំសាយ​ទៅ​វិញ​ បន្ទាប់​ពី​មាន​កម្លាំង​មន្ត្រី​ប៉ូលិស​មក​ហាមឃាត់។

អ្នកស្រី ​ជុំ ​ងាន់ ​អាយុ​៣៩​ឆ្នាំ​ តំណាង​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​អ្នកស្រី​ចង់​ឲ្យ​តុលាការ​ពន្លឿន​ពាក្យ​បណ្តឹង​ប្រជាពលរដ្ឋ។​ អ្នកស្រី​បាន​និយាយ​ថា​ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​ បាន​ជំទាស់​ទៅ​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ទៅរស់នៅ​តំបន់​ភ្នំបាត ​និង​តំបន់​ទួលសម្បូរណ៍។

«ពួក​ខ្ញុំ​ឥតព្រម​ទេ ​អារឿង​ភ្នំបាត ​ទួលសម្បូរណ៍។ ​បើ​ពួក​ខ្ញុំ​ព្រម ​ខ្ញុំ​ទៅ​តាំង​ពី​យូរ​ មិន​ដល់​ថ្នាក់​ជាប់​នៅ​ព្រៃស្ពឺ ​ជាប់​នៅ​ស្នងការ ​ឬជាប់​នៅ​ព្រៃស ​ជា​ដើម»។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ​ដែល​ពុំ​ទទួល​បាន​ផ្ទះ​សម្បែង​ បាន​ដាក់​ពាក្យ​បណ្តឹង​ពីរ​ដាច់​ដោយ​ឡែកៗ​ ពី​គ្នា​ទៅ​កាន់​តុលាការ​ភ្នំពេញ ​ដោយ​ប្តឹង​ពី​បទ​រដ្ឋប្បវេណី ​និង​ពី​បទ​ព្រហ្មទណ្ឌ។

ចំពោះ​បណ្តឹង​រដ្ឋប្បវេណី​ប្រជា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ ​កន្លង​ទៅ​នេះ ​ដើម្បី​ប្តឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ថា​មិន​បាន​គោរព​តាម​សន្យា​ និង​ទាមទារ​សំណង​ក្នុង​មួយ​គ្រួសារ​ចំនួន​បួន​លានរៀល ​និង​បណ្តឹង​ទី​២ ​ពី​បទ​ព្រហ្មទណ្ឌ ​ប្រជាពលរដ្ឋ​បាន​ប្តឹង​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​មិនា ​ប្តឹង​អ្នកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ថា​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​កន្លង​ទៅ​នេះ។

អ្នកស្រី ​ព្រំ ​ពេជ ​អាយុ​៧០​ឆ្នាំ ​កំពុង​អង្គុយ​បទ​ជើង​ទ្រហ៊ោ​យំ​ នៅ​កណ្តាល​ហ្វូង​ក្រុមបាតុករ​បាន​និយាយ​ថា ​អ្នកស្រី​គ្មាន​ទីជម្រក​ទេ ​បន្ទាប់​ពី​ផ្ទះ​សម្បែង​បាន​បាត់បង់។

«បើ​សិន​ជា​ភ្លើង​ឆេះ​ផ្ទះ ​ក៏​នៅ​សល់ដី​ដែរ ​តែ​ឥឡូវ​នេះ​ស្អី​ក៏គ្មាន។ ​ឥឡូវ​ហ្នឹង​ឥវ៉ាន់​បន្តិចបន្តួច​រើ​យក​ទៅ​ផ្ញើ​គេ​អស់​ហើយ​ពេល​នេះ​។ ​ខ្ញុំ​ស៊ូទ្រាំ​ជាង​ពីរ​ខែ​មក​ហើយ»។

លោក ​ឌុច ​គឹមសន ​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ​លោក​ពុំ​ទាន់​បាន​ពិនិត្យ​សំណុំរឿង​នេះ​នៅ​ឡើយ។

«ឥតដឹង​ ខ្ញុំ​ឥត​បាន​ដឹង​ផង។ ​ចាំមើល​ខ្ញុំ​សួរ​ទៅ​ខាង​រដ្ឋបាល ​ខ្ញុំ​សួរ​សិន»។

លោក ​យិន ​សាវ៉ាត ​មេធាវី​ការពារក្តី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ តាម​ក្រមនីតិវិធី​របស់​តុលាការ​បាន​កំណត់​ថា ​បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​មួយ​ខែ ​តុលាការ​ត្រូវ​តែ​ចេញ​ដីកា​ ដើម្បី​កោះហៅ​ភាគី​ទាំង​សងខាង ​ធ្វើ​នីតិវិធី​ត្រៀម​ការពារក្តី។ ​ក៏ប៉ុន្តែ​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​ លោក​មិន​ទាន់​បាន​ទទួល​ដីកា​កោះហៅ​ពី​តុលាការ​នៅ​ឡើយ​ទេ។

«ខ្ញុំ​គិត​ថា ​ប្រហែល​ជា​គេ​មិន​ខ្លាច​ទេ។ ​ព្រោះអី​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ គាត់​ដោះស្រាយ​ គឺ​គាត់​ឈរ​នៅ​លើ​ផ្លូវ​ច្បាប់។ ​អញ្ចឹង ​ខ្ញុំ​គិត​ថា​ឥត​មាន​អី​គួរ​ឲ្យ​ខ្លាច​ទេ»។

អ្នកស្រី ​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​មិន​អាច​សុំ​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​បាន​ចាប់​ផ្តើម​សាងសង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ​នៅ​តែ​ចោទ​ប្រកាន់​ថា​ ការ​សាងសង់​អគារ​ពីរ​បន្ថែម​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​នេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ឈ្មោះ​ស្នាក់នៅ​អគារ​ថ្មី​នេះ​នៅ​ឡើយ៕