នៅក្បែរអគារដែលកំពុងសាងសង់ចំនួនពីររបស់ក្រុមហ៊ុនផានអ៊ីម៉ិច ក្រុមអ្នកភូមិបុរីកីឡាប្រមាណ៥០នាក់ ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំ បានប្រមូលផ្តុំគ្នាតវ៉ាសារជាថ្មីម្តងទៀត ដើម្បីឲ្យក្រុមហ៊ុនផ្តល់ទីជម្រកដល់ពួកគេឲ្យបានរស់នៅក្នុងអគារ ដែលទើបនឹងបានសាងសង់ថ្មីនេះ។
ក្រុមអ្នកតវ៉ាដែលក្នុងនោះមានកុមារតូចៗផងដែរ បានឈរកាន់បដា ដែលបានទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយទីជម្រកដល់ពួកគេ និងកាន់រូបព្រះឆាយាលក្ខសម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រ ព្រមទាំងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក។
ក្រុមបាតុករបានស្រែកថា៖
«សុំឲ្យក្រុមហ៊ុនមកជួបប្រជាពលរដ្ឋដើម្បីដោះស្រាយ»។
បន្ទាប់ពីឈរស្រែកតវ៉ាពុំមានដំណោះស្រាយ ក្រុមប្រជាពលរដ្ឋបានសម្រេចបិទកំណត់ផ្លូវ២១១ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ការបិទផ្លូវនេះ ពុំមានសមត្ថកិច្ចមករារាំង និងហាមឃាត់ទេ។ រយៈពេលមួយម៉ោងក្រោយមក ក្រុមប្រជាពលរដ្ឋបានសម្រេចបើកផ្លូវឲ្យចរាចរណ៍ឡើងវិញ។
អ្នកស្រី អាត់ សំណាង អាយុ២៧ឆ្នាំ បានឈរយំបង្ហូរទឹកភ្នែកនៅកណ្តាលហ្វូងក្រុមបាតុករ ដែលកំពុងឈរស្រែកទាមទារនៅក្បែរអគារក្រុមហ៊ុនផានអ៊ីម៉ិច។ អ្នកស្រីបាននិយាយទៀតថា យើងមានឯកសារគ្រប់គ្រាន់ហើយក៏ប៉ុន្តក្រុមហ៊ុនមិនអនុញ្ញាតឲ្យសា្នក់នៅអគារដែលទើបនឹងសាងសង់ថ្មីនោះទេ គឺឲ្យពួកគេទៅរស់នៅតំបន់ភ្នំបាត។
«ខ្ញុំចង់បានផ្ទះដូចគេ នៅបុរីកីឡាហ្នឹងដែរ។ ចំណែកពីរអគារហ្នឹង ខ្ញុំត្រូវមានឈ្មោះឡើង។ ហេតុអ្វីបានជាឲ្យខ្ញុំទៅរស់នៅភ្នំបាត ហើយគាត់ថាក្រុមហ៊ុនហ្នឹងក្ស័យទុន។ បើក្ស័យទុន អញ្ចឹងសុំឲ្យដីខ្ញុំមកវិញ។ ខ្ញុំសុខចិត្តសាងសង់ខ្លួនឯង»។
អ្នកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទនេះតាមរយៈទូរស័ព្ទថា ក្រុមប្រជាពលរដ្ឋដែលឈរស្រែកតវ៉ានៅថ្ងៃច័ន្ទនេះ មិនមានឯកសារត្រឹមត្រូវទេ ទើបក្រុមហ៊ុនមិនផ្តល់ផ្ទះសម្បែងដល់ពួកគេ។ អ្នកស្រីបាននិយាយទៀតថា អ្នកដែលនៅសេសសល់ មានចំនួនតែ១០គ្រួសារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបើពួកគេយល់ព្រម ពួកគេនឹងទទួលបានដីមួយឡូ នៅតំបន់ភ្នំបាត ឬនៅតំបន់ទួលសម្បូរណ៍សម្រាប់អ្នកដែលនៅសេសសល់ចុងក្រោយ។
«ឯកសារនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រុមហ៊ុននិងអាជ្ញាធរបានផ្តល់ជូនហើយ។ អ្នកដែលតវ៉ាព្រឹកម៉ិញហ្នឹង គឺសុទ្ធតែជាអ្នកដែលឥតមានឯកសារគ្រប់គ្រាន់ទី១។ ទី២ គាត់បានផ្ទះហើយ គាត់លក់ផ្ទះហើយមកនៅតវ៉ាទៀត។ ចំពោះប្រជាជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហ្នឹងឥតខ្វះទេ»។
កាលពីថ្ងៃទី៣ ខែមករា ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រីស៊ុយ ស៊ីផាន បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះច្រើនរាប់រយនាក់ប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ ឧស័្មនបង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹក បានមកបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីសហគមន៍បុរីកីឡា លាយឡំជាមួយនឹងការបង្ហូរឈាម។ ការបណ្តេញប្រជាពលរដ្ឋដោយបង្ខំនោះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំគ្មានទីជម្រក ហើយធ្វើការតវ៉ារហូតមកដល់សព្វថ្ងៃនេះ និងមួយចំនួនទៀត ត្រូវក្រុមហ៊ុនដឹកជញ្ជូនទៅរស់នៅតំបន់ភ្នំបាត ដែលមានទីតាំងឋិតនៅក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងមួយចំនួនទៀតទៅរស់នៅតំបន់ទួលសម្បូរណ៍ជាយទីក្រុងភ្នំពេញ៕