ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់បានងាកមកសុំអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីសុំឲ្យដោះលែងប្រជាពលរដ្ឋតំបន់បឹងកក់១៥នាក់ដែលត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ឋរឿងវិវាទដីធ្លីរួចបានបញ្ជូនទៅឃុំឃាំងនៅពន្ឋនាគារព្រៃសរ។
ក្រុមអ្នកតវ៉ាដោយមានការចូលរួមពីកុមារតូចៗបានមកប្រមូលផ្តុំគ្នានៅពីមុខព្រះបុរមរាជវាំងបន្ទាប់ពីពួកគេបានមកតវ៉ានៅពីមុខរដ្ឋសភាដើម្បីឲ្យរដ្ឋសភាពន្លឿនការដោះស្រាយនៅតំបន់បឹងកក់។
កាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅនេះប្រជាពលរដ្ឋនៅតំបន់បឹងកក់បានដាក់ញាត្តិជូនរដ្ឋសភាបន្ទាប់មកទៀតបានដាក់ញាត្តិទៅក្រសួងយុត្តិធម៌ដើម្បីសុំអន្តរាគមន៍ដោះលែងអ្នកភូមិ១៥នាក់ដែលកំពុងជាប់ឃុំ។
ការដាក់ញាត្តិរបស់អ្នកភូមិបឹងកក់រយៈពេលជាងមួយសប្តាហ៍មកហើយទាំងរដ្ឋសភានិងក្រសួងយុត្តិធម៌មិនបានឆ្លើយតបទៅនឹងសំណើររបស់ពួកគេនៅឡើយ។
ក្រុមអ្នកភូមិបានធ្វើដំណើរដោយថ្មើរជើងពីមុនរដ្ឋសភាមកតវ៉ានៅពីមុខព្រះបុរមរាជវាំងដើម្បីឲ្យព្រះមហាក្សត្រជួយអន្តរាគមន៏។
«សុំឲ្យព្រះមហាក្សត្រជួយអន្តរាគមន៍អ្នកទាំង១៥នាក់ផង»
ការស្រែកតវ៉ារបស់អ្នកភូមិបឹងកក់ភាគច្រើនជាកុមារគ្មានឃើញមន្ត្រីព្រះបុរមរាជវាំងណាម្នាក់ចេញមកដោះស្រាយទេ។ក៏ប៉ុន្តែផ្ទុយទៅវិញមានកំលាំងប៉ូលីសមករុញច្រានពួកគេឲ្យចេញឆ្ងាយពីបរិវេណព្រះបុរមរាជវាំង។
លោកមឿន តុលា ប្រធានកម្មវិធីសិទ្ឋិការងារនៃមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានសម្តែងការព្រួយបារម្មណ៍ថាការចូលរួមរបស់កុមារទៅអនាគតពួកគេអាចប៉ះពាល់ដល់ជំងឺសរសៃប្រាសាទនឹងជំងឺបាក់ស្បាត។
«យើងបារម្ភមែនទែនពាក់ព័ន្ឋនឹងក្មេងហ្នឹងជាសរសរទ្រូង នៅថ្ងៃក្រោយទៅគាត់ជាសរសរទ្រូងនៃប្រទេសជាតិយើង។ហើយប្រសិនណាបើរដ្ឋាភិបាលទុកបញ្ហាហ្នឹងឲ្យ រងគ្រោះកាន់តែច្រើន។ ខ្ញុំបារម្ភធនធានមនុស្សយើងទៅថ្ងៃក្រោយតើសរសរទ្រូងយើងមាំ ឬជាសរសរខ្លឹមឬក៏សរសរ»។ បន្ទាប់ពីការចាប់ខ្លួនអ្នកភូមិ១៥នាក់ដាក់ពន្ឋនាគារ។ក្រុមប្រជាពលរដ្ឋដែលបានបាត់បង់ឪពុកម្តាយប្រពន្ឋ និងកូនបានមកតវ៉ាជាបន្តបន្ទាប់ដូចជានៅពីមុខពន្ឋនាគារព្រៃសរ មុខតុលាការក្រុងភ្នំពេញ ក្រសួងយុត្តិធម៌ និងពីមុខរដ្ឋសភា។
លោកមឿន តុលាបានបញ្ជាក់ថា ការតវ៉ានេះអាចនឹងរីកធំឡើងៗប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយតាមការទាមទាររបស់ប្រជាពលរដ្ឋ។
ក្រុមអង្កការសង្គមស៊ីវិលបានចេញប្រតិកម្មជាបន្តបន្ទាប់កាលពីសប្តាហ៍មុនបន្ទាប់ពីរដ្ឋាភិបាលបានចាប់ប្រជាជន១៥នាក់ដាក់ពន្ឋនាគារ។
យោងតាមរបាយការណ៏របស់សមាគមសិទ្ឋិមនុស្សអាដហុក មានប្រជាពលរដ្ឋប្រមាណ៤៩នាក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនក្នុងរឿងវិវាទដីធ្លី។ក្នុងនោះមាន១៦នាក់ត្រូវបានដោះលែង ហើយនៅសល់តែ៣៣នាក់ទៀតប៉ុណ្ណោះកំពុងជាប់ឃុំឃាំងក្នុងពន្ឋនាគារនៅឡើយ៕