ពលរដ្ឋ​បឹង​កក់​ងាក​មក​រក​ជំនឿ​អរូបិយ៍​ដើម្បី​ជួយ​អន្តរាគមន៍

នៅពេល​ដែល​ការតវ៉ា​របស់​ពួក​គេ​ហាក់បីដូចជា​មិន​ត្រូវ​បានយក​ចិត្ត​ទុកដាក់​ពី​ស្ថាប័ន​រដ្ឋ​មាន​សមត្ថកិច្ច​ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​បាន​ងាក​មក​រក​ជំនួយ​ពី​ជំនឿ​អរូបិយ៍​ដើម្បី​ជួយ​ដល់​ពួក​គេ ​គឺ​ជួយ​ឲ្យ​មាន​ការដោះលែង​សមាជិក​សហគមន៍​របស់​ពួក​គេ​ចំនួន​ ១៥​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន ​និង​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ​រួមទាំង​ជួយ​ឲ្យ​ទំនាស់​ដីធ្លី​របស់​ពួកគេ​នឹង​ត្រូវដោះស្រាយ​ក្នុង​ពេល​ខាង​មុខ។

កាល​ពី​ថ្ងៃ​ពុធ​ប្រជា​ពលរដ្ឋ​សហគមន៍​ក្រីក្រ​មួយ​នេះ​ ដោយ​មាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ​សហគមន៍​បុរីកីឡា​ផង​សរុប​ប្រមាណ​ជា ៥០​នាក់ ​បាន​ទៅ​បន់ស្រន់​នៅ​តូប​អ្នកតា​មួយ​ក្នុង​សហគមន៍​របស់​ពួក​គេ។ ​ក្នុង​តូប​អ្នកតា​ដែល​ធ្វើ​អំពី​ស៊ីម៉ង់ត៍​ខ្ពស់​ផុត​ពី​ដី​នៅ​ជាប់​នឹង​ផ្លូវ​ដែល​មានក្រាល​កម្ចេច​ថ្ម​តូច​ល្អិត ​មាន​រូប​សំណាក​អំពី​ស៊ីម៉ង់ត៍​ជា​ច្រើន​តម្រៀប​ជាជួរ ​និង​មាន​រូប​សំណាក​ធំៗចំនួន​ពីរ​ដែល​ក្រុម​អ្នកភូមិ​បាន​ហៅ​ថា ​គឺ​ជា​តំណាង​បារមី​យាយម៉ៅ​ និង​លោក​តាប្រាក់។

អ្នកស្រី​យ៉ោម ​បុប្ផា ​គឺ​ជា​តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ម្នាក់​ដែល​តែងតែ​ចូលរួម​ក្នុង​ការ​តវ៉ា​យ៉ាង​សកម្ម។

«ដោយសារ​យើង​ដាក់​លិខិត​គ្រប់កន្លែង​ហើយ​មិនមាន​ការ​ឆ្លើយតប​មក​វិញ ​ហើយ​ម្សិលម៉ិញ​យើង​បាន​ព្យាយាម​ដាក់​លិខិត​នៅ​ព្រះបរម​រាជវាំង​ទៀត​អត់​ឃើញ​មាន​ខាង​ព្រះបរម​រាជវាំង​ចេញ​មក​ទទួល​យើង​ទេ។ ​អញ្ចឹង​យើង​ងាក​មក​វិញ ​មក​ជឿ​លើ​អបិយ៍​ជំនឿ»។

សហគមន៍​បឹងកក់​គឺ​ជា​សហគមន៍​ធំ​ចុងក្រោយ​គេ​ត្រូវ​បណ្ដេញ។ ​ប្រជា​ពលរដ្ឋ​ជាង​ ៤.០០០​គ្រួសារ​ ភាគ​ច្រើន​គឺ​ជា​អ្នក​ក្រីក្រ​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ដែល​ពួកគេ​ថា​ទទួល​បាន​សំណង​មិន​សមរម្យ។

បន្ទាប់​ពី​មាន​សម្ពាធ​ពី​ធនាគារ​ពិភពលោក​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០១១ ​បាន​សម្រេច​កាត់ដី​ពី​ក្រុមហ៊ុន​ចំនួន​ ១២,៤៤​ហិកតា​ដើម្បី​បែងចែក​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​ ៧០០​គ្រួសារ​ ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​សម្រាប់​ពួក​គេ។ ​ក៏ប៉ុន្ដែ​រហូត​មក​ទល់ពេល​នេះ​ ការបែងចែក​ដីធ្លី​ទៅ​តាម​ការ​សម្រេច​នោះ​បាន​នាំឲ្យ​មាន​ភាព​ស្មុគ្រស្មាញ​និង​កើត​អំពើ​ហិង្សា​ជា​បន្ដបន្ទាប់។ ​ហើយ​ការបែងចែក​ដី​នេះ ​បាន​អូស​បន្លាយ​យ៉ាង​រ៉ាំរ៉ៃ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ​បាន​រួបរួម​គ្នា​ និង​បាន​នាំគ្នា​តវ៉ា​និង​ដាក់​សំណើ​សុំ​អន្ដរាគមន៍​ដល់​រដ្ឋសភា ​ក្រសួង​យុត្តិធម៌​ និង​តំណាង​រដ្ឋាភិបាល ​រួមទាំង​ទាមទារ​ដោយ​ផ្ទាល់​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ ​ប៉ុន្ដែ​នៅ​តែ​មិន​បាន​លទ្ធផល។

នៅ​ក្នុង​ពិធី​បន់ស្រន់​កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​ប្រជាពលរដ្ឋ​បាន​បួង​ឲ្យ​បារមី​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​នោះ​ផ្តន្ទាទោស​ដល់​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ទុកបុកម្នេញ​លើ​ពួកគេ។ ​ពួកគេ​បាន​ព្រលែង​សត្វចាប​ចំនួន​ ១៥​ក្បាល​តំណាង​ឲ្យ​អ្នក​ភូមិបឹងកក់​ ១៥​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ផ្តន្ទាទោស​។ បន្ទាប់​មក​ក្រុម​អ្នក​ភូមិ​បឹងកក់​ក៏​បាន​យក​អំបិល​លាយ​ម្ទេស​បាច​តាម​ផ្លូវ ​និង​ដុត​ជា​ការឧបកិច្ច​ជាមួយ​នឹង​ការបួងសួង​របស់​គេ។

លោក ​ដួង​ គា ​សកម្មជន​តវ៉ា​ម្នាក់ទៀត​ក្នុង​សហគមន៍​នេះ។

«យើង​ដើរតាម​ផ្លូវ​ភ្លឺ ​គេ​មិនដែល​ជួយ​យើង​ទេ។ ​យើង​មាន​តែ​ដើរ​តាម​ផ្លូវ​ងងឹត​ដើម្បី​ឲ្យ​គេ​ជួយ​យើង។​ ផ្លូវភ្លឺ​គេ​យក​ក្រដាស​ស្នាម​របស់​យើង​ទៅ​ គេ​កិន​កម្ចេច​ចោល​ គេដុត​ចោល​ហើយ​គេ​ចាប់ចង​ពួក​បង​ប្អូន​ខ្ញុំ​ទៀត»។

ប្រជា​ពលរដ្ឋ​កម្ពុជា​បានរស់នៅ​ជាមួយ​នឹង​ជំនឿ​អរូបិយ៍​ជា​ច្រើន​តំណ​មក​ហើយ។ ​ការបន់ស្រន់ ​ការ​បួងសួង ​ជំនឿ​ទៅ​លើ​វត្ថុ​សក្ដិសិទ្ធ​គឺ​ជា​មធ្យោបាយ​សំខាន់​ទី​ពីរ​ ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ​បន្ទាប់​ពី​មធ្យោបាយ​ដោះស្រាយ​ចំពោះ​មុខ។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្រុម​អ្នក​ភូមិ​បឹងកក់​ក៏​បាន​បន់ស្រន់​ដល់​ព្រះ​អង្គដង្កា​ដែល​គេ​ជឿថា ​ជា​បារមី​សក្ដិសិទ្ធ​មួយ​នៅ​មុខ​ព្រះបរម​រាជវាំង​ក្រុង​ភ្នំពេញ។

លោក ​មឿន ​តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​មាន​ប្រសាសន៍​ថា ​ការប្រើប្រាស់​ជំនឿ​របស់​ក្រុម​ប្រជាពលរដ្ឋ​គឺ​ជា​សញ្ញា​បាត់បង់​ការទុកចិត្ត​របស់​ពួក​គេ​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល។

«កាលណា​បើ​ប្រជា​ពលរដ្ឋ​ងាក​មក​ប្រើ​ជំនឿ​ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​គាត់​នេះ​ មាន​ន័យ​ថា​ ប្រព័ន្ធ​តុលាការ ​ប្រព័ន្ធ​យុត្តិធម៌​មាន​បញ្ហា។ ​ប្រហែល​ជា​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ។ ​ប្រហែល​ជា​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លើ​ការដោះស្រាយ​របស់​អាជ្ញាធរ»។

នៅ​មិនទាន់​មាន​សញ្ញា​ណា​មួយ​ថា ​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ទាំង​១៥ ​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​មកវិញ​នៅ​ពេល​ណា​នៅ​ឡើយ។ ​ក៏​ប៉ុន្ដែ​ក្រុម​អ្នកភូមិ​នៅ​តែ​ជឿ​ថា ​ការ​បន់ស្រន់​របស់​ពួក​គេ​អាច​នឹង​មាន​ប្រសិទ្ធភាព៕