បន្ទាប់ពីអស់សង្ឃឹមក្រោយពីបាត់បង់ផ្ទះសម្បែងប្រជាពលរដ្ឋម្នាក់រស់នៅតំបន់បឹងកក់មានបំណងធ្វើអត្តឃាតនិងអំពាវនាវឲ្យមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជាទទួលយកកូនរបស់លោកអាយុ៦ឆ្នាំទៅចិញ្ចឹម។
លោក ដួង ឆើត អាយុ៤៥ឆ្នាំរស់នៅភូមិ១ដែលផ្ទះរបស់លោកត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡៅ ម៉េងឃីន បានបូមពន្លិចកាលពីឆ្នាំ២០១០ ជាមួយនឹងប្រជាពលរដ្ឋចំនួន១៨គ្រួសារផ្សេងទៀតបាននិយាយថាជីវិតរបស់លោកចុងក្រោយគ្មានន័យទេក្រោយពីបានបាត់បង់ផ្ទះសម្បែង។ លោកបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទដោយសំឡេងក្តុកក្តួលថាលោកចង់ធ្វើអត្តឃាតដោយចង់ឲ្យរដ្ឋាភិបាលកែខ្លួនពីព្រោះបច្ចុប្បន្ននេះ គ្មានយុត្តិធម៌ទេសម្រាប់ប្រជាពលរដ្ឋតំបន់បឹងកក់។
«ខ្ញុំឲ្យកូនតូចហ្នឹងទៅឲ្យស្ថានទូតហ្នឹងជួយរកម្តាយធម៌ឲ្យកូនខ្ញុំហ្នឹង។ ខ្ញុំប្រហែលជាមិនរស់ទេព្រោះរស់នៅក្នុងសង្គមដែលគ្មានយុត្តិធម៌អញ្ចឹង។ ខ្ញុំនឹងធ្វើអត្តឃាតឲ្យរដ្ឋាភិបាលកែខ្លួនដើម្បីឲ្យប្រជាជនយើងហ្នឹងរស់នៅក្នុងសង្គមមួយមានយុត្តិធម៌»។
ក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ពីតំបន់បឹងកក់នៅថ្ងៃព្រហស្បតិ៍នេះបានប្រមូលផ្តុំគ្នាតវ៉ាជាលើកទី៣ នៅពីមុខក្រសួងយុត្តិធម៌ដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋចំនួន ១៥នាក់ ដែលកំពុងតែជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសរឿងវិវាទដីធ្លី។ ក្រុមអ្នកតវ៉ាភាគច្រើនជាស្ត្រី កុមារ ភរិយា និងស្វាមីរបស់ជនរងគ្រោះដែលកំពុងតែជាប់ឃុំឃាំងនៅពន្ធនាគារបានស្រែកច្រៀងបទចម្រៀងយំសោក និងមានចងបូរពណ៌សដើម្បីទាមទារឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមទៅតុលាការក្រុងភ្នំពេញឲ្យដោះលែងជនជាប់ចោទដែលកំពុងតែជាប់ឃុំឃាំង។
បន្ទាប់ពីបានតវ៉ានៅពីមុខក្រសួងយុត្តិធម៌ ប្រជាពលរដ្ឋបានដើរជាក្បួនដង្ហែឆ្ពោះទៅកាន់ព្រះអង្គដងកើរ ដើម្បីបួងសួងសុំបារមីរបស់ព្រះអង្គនៅពីមុខព្រះបរមរាជវាំងឲ្យជួយប្រជាពលរដ្ឋទាំងនោះឲ្យផុតពីទុក្ខទោស។
លោកប៊ុន យៃណារិទ្ធ នាយខុទ្ទការល័យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាលោកបានទទួលញត្តិពីប្រជាពលរដ្ឋរួចហើយ។ ហើយលោកសន្យាថាក្រសួងនឹងបញ្ជូនញត្តិនេះទៅស្ថាប័នជំនាញៗ នៅសប្តាហ៍ក្រោយនេះ។
«ខ្ញុំមិនទាន់ហ៊ាននិយាយយ៉ាងម៉េចដែរ ព្រោះខាងជំនាញគេនឹងលើកទៅតាមគោលការណ៍ច្បាប់ហ្នឹង។ គេមើល និងសម្របទៅតាមនីតិវិធីច្បាប់ផង»។
ក្នុងខណៈពេលដែលអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ បានចាប់ខ្លួនប្រជាពលរដ្ឋបឹងកក់ចំនួន ១៥នាក់យកទៅឃុំឃាំង និងការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏លេចធ្លោមួយគឺលោកឈុត វុទ្ធី ការបាញ់កម្មការិនីឲ្យរបួសនៅខេត្តស្វាយរៀង និងការបាញ់សម្លាប់កុមារីហេង ចន្ថា នៅក្នុងខេត្តក្រចេះ បានជំរុញឲ្យមានការថ្កោលទោសជាបន្តបន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិលក្នុងនិងក្រៅប្រទេស។
រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះមានអង្គការសង្គមស៊ីវិលយ៉ាងតិច ១៣៩ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយបានថ្កោលទោសទង្វើរដ្ឋាភិបាលក្រុងភ្នំពេញត្រូវតែបញ្ឈប់វប្បធម៌និទណ្ឌភាព និងអំពើហិង្សា។ អង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថាការប្រើប្រាស់អំពើហិង្សាទៅលើជនស៊ីវិល ពួកគេមិនអាចទទួលយកបានទេ និងបានសច្ចាថានឹងតាមឃ្លាំមើលសកម្មភាពទាំងនេះ ជាពិសេសពាក់ព័ន្ធនឹងដីធ្លី សិទ្ធិធនធានធម្មជាតិ និងការងារ។
លោកចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថា អំពើហិង្សាទាំងនេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។
«អីចឹងបានជារដ្ឋាភិបាលព្យាយាមដើម្បីធ្វើកិច្ចការងារហ្នឹងដោយមិនបានគិតគូរអំពើសន្តិភាពនៃការបោះឆ្នោត នៅពេលខាងមុខនោះទេ។ វាអាចជះឥទ្ធិពលមិនល្អដល់ដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនាខាងមុននេះ»។
យោងតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថាយ៉ាងតិចមានប្រជាពលរដ្ឋចំនួន៤៩នាក់ ត្រូវបានចាប់ខ្លួនដោយសារតែរឿងវិវាទដីធ្លី ក្នុងនោះបានដោះលែងចំនួន១៦នាក់ ហើយនៅសល់ ៣៣នាក់ផ្សេងទៀត កំពុងឃុំខ្លួននៅពន្ធនាគារនៅឡើយ៕