ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅថ្ងៃអង្គារនេះ បានប្រកាសថា ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះមានកុមារីកម្ពុជាពីរនាក់បានស្លាប់ព្រមៗគ្នា ដោយសារជំងឺគ្រុនផ្តាសាយថ្មី H5N1នៅដើមឆ្នាំ២០១៣នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជាដែលមិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ករណីលើកទី៤បានកើតឡើងទៅលើកុមារីអាយុ១៧ខែរស់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកឯករណីទី៥បានកើតឡើងទៅលើកុមារីអាយុ៩ឆ្នាំនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
សេចក្តីប្រកាសព័ត៌មានដដែលបាននិយាយថា កុមារីអាយុ១៧ខែបានចាប់ផ្តើមឈឺកាលពីថ្ងៃទី១៣ដោយមានគ្រុនក្តៅ ក្អក ហូរសំបោរ និងក្អួត។
ជនរងគ្រោះបានទទួលការព្យាបាលដំបូងនៅមន្ទីរពេទ្យឯកជន បន្ទាប់មកត្រូវគេយកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
រីឯកុមារីអាយុ៩ឆ្នាំបានចាប់ផ្តើមឈឺកាលពីថ្ងៃទី១៩ ដោយមានរោគសញ្ញាគ្រុនក្តៅ និងក្អក។ ករណីកុមារីទាំងពីរត្រូវបានវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា មានជំងឺផ្តាសាយបក្សី H5N1។
ករណីដែលបណ្តាលឲ្យកុមារីទាំងពីរឈឺរហូតដល់ស្លាប់បាត់បង់ជីវិតគឺដោយសារតែពួកគេសុទ្ធតែបានប៉ះពាល់សត្វមាន់ ដែលឈឺងាប់ និងចំអិនសត្វមាន់ឈឺងាប់ធ្វើជាអាហារមុននឹងធ្លាក់ខ្លួនឈឺ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ជំងឺផ្តាសាយ H5N1នៅតែបន្តគំរាមកំហែងសុខភាពពលរដ្ឋកម្ពុជា។
លោកបានបញ្ជាក់ថា នេះជាករណីទី៤ និងទី៥ដែលកើតមានឡើងទៅលើមនុស្សក្នុងឆ្នាំនេះ ហើយកុមារនៅតែជាអ្នកងាយរងគ្រោះភាគច្រើន។
លោកវេជ្ជបណ្ឌិតលី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បាននិយាយថា ក្រសួងសុខាភិបាលបានធ្វើតេស្តឈាមមនុស្សចំនួន៤០នាក់នៅជុំវិញតំបន់កន្លែងកើតហេតុ តែពុំបានរកឃើញថា ករណីចុងក្រោយនេះបានឆ្លងពីមនុស្សទៅមនុស្សទេ។
«ឆ្នាំនេះចំឡែកត្រង់ថា ក្នុងអាទិត្យជាមួយគ្នា វាកើតព្រមគ្នា រកឃើញទាំង៥ករណី។ ហើយយើងបានចុះទៅអង្កេតនៅក្នុងមូលដ្ឋានហ្នឹង។ យើងឃើញមានមាន់ទាងាប់ច្រើន ហើយជាប្រភពដែលចម្លងមកមនុស្ស។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត»។
ជំងឺផ្តាសាយបក្សី H5N1គឺជាជំងឺផ្តាសាយមួយដែលជាធម្មតាចម្លងពីសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ក៏ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស។
ជំងឺផ្តាសាយលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ ទោះបីវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ដោយ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ការស្លាប់របស់កុមារីទាំងពីរគឺជាករណីទី២៦នៅក្នុងប្រទេសកម្ពុជាដែលបានឆ្លងជំងឺផ្តាសាយបក្សី។ ក្នុងនោះមាន១៧ករណីបានកើតឡើងទៅលើកុមារក្រោមអាយុ១៤ឆ្នាំដែលភាគច្រើនជាក្មេងស្រី។
ចាប់តាំងពីជំងឺផ្តាសាយបក្សី H5N1បានកើតកាលពីឆ្នាំ២០០៣មក នៅលើពិភពលោកទាំងមូលមានករណីជំងឺផ្តាសាយបក្សី H5N1ចំនួន៦១៥ករណី ហើយក្នុងនោះមាន៣៦៤នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត៕