ខ្លាឃ្មុំ​នៅ​ប្រទេស​កម្ពុជា​ប្រឈម​មុខ​ឧបសគ្គទ្វេនៃ​ការ​ដាច់ពូជ​

លោក​ជួន វុទ្ធី ​ជានាយក​គម្រោង​នៅ​អង្គការ​​Free The Bears។

ជីវិត​ខ្លាឃ្មុំ​នៅ​កម្ពុជា​ប្រឈម​នឹង​ការប្រមាញ់​ និង​ការ​រុករាន​ព្រៃ​ខុស​ច្បាប់។ ​នៅ​កម្ពុជាមាន​អង្គការ​ FreeThe Bears ដែល​មានន័យ​ថា​ សង្គ្រាះ​ខ្លាឃ្មុំ ​ហើយ​ដែលបាន​យក​ខ្លាឃ្មុំរង​គ្រោះ​ជាច្រើន​ក្បាល​មក​រក្សា​ទុកនៅ​សួនសត្វ​ភ្នំតាម៉ៅ។​

អង្គការ​ Free The Bears ដែល​សង្គ្រោះ​ខ្លាឃ្មុំ​នៅ​ភ្នំតាម៉ៅ​នេះ​កំពុងផ្តល់​ជម្រក​ដល់ខ្លា​ឃ្មុំ​រងគ្រោះ​ច្រើន​បំផុត​ក្នុង​ពិភពលោក។​ អង្គការ​អន្តរជាតិ​អភិរក្ស​ធម្មជាតិ International Union for Conservation of Nature ចាត់ទុកថា ខ្លាឃ្មុំ​ប្រភេទ​នេះ​ជា​សត្វ​រងគ្រោះ​ថ្នាក់​ដាច់ពូជ។​

បច្ចុប្បន្ន​មានខ្លាឃ្មុំ​៨៤ក្បាល​រួចជីវិតនៅ​ទីនោះ​ ដោយ​សង្គ្រោះ​ពី​កន្លែង​គេលាក់ទុក​សម្រាប់​ធ្វើ​ម្ហូប​ និងកន្លែង​ធ្វើថ្នាំ។​ខ្លាឃ្មុំ​ប្រភេទនេះ​មាន​មាឌតូច។ ​វាមាន​ក្រឡា​ព៌ណ​លឿន​លើទ្រូង ​និង​មាន​អណ្តាត​វែង ​ហើយ​ស៊ីឃ្មុំ។​ ជនល្មើស​ប្រមាញ់​ខ្លាឃ្មុំ​យក​រោម​ និង​ប្រម៉ាត់​ធ្វើថ្នាំ​ចិន​សែ ​រីឯសាច់​ និង​ប្រអប់​ជើង គេ​យកធ្វើ​ស៊ុប​ ដែល​ជនជាតិ​អាស៊ីជឿ​ថា ជា​អាហារប៉ូវ។​ ជួនកាល​គេចិញ្ចឹម​វាជា​សត្វ​សំណប់ ​ដោយសារ​វាស្លូត ​និង​មិន​សូវធំ។​

លោក Matt Hunt នាយក​ប្រតិបត្តិ​អង្គការ ​Free The Bears ​បាន​ធ្វើការ​សង្គ្រោះ​ខ្លាឃ្មុំ​ប្រភេទ​នេះ​នៅ​កម្ពុជា​១០ឆ្នាំមក​ហើយ។​

គាត់​និយាយ​ថា៖

«អនាគត​ខ្លាឃ្មុំ​ យូរ​អង្វែង​ទៅមុខទៀត​ ​មិនល្អ​ទេ ដោយសារ​វា​បាត់បង់​ជម្រក ​ ចំនួន​មនុស្ស​កើន​ឡើង ហើយ​ជាពិសេស​នោះ​គឺការ​ប្រមាញ់​ដែល​កើនឡើង​ ដោយសារ​តែ​អ្នក​មាន​ជាច្រើន​មាន​ជំនឿ​លើ​ថ្នាំបុរាណ​ ហើយ​គេ​ចេះតែ​ចង់សាក​ម្ហូប​សត្វព្រៃ​ផ្តេសផ្តាស់​ដែល​ជា​ម្ហូប​កម្រ ​ហើយ​ដែល​គ្មាន​អ្វី​ពិសេស​នោះ»។​

លោក​ជួន វុទ្ធី ​ជានាយក​គម្រោង​នៅ​អង្គការFree The Bears។ ​ថ្មីៗនេះ​លោក​ទទួល​បាន​រង្វាន់​៥ម៉ឺន​ដុល្លារ​សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុងការ​អភិរក្ស​ខ្លាឃ្មុំ១៥​ឆ្នាំមក​នេះ។​

គាត់​និយាយ​ថា៖​

«អង្គការ Free The Bears សហការ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ​នៃប្រទេស​កម្ពុជា​រួមគ្នាធ្វើការ​បង្ក្រាប​បទល្មើស​សត្វព្រៃ ​ហើយ​និង​នាំ​យកខ្លា​ឃ្មុំមក​ដាក់​ចិញ្ចឹម​នៅ​សួន​សត្វ​ភ្នំតាម៉ៅ​នេះ​ ធ្វើឲ្យ​ខ្លាឃ្មុំ​បាន​ទទួល​នូវ​លក្ខខណ្ឌរស់នៅ​ល្អ ​ដែល​បាន​ផ្តល់​ទីជម្រក​ធំទូលាយ​ មាន​របស់​លេង​ច្រើន​នៅ​ទីនេះ។​ អញ្ចឹង​ធ្វើឲ្យ​ខ្លាឃ្មុំ​មាន​ភាព​សប្បាយ​រីករាយ​ច្រើន​ជាង​កាល​ពីមុន»។​

ក្នុងឆ្នាំ​២០០៩​ កូនខ្លាឃ្មុំ២​ក្បាល​ត្រូវ​សង្គ្រោះ ដែល​បង្ហាញ​ពី​ភាព​ឃោរឃៅ​នៃ​ការជួញ​ដូរ​ខ្លា​ឃ្មុំ។ ​

កូនខ្លា​ឃ្មុំទាំងពីរ​របួស​ជិតស្លាប់​ដោយសារ​អន្ទាក់ ​មុនពេល​មន្ត្រី​អង្គភាព​សង្គ្រោះ​សត្វព្រៃ​នៃ​អង្គការ ​Wildlife Alliance ​សង្គ្រាះ​វា​ ​ក្រោយពី​ទទួលបាន​ព័ត៌មាន។​

កូនខ្លា​ឃ្មុំទាំងពីរ​បាន​រួចជីវិត ​និង​ត្រូវបាន​ថែរក្សា​ដោយ​អង្គការ​ Free The Bears។​ អង្គការ​នេះបាន​ខិតខំ​បង្កើត​មណ្ឌល​សង្គ្រោះ​សត្វព្រៃ ​ដោយ​បណ្តុះ​បណ្តាល​អង្គភាព​ពង្រឹង​ច្បាប់ ធ្វើកម្ម​វិធី​អប់រំ​អំពី​បរិស្ថាន។ ទោះជា​យ៉ាង​នេះក្តី ​ចំនួន​ខ្លា​ឃ្មុំនៅ​តែ​ធ្លាក់​ចុះ។​

អ្នក​ជំនាញ​នៅ​អង្គការ​អន្តរជាតិ​អភិរក្ស​ធម្មជាតិ ​International Union for Conservation of Nature​ ប៉ាន់ស្មាន​ថា ចំនួន​ខ្លាឃ្មុំ​ធ្លាក់ចុះ​៣០%​ក្នុងពេល​៣០ឆ្នាំ​នេះ។ ​

លោក​ Matt Hunt ​និយាយ​ថា បើ​រដ្ឋាភិបាល​មិន​បង្កើន​កម្មវិធី​ការពារ​ខ្លាឃ្មុំ​ទេ នោះ​ខ្លាឃ្មុំ​នឹង​ដាច់ពូជ​ពី​ក្នុង​ព្រៃ​ប្រទេស​កម្ពុជា។​ លោក​និយាយ​ថា៖​

«យើង​ត្រូវ​មាន​តំបន់​អភិរក្ស​ និង​ត្រូវការ​វិធាន​ការ​ពង្រឹង​ច្បាប់ច្រើន​ថែមទៀត។ ​យើង​ត្រូវ​ទប់ស្កាត់​ការនាំ​ខ្លាឃ្មុំឆ្លង​ព្រំដែន។ ​ក្រៅពីនេះ ​ត្រូវបង្កើន​ការយល់​ដឹងថែម​ទៀត ដើម្បី​ធានាថា ​ អតិថិជន​ឈប់​ចង់​បរិភោគ​ស៊ុប​ក្រញាំ​ជើង​ខ្លាឃ្មុំ ​នៅ​ភោជនីយដ្ឋាន​ ឬឈប់​ប្រើ​ប្រម៉ាត់​ខ្លាឃ្មុំ ​ពេល​គេឈឺ ឬពេល​គេ​ទៅ​ពេទ្យ​បុរាណ»។ ​

ដោយសារ​ការ​រុករាន​ព្រៃ​ និងការ​ប្រមាញ់​នៅ​មាន​សកម្មភាព​ខ្លាំងក្លា​នៅឡើយ ​ដូច្នេះគេ​មិន​ដឹងថា ​តើ​ការ​សង្គ្រាះខ្លាឃ្មុំ​នេះ​អាចឈ្នះ​សកម្មភាព​ខុសច្បាប់​ឬ​យ៉ាង​ណា​ទេ៕​