ជនរងគ្រោះ​ដាក់​ពាក្យ​ប្តឹង​លោក​ ឈូក បណ្ឌិត​ពី​បទ​មនុស្ស​ឃាត

ជន​រងគ្រោះ​ម្នាក់​រងរបួស​ដោយសារ​តែ​អំពើ​ការ​បាញ់ប្រហារ​កាល​ពី​ខែ​កុម្ភៈ​។

ជន​រងគ្រោះ​ចំនួន​ពីរ​រូប ​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​បី​រូប​ ដែល​បាន​ទទួល​រងរបួស​ដោយសារ​តែ​អំពើ​ការ​បាញ់ប្រហារ​កាល​ពី​ខែ​កុម្ភៈ​ បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ​និង​ទាមទារ​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។​ នេះ​បើ​តាម​ពាក្យ​បណ្តឹង​ពីរ​ច្បាប់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ដែល​វីអូអេ​បាន​ទទួល។

កម្មការិនី​ទាំង​ពីរ​រូប ​គឺ​កញ្ញា ​ប៊ុន ​ចិន្តា ​អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃផ្តៅ ​សង្កាត់​ច្រកម្ទេស ​និង​កញ្ញា ​នុត ​សាខន ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ស្វាយគុយ​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ជាផ្លូវការ​ទៅ​កាន់​តុលាការ​ខេត្ត​ស្វាយរៀង ​ប្តឹង​ប្រឆាំង​ជំទាស់​ទៅ​នឹង​លោក ​ឈូក ​បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ពី​បទ​មនុស្ស​ឃាត។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​បាន​ទាមទារ​ឲ្យ​លោក ​ឈូក ​បណ្ឌិត ​ផុ្តល់​សំណង​ជំងឺចិត្ត​ពីរ​ ៤៥.០០០​ដុល្លារ​ រហូត​ដល់​ ៥០.០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។ ​ចំណែក​ឯ​អ្នកស្រី​ កែវ ​នា ​ដែល​រងរបួស​ស្រាល​ដោយ​អំពើ​បាញ់​ប្រហារ​នេះ​ មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេបន្ទាប់​ពី​បាន​ទទួល​ប្រាក់​ចំនួន​ ១.០០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ជា​ថ្នូរ​មិន​ដាក់​ពាក្យ​ប្តឹង។

កញ្ញា ​ប៊ុន ​ចិន្តា ​ដែល​បាន​ទទួល​រងរបួស​ធ្ងន់ធ្ងរ​ជាង​គេ ​ក្នុង​ចំណោម​កម្មការិនី​ចំនួន​បី​នាក់​នោះ​ បាន​មាន​និយាយ​ថា ​លោក ​ឈូក ​បណ្ឌិត​ គឺ​ជា​ជន​សង្ស័យ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​មក​លើ​កញ្ញា ​និង​កម្មករ​ផ្សេងៗ​ទៀត​។ ​កញ្ញា​បាន​និយាយ​ថា ​កញ្ញា​ចង់​បាន​សំណង​នេះ​ ដើម្បី​យក​មក​ព្យាបាល​របួស ​និង​នាំខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។

«ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​បាញ់​ខ្លួន​ខ្ញុំ ​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ បើ​គេ​ចាប់​បាន ​អស់​ចិត្ត​ហើយ​ខ្ញុំ»។

លោក ​ឈូក ​បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង​វិញ។ ​លោក​គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​បាញ់ប្រហារ​ដ៏​មិន​ញញើត​ដៃ​ទៅ​លើ​ក្រុម​កម្មករ​ដែល​បាន​តវ៉ា​កាល​ពី​ខែ​កុម្ភៈ។

កញ្ញា ​នុត ​សាខន ​កម្មការិនី​ម្នាក់​ទៀត​ដែល​បាន​ទទួល​រងរបួស​បាន​និយាយ​ថា​ មាន​ប្រធាន​ភូមិ​មក​ចរចា​មក​ឲ្យ​កញ្ញា​ចំនួន​ ១.០០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​បញ្ចប់​ពាក្យ​បណ្តឹង​ ក៏​ប៉ុន្តែ​កញ្ញា​មិន​ព្រម​ទទួល​ទេ។

«ខ្ញុំ​ចង់​ឲ្យ​គាត់​ធ្វើ​ម៉េច ​ធ្វើ​ទៅ។ ​ខ្ញុំ​មិន​ហ៊ាន​ទេ ​តែ​ខ្ញុំ​សូម​តែ​លុយ​ព្យាបាល​ខ្លួន​ខ្ញុំ។​ ចង់​គាត់​រក​យុត្តិធម៌​យ៉ាង​ម៉េច​ធ្វើ​ទៅ។ ​ខ្ញុំ​សូម​តែ​លុយ»។

លោក ​ហ៊ីង ​ប៊ុនជា ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​កម្មករ​រងគ្រោះ​នោះ​ហើយ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​កំពុង​ពិនិត្យ​ពាក្យ​បណ្តឹង​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ។

«យើង​ចាត់ការ​បន្ត ​ពីព្រោះ​រឿង​នេះ​នៅ​ក្នុង​រឿង​តែ​មួយ។​ ទោះ​បី​គាត់​មិន​ប្តឹង​ ក៏​នៅ​ចាត់​ការ​តាម​នីតិ​វិធី​អយ្យការ ​ត្រូវតែ​ដំណើរការ​ទៅ។​ គ្រាន់​តែ​ថា ​គាត់​ជា​ដើម​បណ្តឹង​ គាត់​ដាក់​មក​គេ​នឹង​ពិចារណា»។

លោក ​នុត ​បូពិណ្ណារ័ត្ន ​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង​ បាន​និយាយ​ថា​ តុលាការ​ត្រូវតែ​ចាំបាច់​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

«បញ្ហា​នេះ ​យើង​ថា​ទោះបី​យ៉ាង​ណា ​តុលាការ​ចាំបាច់​ត្រូវ​តែ​រកយុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។​ ហើយ​អ្វី​ដែល​យើង​ជឿជាក់​ផងនោះ ​គឺ​ជន​រងគ្រោះ​ គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ ក្នុង​នាម​គាត់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី»។

តុលាការ​ខេត្ត​ស្វាយរៀង ​គ្រោង​នឹង​កោះហៅ​លោក ​ឈូក ​បណ្ឌិត​ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១៦ ​ខាង​មុខ​នេះ ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​បាញ់​កម្មករ​បី​នាក់​ឲ្យ​រងរបួស។ ​ប្រសិន​ណា​ តុលាការ​រក​ឃើញ​ថា​ មាន​ទោស​កំហុស ​លោក ​ឈូក ​បណ្ឌិត​ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ​រហូត​ដល់​២០​ឆ្នាំ​ តាម​ក្រមព្រហ្មទណ្ឌ​ថ្មី៕