រដ្ឋាភិបាលកម្ពុជាទើបតែបានសម្រេចដកហូតតំណែងជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ស្របពេលដែលជនរងគ្រោះពីរនាក់ដែលត្រូវសង្ស័យថាដោយសារការបាញ់ប្រហាររបស់លោក គ្រោងនឹងដាក់បណ្ដឹងទៅកាន់តុលាការនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមប្រភពនានាដែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។
ជនជាប់សង្ស័យឈូក បណ្ឌិត នឹងត្រូវបញ្ជូនទៅបំពេញការងារនៅឯសាលាខេត្តស្វាយរៀង រីឯតួនាទីជាអភិបាលក្រុងបាវិតរបស់លោក នឹងត្រូវជំនួសដោយលោក នេប សារឿន បច្ចុប្បន្នជាអភិបាលរងក្រុងបាវិត។
លោក ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍តាមទូរស័ព្ទថា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រិតមួយកាលពីថ្ងៃច័ន្ទដើម្បីដកតំណែង ឈូក បណ្ឌិត ហើយពិធីផ្ទេរនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ។
លោកម៉ែន វិបុលបញ្ជាក់ថា៖
«អនុក្រិតមួយចុះថ្ងៃទី៥ ខែមិនា ចុះហត្ថលេខាដោយសម្ដេចនាយក [រដ្ឋមន្ដ្រី] សម្រួលការងារពីអភិបាលក្រុងបាវិតមកបម្រើការងារនៅសាលាខេត្តស្វាយរៀង»។
ការដកហូតតំណែងនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង បានកោះហៅលោក ឈូក បណ្ឌិត ឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែមិនា នេះតាមរបាយការណ៍បណ្ដឹងរបស់ក្រសួងមហាផ្ទៃ។ របាយការណ៍បង្ហាញថា អតីតអភិបាលក្រុងបាវិតរូបនេះត្រូវសង្ស័យថា ជាខ្មាន់កាំភ្លើងក្នុងការបាញ់ប្រហារលើកម្មការិនីរោងចក្រចំនួនបីនាក់កាលពីថ្ងៃទី ២០ ខែកុម្ភៈ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមមន្ដ្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សប្រចាំខេត្តស្វាយរៀងបានបញ្ជាក់ថា មានជនរងគ្រោះចំនួនពីរនាក់ក្នុងចំណោមជនរងគ្រោះដោយការបាញ់ប្រហារចំនួនបីនាក់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តស្វាយរៀង នៅសប្ដាហ៍ក្រោយ។ រីឯជនរងគ្រោះម្នាក់ទៀតបានយល់ព្រមទទួលយកប្រាក់សម្រុះសម្រួលចំនួន ១.០០០ ដុល្លារអាមេរិកពីជនជាប់សង្ស័យក្រោមការជួយជ្រោមជ្រែងពីភ្នាក់ងាររបស់អាជ្ញាធរមូលដ្ឋាន។
លោក សំ ស៊ីណាត ជាបងប្រុសបង្កើតរបស់កញ្ញា ប៊ុន ចិន្ដា ដែលជាជនរងគ្រោះដែលមានគម្រោងដាក់ពាក្យបណ្ដឹងបានឲ្យដឹងថាលោកនឹងដាក់បណ្ដឹងនៅដើមសប្ដាហ៍ក្រោយនេះឲ្យប្អូនស្រីរបស់លោកប្រឆាំងទៅនឹងអតីតអភិបាលក្រុងបាវិត បន្ទាប់ពីលោកបានបដិសេធការព្យាយាមចរចារបស់មន្ដ្រីអាជ្ញាធរក្រុងបាវិតជាមួយក្រុមគ្រួសាររបស់លោកដើម្បីឲ្យបញ្ឈប់ចេតនាប្ដឹងប្រឆាំងទៅនឹងលោក ឈូក បណ្ឌិត ជាថ្នូរទៅនឹងប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកដូចជនរងគ្រោះខាងលើដែរ។
យ៉ាងណាក៏ដោយលោក សំ ស៊ីណាត មិនអាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការដាក់បណ្ដឹងនោះទេ។
«ប្ដឹងអាទិត្យក្រោយនេះ។ ការណ៍ពិតប្រាក់ដែលគាត់ឲ្យមកមិនសមរម្យទេ គ្រាន់តែថ្នាំពេទ្យឲ្យមិនគ្រប់ផង។ ហើយជីវិតប្អូនស្រីខ្ញុំទៅថ្ងៃក្រោយមិនដឹងជាយ៉ាងម៉េច ព្រោះជំងឺគាត់មិនទាន់ជាដាច់។ ម្យ៉ាងទៀតប្ដឹងនេះដើម្បីរកយុត្តិធម៌ឲ្យយើងផង»។
ជាមួយគ្នានេះលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បញ្ជាក់ថាមជ្ឈមណ្ឌលអប់រំច្បាប់របស់លោក បានត្រៀមផ្ដល់ជំនួយមេធាវីការពារក្ដីជនរងគ្រោះដែលមានបំណងដាក់បណ្ដឹងនោះរួចហើយ ហើយលោកជឿថា ក្រុមមេធាវីនឹងចាប់ផ្ដើមធ្វើការងារជាមួយជនរងគ្រោះនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយហើយដំណើរការដាក់ពាក្យបណ្ដឹងអាចនឹងធ្វើនៅថ្ងៃដដែល ឬនៅថ្ងៃអង្គារ៕