លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថាជនជាប់សង្ស័យក្នុងការបាញ់កម្មកររោងចក្រនៅក្នុងខេត្តស្វាយរៀង កាលពី១១ថ្ងៃមុន គឺជាអភិបាលក្រុងបាវិតដែលគេស្គាល់ឈ្មោះថា ឈូក បណ្ឌិត។
លោក ស ខេង បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីពិធីបើកសិក្ខាសាលាស្តីពីការការពារកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងទីក្រុងភ្នំពេញ។ លោកបានឆ្លើយបញ្ជាក់ក្រោយពីអ្នកកាសែតសួរសង្កត់ទៅលើអត្តសញ្ញាណរបស់ជនសង្ស័យ។
«ហ្នឹងហើយ (គាត់) ជាជនសង្ស័យ»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ មានកម្មករ-កម្មការិនីនៃរោងចក្រផលិតស្បែកនៅជើងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀងចំនួនប្រមាណ ១.០០០នាក់ មកពីរោងចក្រចំនួនបីផ្សេងៗគ្នាបានតវ៉ាទាមទារប្រាក់ឈ្នួលបន្ថែមម៉ោងនិងការគោរពលក្ខខណ្ឌការងារឲ្យបានសមរម្យ។ ហើយនៅពេលនោះមានការប៉ះទង្គិច ជាមួយនឹងសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងពេលជាមួយគ្នានោះ មានបុរសម្នាក់បានចុះពីលើរថយន្ដ ហើយបានដកកាំភ្លើងខ្លីបាញ់ទៅលើក្រុមអ្នកតវ៉ា ហើយបានបណ្ដាលឲ្យមានជនរងគ្រោះចំនួនបីនាក់រងរបួសធ្ងន់។ ក្រោយមកទៀត ត្រូវគេជឿថា ខ្មាន់កាំភ្លើងនោះ គឺជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។
នេះគឺជាការបង្ហាញអត្តសញ្ញាណជនជាប់សង្ស័យជាសាធារណៈ ជាលើកដំបូងរបស់មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបន្ទាប់ពីមានការទទូចនិងអំពាវនាវឲ្យមានការចាប់ខ្លួនខ្មាន់កាំភ្លើងយកមកកាត់ទោស។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃនេះដែរថា ប៉ូលិសបានបញ្ជូនរបាយការណ៍សង្ខេបស្ដីពីការជាប់ពាក់ព័ន្ធជនសង្ស័យខាងលើទៅឲ្យសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយប៉ូលិសកំពុងរង់ចាំការអនុវត្តនីតិវិធីច្បាប់យ៉ាងណាពីតុលាការជាន់ទាបនៅឡើយ។
លោកចៅក្រម ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀងមិនអាចធ្វើទំនាក់ទំនងបានទេដោយសារតែទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងដោយគ្មានការឆ្លើយតប។ ដោយឡែកលោក ហែម សាបាន ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបញ្ជាក់ថា ជនជាប់សង្ស័យមិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ។
មិនអាចស្វែងរកទំនាក់ទំនងជាមួយលោកឈូក បណ្ឌិត បានទេនៅក្នុងពេលនេះ។
ទាំងលោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ទាំងលោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ថា ជនរងគ្រោះទាំងបីនាក់កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ។
លោក អំ សំអាត ស្វាគមន៍ការបង្ហាញអត្តសញ្ញាណជនសង្ស័យពីសំណាក់រដ្ឋាភិបាលនៅក្នុងករណីនេះក៏ប៉ុន្ដែលោកសោកស្ដាយថា ជនសង្ស័យរូបនោះគួរតែត្រូវចាប់ខ្លួនភ្លាមៗ នៅក្នុងបទល្មើសជាក់ស្ដែង។
«បើជាជនតូចតាចមិនពាក់ព័ន្ធក្នុងរឿងអ្វីយើងគិតថា គេនឹងចាប់ខ្លួនតាំងពីបាញ់ហើយភ្លាមជាបទល្មើសជាក់ស្ដែងម៉្លេះ។ នេះប្រហែលជាជនសង្ស័យមានឋានៈ និងមានខ្នងបានជាគេពន្យា ហើយធ្វើតាមនីតិវិធីរហូតមកទល់ឥឡូវនេះ»។
ជាមួយគ្នានេះ លោក អំ សំអាត ជឿថា ការចាប់ខ្លួនជនជាប់សង្ស័យអាចនឹងប្រព្រឹត្តលឿន ប្រសិនបើមានការដាក់បញ្ជាដោយផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូចករណីក្រុមសន្ដិសុខបាញ់រះលើប្រជាពលរដ្ឋអ្នកតវ៉ាក្នុងទំនាស់ដីធ្លីនៅក្នុងពេលថ្មីៗ កន្លងទៅនេះ៕