រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬ ប្រព័ន្ធអ៊ីនធឺណិត ក្រោយពេលដឹងថាក្រុមឧក្រិដ្ឋជនបរទេសមួយចំនួនបានប្រើ ប្រាស់ល្បែងនេះដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅ ប្រទេស។ នេះបើតាមសារាចរណែនាំមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកពីការងារនេះ។
លោក ហ៊ុន សែន បានចាត់ទុកថាសកម្មភាពរបស់ជនបរទេសនិងល្បែងភ្នាល់តាម ប្រព័ន្ធអនឡាញដែលភាគច្រើនគេដឹងថា កើតឡើងនៅក្នុងខេត្តព្រះសីហនុ ហើយជាការវិនិយោគរបស់អ្នកវិនិយោគចិននោះ ជាការធ្វើឲ្យ«ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម» ហើយបានដាក់បទបញ្ជាឲ្យអាជ្ញាធរចាត់ វិធានការឲ្យបាន «ម៉ឺងម៉ាត់» និងមាន «ប្រសិទ្ធភាពខ្ពស់»។
នៅក្នុងសារាចរដដែលនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «មន្ត្រីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវនិង បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណិតក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមាន អាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច»។
ខេត្តព្រះសីហនុគឺជាតំបន់ដែលត្រូវគេដឹងថាមានការវិនិយោគល្បែងស៊ីសងកាស៊ីណូ ជាច្រើនកន្លែងរបស់អ្នកជំនួញចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមាន ការរីករាលដាលនៃល្បែងភ្នាល់តាមអនឡាញយ៉ាងខ្លាំង។
នៅក្នុងសារាចរដដែល លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ទៀតថា៖
«រាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការផ្តល់គោលការណ៍និង អាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកប អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក អនឡាញក្នុងនិងក្រៅប្រទេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខា (១៨ សីហា ២០១៩) លើសារាចរ ណែនាំនេះតទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមសេចក្ដីថា ចំពោះអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសដែល មានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតដល់ផុតកំណត់ក្នុងអាជ្ញាប័ណ្ណ ហើយបន្ទាប់ទៅ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនឹងមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
ក្រុមសមត្ថកិច្ចកម្ពុជា កាលពីថ្ងៃពុធបានឃាត់ខ្លួនជនជាតិចិនចំនួន១២៧នាក់ ទាក់ទងនឹងបទល្មើសជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាតាមប្រព័ន្ធអ៊ីនធឺណិត (VOIP) នៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រមានលំហូរជនជាតិចិនទៅកាន់ទីនោះយ៉ាងគំហុក។
លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍នេះថា ជនជាតិចិនទាំង១២៧នាក់ ក្នុងនោះមានស្ត្រីចំនួនដប់នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។ លោកថា ពួកគេប្រើប្រាស់ទីតាំងក្នុងខេត្តព្រះសីហនុដើម្បីជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នានៅក្រៅប្រទេសតាមប្រព័ន្ធអ៊ីនធឺណិត។
លោក អ៊ី សុខឃី បញ្ជាក់ថា បច្ចុប្បន្នជនជាតិចិនទាំង១២៧នាក់ កំពុងស្ថិតនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងរាជធានីភ្នំពេញ រង់ចាំការស៊ើបអង្កេត និងប្រមូលភស្តុតាងបន្ថែមដើម្បីសម្រេចថា នឹងត្រូវបណ្ដេញចេញពីកម្ពុជា ឬយ៉ាងណា។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃចេញកាលពីចុងឆ្នាំ២០១៨បង្ហាញថា ចាប់តាំងពីឆ្នាំ២០១៤រហូតដល់ខែតុលាឆ្នាំ២០១៨ អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិនប្រមាណ២០០០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនេះទៅប្រទេសចិនវិញ។ ជនជាតិចិនទាំងនោះបានប្រើទីតាំងតាមបណ្តារាជធានីខេត្តមួយចំនួននៅកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តស្វាយរៀងជាដើម ដើម្បីធ្វើសកម្មភាព។
លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ លើកឡើងថា ក្រុមឧក្រិដ្ឋជនចិនតែងប្រើប្រាស់កម្ពុជាជាទីកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗនេះ គឺដោយសារការខ្វះចន្លោះ និងកម្សោយនៃការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា។
«ការអនុវត្តច្បាប់ហ្នឹងវាត្រូវតែមានប្រសិទ្ធភាព។ វាត្រូវឲ្យម៉ឺងម៉ាត់បានឲ្យអ្នកផ្សេងហ្នឹងរាងចាល។ ប្រសិនបើគាត់ប្រព្រឹត្តបទល្មើស ហើយគ្រាន់តែចាប់បញ្ជូនទៅរួចខ្លួន មានន័យថា ម៉េច? មានន័យថា យើងបន្ធូរបន្ថយ លើកទឹកចិត្តឲ្យជនបរទេសហ្នឹងកាន់តែមកស្រុកខ្មែរ ព្រោះអត់មានច្បាប់ណាដែលត្រូវឲ្យគាត់ប្រឈមពន្ធនាគារអីជាដើម។ គ្រាន់តែចាប់បញ្ជូនទៅវិញ មានអីធ្ងន់ធ្ងរ?»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែល VOA ទទួលបានកាលពីថ្ងៃ សុក្របានបដិសេធទៅនឹងការលើកឡើងរបស់ក្រុមអ្នកវិភាគមួយចំនួននិងការបំភ្លឺអំពី ចំណាត់វិធានការរបស់អាជ្ញាធរចំពោះជនជាតិចិន។
«អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើង របស់អ្នកវិភាគមួយចំនួនចំពោះបញ្ហានេះ ដែលបានលើកឡើងដោយខ្វះមូលដ្ឋាន ព័ត៌មាននិងមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ ដែលអាចបណ្ដាលឲ្យសាធារណមតិជាតិ អន្តរជាតិ មានការភ័ន្តច្រឡំចំពោះវិធានការនិងដំណើរការនីតិវិធីរបស់អាជ្ញាធរមាន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលបានតាមដានស្ដាប់ការផ្សាយនិងអានអត្ថបទរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) អំពីការចាប់បញ្ជូនខ្លួនជនជាតិ ចិនដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទៅប្រទេសចិនវិញនោះ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់បំភ្លឺថាការចាប់ខ្លួនជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងការ ប្រព្រឹត្តបទល្មើសនិងការបណ្ដេញជនជាតិចិនទាំងនេះចេញពីប្រទេសកម្ពុជាគឺផ្អែក តាមអនុស្សរណៈ រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈចិន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍របស់កម្ពុជា ជនទាំងនោះមានដីកាស្វែងរកចាប់ ខ្លួនពីអាជ្ញាធរចិន ហើយស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងដាក់បញ្ចូលឈ្មោះក្នុង បញ្ជីខ្មៅ ដោយមិនអនុញ្ញាតឲ្យចូលកម្ពុជាជាថ្មីទៀតឡើយ ហើយរាល់ការចុះ ប្រតិបត្តិការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជនល្មើស ទោះបីជាជនល្មើសនោះជាពលរដ្ឋខ្មែរឬជាជនបរទេសក្ដី អាជ្ញាធរកម្ពុជាតែងតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង ឲ្យបានគ្រប់តាមផ្លូវច្បាប់ជាមុន។
សេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងមហាផ្ទៃបានបន្ថែមថាសមត្ថកិច្ចកម្ពុជាធ្លាប់ បានចាប់បញ្ជូនជនបរទេសផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសខ្លួនឲ្យទៅប្រទេសខ្លួនវិញស្របតាមស្មារតីនៃអនុស្សរណៈនៃប្រទេសទាំងពីរ ដែលក្នុងនោះ ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថាចាប់តាំងពីឆ្នាំ ២០១៤ ដល់ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាបានបណ្ដេញចេញជនជាតិចិនប្រមាណជាង ២៧០០នាក់ ដែលចំនួននេះអាចជាអម្រែកដ៏ធ្ងន់ធ្ងរមួយនៃថវិកាជាតិ ប្រសិនបើជន ទាំងនេះត្រូវបានឃុំឃាំងនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាបានក្លាយជាកន្លែងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចាប់តាំងពីឆ្នាំ២០១១។ ជនជាតិចិនដែលជាចំណូលថ្មីមួយចំនួនលើទឹកដីកម្ពុជាត្រូវបានគេរាយការណ៍ថា បាននិងកំពុងបង្កបទល្មើសជាច្រើន ដែលមួយចំនួនធំនៃបទល្មើសធ្ងន់ គឺពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិនគ្នាឯង ការធ្វើទារុណកម្មនិងបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។
គេហទំព័រអគ្គស្នងការនគរបាលជាតិផ្សាយកាលពីខែកញ្ញាឆ្នាំ២០១៨បញ្ជាក់ថា នៅចុងឆមាសទី២ឆ្នាំ២០១៨ ជនជាតិចិននៅកម្ពុជាកើនឡើងដល់ជាង២០ម៉ឺននាក់។ ប៉ុន្តែចំនួននេះមិនបូកបញ្ចូលជាមួយអ្នកការទូត អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិលទេ។ ក្នុងចំណោមជនជាតិចិនទាំង២០ម៉ឺននាក់នោះមានជាង៧៨.០០០នាក់ កំពុងរស់នៅខេត្តព្រះសីហនុ។ ក្នុងនោះជនជាតិចិនដែលមានប័ណ្ណការងារត្រឹមត្រូវមានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ៕