អាជ្ញាធរ​រងការ​ចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក​ពីជនល្មើស​ច្បាប់​នេសាទ​​

អាជ្ញាធរ​រងការ​ចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក​ពីជនល្មើស​ច្បាប់​នេសាទ

បឹង​ទន្លេសាប​ ​ខេត្ត​បាត់ដំបង​៖ ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​សម្រេច​លុបចោល​ឡូ​នេសាទ​ឯកជន​ទាំង​៣៥ នៅ​ជុំវិញ​បឹង​ទន្លេសាប​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ ប្រជា​សហគមន៍​នេសាទ​នៅ​ក្នុង​ឃុំ​កោះជីវាំង​ ស្រុកឯកភ្នំ ​ខេត្ត​បាត់​ដំបង​នេះ​បាន​សម្តែង​ការ​អប់អរ​សាទរ​ចំពោះ​ចំណាត់​ការ​នេះ។​

ប៉ុន្តែ​ពួក​គេ​ខ្លះ​និយាយ​ថា ​បទ​ល្មើស​នេសាទ​នៅ​លើ​បឹង​ដ៏​ធំ​មួយ​នេះ​ហាក់​មាន​សន្ទុះ​កើនឡើង​លើស​ដើម។ ​ពួកគេ​អះអាង​ថា ​មូលហេតុ​គឺ​ដោយ​សារ​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​បើក​ដៃ​ឲ្យ​ជនល្មើស​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ជាថ្នូរ​នឹង​ប្រាក់​សំណូក​ពី​ជនល្មើស​ទាំងនោះ។​

Your browser doesn’t support HTML5

អាជ្ញាធរ​រងការ​ចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក​ពីជនល្មើស​ច្បាប់​នេសាទ



លោក ម៉ៅ ពេញ​គឺ​ជា​អ្នក​នេសាទ​ម្នាក់​នៅក្នុង​ភូមិ​ព្រែកទាល់​ ​ឃុំ​ជីវាំង​នេះ។​
«មួយ​យកលុយ​ហើយ​ធ្មេច​ភ្នែក​ ឯអ្នក​នោះ​ក៏​ចេញ​ទៅរក​ទៅ។​ អ្នក​ហ្នឹង​វា​៥០%​ម្នាក់។ ​អ្នក​កាន់​ច្បាប់​ឯកភាព​ជាមួយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស។ ​អាហ្នឹង ​ដូច​គេ​ថា​ អ្នក​ឲ្យ​លុយ​គេ​ក៏​៥០% ​ឯ​អ្នក​ឲ្យ​គេ​ប្រព្រឹត្ត​ហ្នឹង​ក៏​៥០%។ ​រាល់​ថ្ងៃ​នៅ​ភូមិ​ខ្ញុំ​អញ្ចឹង»។​

លោក​ម៉ៅ ពេញ​ក៏​ជា​ប្រធាន​សហគមន៍​នេសាទ​ម្នាក់​នៅ​ទី​នេះ​ដែរ។ ​លោក​ប្រាប់​ឲ្យ​ដឹង​ថា ​ដោយសារ​តែ​ការ​ស៊ី​សំណូក​សូក​ប៉ាន់​រវាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​និង​ជន​ល្មើស​នេះ​ហើយ ​ទើប​បទល្មើស​នេសាទ​នៅ​តំបន់នេះ​មិន​អាច​គ្រប់គ្រង​បាន។​

«ធ្វើ​មិន​ចេញ​ទេ។ ​បើ​ពេល​ណា​យើង​ចាំបាច់​មាន​បទ​ល្មើស​ យើង​ត្រូវការ​ហៅ​សមត្ថកិច្ច​ចូលរួម​ គេរវល់​ មិន​បាន​ទៅ​ធ្វើ​ទេ។ ​ឧទាហរណ៍​ថា ​ធ្វើបាន​ពីរ​ បី​កន្លែង​ ហើយ​នៅ​សល់​ទៀត​អញ្ចឹង​ យើង​សួរ​ថា​ ម៉ិច​មិន​ធ្វើ?​ គេ​ថា ​រវល់ ​រវល់​ទាល់​តែ​គោក​ដី​ទៀត​ក៏​មាន។​ អាហ្នឹង​ចាត់​ទុក​ថា ​វា​ត្រូវ​រ៉ូវ​គ្នា​ហើយ។​ បើ​អ្នក​មិន​ត្រូវ​រ៉ូវ​គ្នា​ កាប់អ្ហែង​ចោល ​បោចអ្ហែងចោល។​ កន្លម​មក​អញ្ចឹង»។​

ឃុំ​កោះ​ជីវាំង​នេះ​គ្រប់​ដណ្តប់​លើ​ភូមិ​អណ្តែត​ទឹក​ចំនួន​៥ ​ដែល​មាន​ប្រជាជន​ជាង​២​០០០​គ្រួសារ​ ឬ​ស្មើ​នឹង​ចំនួន​មនុស្ស​ជាង​១ម៉ឺន​នាក់​កំពុង​រស់នៅ។​

ជាង​៨០%​នៃ​ប្រជាជន​នៅ​ទីនេះ​ពឹង​អាស្រ័យ​លើ​របរ​នេសាទ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។​

លោក​ប៊ុន ប៉េង​គឺ​ជា​មេឃុំ​កោះ​ជីវាំង​នេះ។ ​លោក​ទទួលស្គាល់​ថា ​អំពើ​ស៊ី​សំណូក​សូកប៉ាន់​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ និង​ជន​ល្មើស​នេសាទ​ពិត​ជា​កំពុង​កើត​មាន​នៅ​ទីនេះ​មែន។​
លោក​ប៊ុន​ ប៉េង​អះអាង​ថា​ បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ​គឺ​បណ្តាល​មក​ពី​កង្វះ​រចនា​សម្ព័ន្ធ​ការងារ​និង​ច្បាប់​សម្រាប់​អនុវត្ត។​

«ស្ថាប័ន​ពាក់​ព័ន្ធ​ ឬ​មន្ត្រី​ខិលខូច​ហ្នឹង ​វា​នៅមាន​នៅក្នុង​ឃុំ​របស់​ខ្ញុំ​នេះ។​ ប៉ុន្តែ​ចាប់​ពី​ពេលនេះទៅ​ទល់​នឹង​ឆ្នាំ​២០១៣​នេះ​ ខ្ញុំ​ដាច់​ខាត​ត្រូវតែ​លុប​បំបាត់​អាហ្នឹង​ឲ្យ​បាន»។​

ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ជល​ផល ​ដែល​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​នេសាទ​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​ការ​ស៊ី​សំណូក​ពី​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ។​
លោក​យុទ្ធ តាន់​គឺ​ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​នៅ​តំបន់​ព្រែកទាល់​នេះ។​

«បញ្ហា​ហ្នឹង​ ដូចជា​សមត្ថកិច្ច​ជំនាញ ​ដូចជា​ជលផល​ ដូចជា​មិន​មាន​ការ​ចូល​រួម​ឃុបឃិត​ជាមួយ​ជន​ល្មើស​អី​ទេ។​ ដូចជា​អត់​មាន​ ខាង​ជំនាញ​អត់​មាន​ទេ»។​

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី ​នៅក្នុង​ការ​ធ្វើ​ដំណើរ​យក​ព័ត៌មាន​មួយ​តាម​បណ្តោយ​បឹង​ទន្លេ​សាប​នេះ​ VOA Khmer​ បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​នូវ​ការ​នេសាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ខុសច្បាប់ ​ដែល​រដ្ឋ​បាន​ហាម​ឃាត់​ជា​ពិសេស​នៅក្នុង​រដូវ​បិទ​នេសាទ​នេះម្តង។​

ពេល​នេះ​ ខ្ញុំ​ អ្នកយកព័ត៌មាន​កំពុង​ស្ថិត​នៅ​លើ​បឹង​ទន្លេសាប​ ហើយ​យើង​បាន​ជួប​ជាក់​ស្តែង​នូវ​បទល្មើស​នេសាទ​មួយ​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម​។

ជន​ល្មើស​ទាំង​នេះ ​ភាគ​ច្រើន​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ។​ ពួកគេ​បាន​ចោទ​ប្រកាន់​មន្ត្រី​ជលផល​មូលដ្ឋាន​ថា​ បាន​ទទួលប្រាក់​សំណូក​ពី​ពួកគេ​ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​មក​នេសាទ​ខុសច្បាប់​ដោយ​ប្រើប្រាស់​អួន​ស្បៃ​ល្អិត​ ដែល​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ​នេះ។​
ជនល្មើស​ម្នាក់​ ដែល​អាច​និយាយ​ភាសា​ខ្មែរ​ បាន​អះអាង​ថា ​ជាទូទៅ​ពួក​គេ​ត្រូវ​យក​ប្រាក់​សំណូក​ប្រមាណ​២០​ម៉ឺនរៀល​ទៅ​ឲ្យ​មន្ត្រី​រដ្ឋបាល​ជលផលភូមិ​ក្បាលតោល​ឈ្មោះ​លី​ដើម្បី​បើកផ្លូវ​ឲ្យ​ពួក​អាច​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នេះ​បាន។​

ប៉ុន្តែ​លោក​ម៉ៅ ប៉េងលី ​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​ក្បាល​តោលក្នុង​ខេត្ត​បាត់​ដំបង​ ដែល​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ចំពោះ​បទល្មើស​នេសាទ​នេះ​ បាន​បដិសេធ​ថា​ លោក​មិនរ​ជាប់​ពាក់​ព័ន្ធ​ ដូច​ការ​ចោទ​ប្រកាន់​នោះ។​

«ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ចំណុច​នេះ​ ព្រោះ​ថា​ ជន​ល្មើស​នេះ​ ខ្ញុំ​មិន​ដែល​ស្គាល់​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ជន​ល្មើស​នេះ​ដែរ»។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ប្រជា​សហគមន៍​នេសាទ​នៅលើ​បឹង​ទន្លេសាប​នេះ​ទទូច​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ទៅលើ​ទាំង​អ្នក​ផ្តល់​ ទាំង​អ្នក​ទទួល​សំណូក​ ដើម្បី​លុប​បំបាត់​បទ​ល្មើស​នេសាទ​នៅ​តំបន់​នេះ។​

លោក​ឡុង សូចែត​គឺ​ជា​ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា។​

«បើ​ការ​ប្រព្រឹត្ត​ហ្នឹង​ ទាំង​អ្នក​ផ្តល់​ឲ្យ​ ទាំង​អ្នក​យក​ ស៊ុំ​គ្រលំ​នោះ​ មិន​បាន​ទទួល​ទោស​ទេ។ អញ្ចឹង​ អ្នក​ដទៃ​ទៀត​ក៏​គេ​នឹង​អនុវត្ត​និង​ធ្វើ​តាម​ហ្នឹង​ផងដែរ»។

យ៉ាង​ណា​ក៏​ដោយ ​ប្រជា​សហគមន៍​នៅ​ទីនេះ​ ព្រមាន​ថា ​ប្រសិន​បើ​បទ​ល្មើស​នៅ​តែ​បន្ត​កើត​ឡើង​ដូច​បច្ចុប្បន្ន ​ នោះ​ផល​នេសាទ​នៅ​ក្នុង​បឹង​ទន្លេសាប​នេះ​នឹង​បាត់បង់​ ហិនហោច​មិន​ខាន៕​