លោក Al Rockoff បានថតរូបនៅក្នុងសង្គ្រាមជាច្រើន រហូតដល់ពួកខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។
ភ្នំពេញ៖ ក្នុងសវនាការនៅថ្ងៃអង្គារនេះ អតីតពលទាហាន និងជាអ្នកថតរូបជនជាតិអាមេរិកាំងគឺលោក Al Rockoff បានពណ៌នាអំពីទិដ្ឋភាព ដែលលោកបានឋិតនៅក្នុងនោះ អំឡុងមានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពរបស់លោកសេនាម្រមុខលន់ នល់។
លោក Al Rockoff បានឆ្លើយទៅនឹងសំណួររបស់លោកសហមេធាវីបរទេសរបស់ជនជាប់ចោទខៀវ សំផន នៅពេលដែលលោកបញ្ចប់ការផ្តល់សក្ខីកម្មដល់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃនេះ។
«លំហូរនៃជនភៀសខ្លួនដែលគេចចេញពីតំបន់ប្រយុទ្ធមានជាបន្ត នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកកាន់តែខ្លាំង»។
លោកបានបន្ថែមថា ប៉ុន្មានសប្តាហ៍ មុនពេលពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសានោះ ការប្រយុទ្ធគ្នាបានកើនឡើងយ៉ាងតានតឹង ហើយប្រជាពលរដ្ឋបានដើរចេញពីជំរុំជនភៀសខ្លួន ដែលឋិតនៅក្រៅទីក្រុងភ្នំពេញ នៅពេលដែលការប្រយុទ្ធកាន់តែខិតជិតដល់ទីក្រុងភ្នំពេញ។
លោក Al Rockoff ធ្លាប់ធ្វើជាកងទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសអាល្លឺម៉ង់ មុននឹងត្រូវបញ្ជូនមកចូលរួមសង្គ្រាមនៅក្នុងប្រទេសវៀតណាម។ បន្ទាប់មកលោកបានចូលមកកាន់ប្រទេសកម្ពុជានៅឆ្នាំ១៩៧។ ហើយលោកបានថតរូបនៅក្នុងសង្គ្រាមជាច្រើន រហូតដល់ពួកខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។
លោក Al Rockoff រៀបរាប់បន្ថែមតាមសំណួររបស់លោកស្រីមេធាវី Auta Guisse។
«ដើរតាមកងទ័ពរបស់លោកសេនាប្រមុខលន់ នល់មិនពិបាកនោះទេ។ ប៉ុន្តែអ្វីដែលពិបាកនោះគឺត្រូវងើបពីព្រឹកមែនទែន មុនពេលប្រតិបត្តិការសឹកចាប់ផ្តើម។ ល្បិចមួយដ៏ល្អរបស់ខ្ញុំ ហើយអ្នកកាសែតផ្សេងទៀតធ្វើដូចគ្នាដែរនោះ គឺយើងនាំគ្នាទៅមន្ទីរពេទ្យដើម្បីដឹងថា អ្វីបានកើតឡើង។ តើការប្រយុទ្ធគ្នាកើតនៅកន្លែងណា? អ្នកអាចបើកដេញតាមរថយន្តសង្គ្រោះទៅកាន់សមរភូមិ»។
កាលពីម្សិលមិញ លោក Al Rockoff ដែលឆ្នាំនេះអាយុ៦៤ឆ្នាំ បានពណ៌នាអំពីកងទ័ពខ្មែរក្រហម ដែលឋិតជាកងទ័ពកុមារ បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយគ្មានស្បែកជើងពាក់ទៀតផង។ លោកបញ្ជាក់ថា ការចាប់ខ្លួនមន្ត្រីរដ្ឋការ និងកងទ័ពរបស់លោកសេនាប្រមុខលន់ នល់យកទៅសម្លាប់ចោលបានកើតឡើងនៅពេលនោះដែរ៕