កម្ពុជា​សុំ​ឲ្យ​ថៃ​ឈប់​ពង្រាយ​ទ័ព​នៅ​តំបន់​គ្មាន​ទ័ព

ទាហាន​ខ្មែរ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ពី​ទីតាំង​របស់​គាត់​នៅ​ប្រាសាទព្រះវិហារដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។ REUTERS/Damir Sagolj

កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សរសេរ​លិខិត​ជា​បន្ទាន់​មួយ​ទៅ​តុលាការ​ក្រុង​ឡាអេ និង​លិខិត​កំណត់​ទូត​ទៅ​ស្ថានទូត​ថៃ​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ថៃ​នៅ​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន។

យោងតាម​ខ្លឹមសារ​នៃ​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ទៅ​កាន់​លោក ហ្វីលីព ឃូវ័ររុរ៍ (Philippe Couverur) ក្រឡា​បញ្ជី​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ និង​ស្ថានទូតថៃ​ប្រចាំ​កម្ពុជា​របស់​លោក​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​ការ​បទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ដាក់ពង្រាយ​កងទ័ព​របស់​ថៃ​គឺ​ជា​ការ​រំលោភ​ទៅ​នឹង​ដីកា​បង្គាប់ ចុះ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុងឡាអ។

នៅ​ក្នុង​លិខិតនោះ​ លោក​ហោ ណាំហុង បានភ្ជាប់​សកម្មភាព​របស់​ថៃ​មួយ​ចំនួន​ដូចជា​ការ​ដាក់​ពង្រាយ​លួស​បន្លា​បន្ថែម​ទៀត​នៅ​ទីតាំង​ដែល​ខ្លួន​ធ្លាប់​បានដាក់​កន្លង​មក នៅ​ភាគ​ខាង​ជើង​ជណ្តើរ​ដែក​នៃ​ច្រកចូល​ប្រសាទ​ព្រះវិហារ ហើយ​សកម្មភាព​នេះ​បានធ្វើឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា មាន​ស្នូរ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​បាន​លាន់ឮ​ចេញ​ពី​ទីតាំង​ភាគី​ថៃ ​ហើយ​ប្រាំនាទី​ក្រោយមក​ស្នូរ​គ្រាប់កាំភ្លើង​មួយគ្រាប់ទៀត​បាន​លាន់​ឡើង។

លោក​កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បានមាន​ប្រសាសន៍​ថា​លិខិត​នេះ​បានបញ្ជូន​ចេញ​ពី​កម្ពុជា​រួចហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ ក៏ប៉ុន្តែ​លោក​មិនទាន់ដឹង​ថា​ភាគី​ដែល​ពាក់ព័ន្ធ បានទទួល​លិខិត​នេះ ឬ​ក៏​យ៉ាងណា​នៅ​ឡើយ​ទេ។ លោក​បាន​មានប្រសាសន៍​ថា កម្ពុជា​ស្នើសុំ​ឲ្យ​ថៃ​គោរព​ដីកា​បង្គាប់របស់​តុលាការ​ក្រុងឡាអេ។

«សូម​បញ្ជាក់​ដែរ​ថា​កម្ពុជា​ស្នើ​ឲ្យ​ប្រទេសថៃ​បញ្ឈប់​សកម្មភាព​ទាំង​នេះ ព្រោះថា​សកម្មភាព​ទាំងនេះ​បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​នេះ។ ហើយ​ស្នើ​ឲ្យ​ថៃ​គោរព​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ​នេះ»។

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ មួយ​រូប​ដែល​និយាយ​នៅ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​លោក​មិនទាន់​ដឹង​លិខិត​កំណត់​ទូត​តវ៉ា​របស់​ភាគី​កម្ពុជា​នៅ​ឡើយ។

ក្រុម​ការងារ​ចម្រុះ​កម្ពុជា-ថៃ កាល​ពី​សប្តាហ៍​មុន បានបើក​កិច្ចប្រជុំ​ចំនួន​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​ជំលោះ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

យោងតាម​សេចក្តីថ្លែងការណ៍​រួម​គ្នា​របស់​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​បានបញ្ជាក់​អំពី​ភាព​រីកចម្រើន​តិចតួច ហើយ​ភាគីទាំងពីរ​បាន​សន្យា​ថា នឹង​ធានា​សុខសន្តិភាព និង​សុវត្ថិភាព​នៅ​តំបន់​មានជម្លោះ។

​កម្ពុជា និង​ថៃ​បាន​ឈ្លោះ​ទាស់ទែង​ដណ្តើម​កាន់កាប់​ដី​មួយ​ដុំ​នៅ​ក្បែ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​បាន​ក្លាយ​ទៅ​ជា​ការប្រយុទ្ធ​បង្ហូរឈាម​ជា​ច្រើន​លើក ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​នៃ​ភាគី​ទាំង​សងខាង​ស្លាប់ និង​រង​របួស៕