អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​​ជំរុញ​កម្ពុជា​ឱ្យរក្សា​នយោបាយ​ការបរទេស​កណ្តាល និង​ចោទ​សួរ​អំពី​មូលដ្ឋាន​កង​ទ័ព​ចិន

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ភាគី​កម្ពុជា​និង​អាមេរិក​បាន​ថ្លែង​នូវ​សេចក្តី​ប្រកាស​ព័ត៌មានរៀងៗ​ខ្លួន ដោយ​អាមេរិក​បាន​លើក​ឡើង​អំពី​នយោបាយ​ការ​បរទេស​កម្ពុជា ចោទ​សួរ​អំពី​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​សមុទ្រ​រាម ខណៈ​កម្ពុជា​បាន​ស្នើ​ឲ្យ​កែ​សម្រួល​បំណុល​ដែល​ជំពាក់​កាល​ពី​អតីត​កាល។ ប៉ុន្តែ​ភាគី​កម្ពុជា​បាន​បដិ​សេធ​មិន​អត្ថា​ធិប្បាយ​រឿង​សិទ្ធិ​មនុស្ស​ដែល​អាមេរិក​បាន​លើក​ឡើង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដែល​បាន​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​អំពី​តួនាទី​សំខាន់​របស់​អាមេរិក​និង​ដៃ​គូ​ផ្សេង​ទៀត​ក្នុង​ការ​ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​ជំនួយ​របស់​អាមេរិក​ដែល​បាន​ផ្តល់​ដល់​កម្ពុជា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​និង​សេដ្ឋកិច្ច​ផង​ដែរ។

មន្រ្តី​ជាន់​ខ្ពស់​លំដាប់​ទី​ពីរ​នៅក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ ក៏​បានកត់​សម្គាល់​កិច្ច​សហប្រតិ​បត្តិ​ការ​ដែល​មាន​ផ្លែ​ផ្កា​ជាមួយ​កម្ពុជា​ក្នុង​ការ​អនុវត្ត​នូវ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ការ​ការពារ​កុមារ កិច្ចការ​ពារ​សន្តិ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ ការ​ស្វែង​រក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ការ​ដោះ​មីន វិស័យ​សុខាភិបាល​សាធារណៈ​និង​អប់រំ ក៏​ដូច​ជា​វិស័យ​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ។

បើ​តាម​សេចក្តី​ថ្លែងការណ៍ អ្នកស្រី​ក៏​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្លា​ចំពោះ​វត្តមាន​ទាហាន​របស់​ចិន​នៅ​កម្ពុជា​និង​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។

អ្នក​ស្រី​ក៏​បាន​ស្វែង​រក​ការ​បំភ្លឺ​ទៅ​លើ​ការ​វាយ​កម្ទេច​សំណង់​អគារ​របស់​អាមេរិក​នៅ​សមុទ្រ​រាម​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង ឬ​សេចក្តី​ពន្យល់​ដល់​អាមេរិក និង​យល់​ថា​វត្ត​មាន​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​ និង​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ នៅមុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ក៏​បាន​ជំរុញ​ឲ្យ​ការ​ដឹកនាំ​របស់​កម្ពុជា«​ត្រូវ​រក្សា​នូវ​គោល​នយោបាយ​ការ​បរទេស​ដែល​មាន​តុល្យភាព​និង​ឯករាជ្យ​មួយ ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា»។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក។

អ្នកស្រី Sherman ក៏​បាន​សង្កត់​ធ្ងន់​អំពីសារ​សំខាន់​នៃ​សិទ្ធិ​មនុស្ស​និង​ការ​ការ​ពារ​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​ ដែល​មាន​សារ​សំខាន់​សម្រាប់ទំនាក់​ទំនង​ទ្វេ​ភាគី។ អ្នកស្រី​ក៏​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្តជា​លក្ខណៈ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរ​ជាតិ និង​ធានា​ការ​ការ​ពារ​សិទ្ធិ​កម្មករ។

អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​«ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ»ប្រឆាំង​នឹង​សមាជិក​នៃ​គណ​បក្ស​នយោបាយ​ប្រឆាំង អ្នក​សារព័ត៌មាន​និង​សកម្មជន និងជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរី​ភាពសម្រាប់​ប្រជាជន​និង​នយោបាយ​ឡើង​វិញ មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០​២២​និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣។

បើ​តាម​សេចក្តី​ថ្លែងការណ៍ អ្នកស្រីក៏​បាន​ជួប​ជាមួយ​តំណាងអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ក៏​ដូច​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​អនាគត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​ក្នុង​ជំនួប​នោះ លោក​នាយករដុ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​បំណុល​ដែល​កម្ពុជា​ជំពាក់​ក្នុង​សម័យ​លន់ នល់ ដែល​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិករហូត​មក​ដល់​ពេល​នេះ។ នេះ​បើ​តាម​មន្រ្តី​នាំ​ពាក្យ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ជំហរ​ចង់​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

លោក អ៊ាង សុផល្លែត ជំនួយ​ការ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​ថ្លែង​ថា​អ្នកស្រី​ Sherman បាន​ពាំ​នាំ​នូវ​លិខិត​មួយ​ច្បាប់​របស់​ប្រធានាធិបតី​របស់​អាមេរិក​លោក Joe Biden ដោយ​ចង់​ឃើញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អ​ប្រសើរ។ លោក​បន្ថែម​ថា​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​បំណុល​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ផ្សេងៗ រួម​មាន​ការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​អាមេរិក​បញ្ជូន​មក​កម្ពុជា​វិញ បញ្ហា​ប្រេង​ឧស្ម័ន បញ្ហា​ទឹក និង​បញ្ហា​ថាម​ពល​បៃតង​ជា​ដើម។

ចំពោះ​បញ្ហា​បំណុល លោក អ៊ាង សុផល្លែត​ បាន​បញ្ជាក់​ថា​កម្ពុជា​ចង់​ឃើញ​ការ​ដោះ​ស្រាយ​បំណុល​តាម​វិធី​ទ្វេ​ភាគី ដោយ​អនុញ្ញាត​ឲ្យ​កម្ពុជា​សង​ប្រាក់​បំណុល​បន្តិច​ម្តងៗ​ សង​ដោយ​ការ​ប្រាក់​មិន​លើស​១​% និង​សំណង​នៃ​បំណុល៧០%​ត្រូវ​បង្វិល​មក​ធ្វើ​ជា​ជំនួយ​មក​កម្ពុជា​លើ​វិស័យ​អប់រំ វប្បធម៌ និង​ដោះ​មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាដើម។

លោក​បញ្ជាក់​ថា៖ «ការ​ដោះ​ស្រាយ​បញ្ហា​បំណុល សម្តេច​តេជោ​បាន​ស្នើ​សុំ​ឲ្យសហរដ្ឋ​អាមេរិក ជាពិសេស​ឯកឧត្តម​ប្រធានាធិបតី​ Joe Biden ពិនិត្យ​ពិចារណា​ដោះ​ស្រាយ​បំណុល​ដែល​កម្ពុជា​មាន​ចំពោះ​សហរដ្ឋ​អាមេរិក​តាម​វិធី​ទ្វេ​ភាគី»។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក អ៊ាង សុផល្លែត បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​អ្វី​ដែល​លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន និង​មិន​អាច​បញ្ជាក់​តើ​ភាគី​អាមេរិក​បាន​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​ចោទ​សំណួរ​អំពី​វត្តមាន​កង​ទ័ព​ចិន តាម​រយៈ​ការ​ស្ថាបនា​មូលដ្ឋាន​កង​ទ័ព​ក្នុង​ដែន​សមុទ្រ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «គាត់​ចេញ​តាម​គាត់​ចុះ​រួច​ខ្ញុំ​ចេញ​តាម​របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង​ចុះ»។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​ មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​លើក​ចំៗ​របស់​មន្រ្តី​អាមេរិក ហើយ​លោក​ថា​កម្ពុជា​គួរ​ពិចារណា ដើម្បី​ធានា​ថា​កុំ​ឲ្យ​មាន​សម្ពាធ​ពី​អាមេរិក​នៅ​ថ្ងៃ​ណា​មួយ។

លោក​បញ្ជាក់​ថា៖ «ទស្សនៈ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា​ភាគី​កម្ពុជា​មិន​សប្បាយ​ចិត្ត​ទេ​ ពី​ព្រោះ​សុទ្ធ​តែ​ជា​បញ្ហា​រសើប​ធំៗ ដែល​កម្ពុជា​កំពុង​តែ​ប្រឈម។ ឧទាហរណ៍​ដូច​ជា​បញ្ហា​លោក កឹម សុខា ការ​ចោទ​ប្រកាន់​ភ្ជាប់​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ។ ការ​លើកឡើង​អំពី​មូលដ្ឋាន​នាវាកង​ទ័ព​ជើង​ទឹក​នៅ​អាមេរិក ដែល​អគារជំនួយ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​កម្ទេច​ហើយ​សង់ជំនួស​ដោយ​ជំនួយ​របស់​ចិន ហើយ​ពុំ​មាន​ការ​ឲ្យ​ដំណឹងដល់​ម្ចាស់​ជំនួយ​ដូច​ជា​សហរដ្ឋអាមេរិក ក៏​ជាបញ្ហា​មួយ​រសើប​ណាស់ ហើយជា​មន្រ្តី​ការ​ទូត​ផ្លូវ​ការ​ទៀត លើក​ឡើង​ផ្ទាល់ៗ​អញ្ចឹង​ មិន​មែន​ជា​រឿង​សាមញ្ញ​ទេ»។

លោក​បន្ថែម​ថា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​អាមេរិក​បាន​លើក​ឡើង គឺ​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ កម្ពុជា​ត្រូវ​បង្ហាញ​ជំហរ​អព្យាក្រឹត្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​មិនលម្អៀងខាង​ភាគី​ចិន​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ បាន​ការ​ពារ​នយោបាយ​ការ​បរទេស​កម្ពុជា​ក្នុង​រូប​ភាព​នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​ប្រទេស​ចិន និង​ប្រជាធិបតេយ្យ​ក្នុង​រូបភាព​ជា«រដ្ឋ​ឯក​រាជ្យ​និង​អធិបតេយ្យ»។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា«មិត្ត​ដែក​ថែប»​របស់​កម្ពុជា លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ​នេះ​ជា​ការ​ផ្តល់​ផល​ប្រយោ​ជន៍​ដល់​ប្រជាជន​ ដើម្បី​ទទួល​បាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​បន្ត​ថា​ កម្ពុជា​ក៏​មិន​បដិសេធ​ជំនួយ​ពី​ប្រទេស​ផ្សេង​នោះ​ទេ៕