សហរដ្ឋ​អាមេរិក​ប្តេជា្ញ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាស៊ាន

  • វង់ តារា

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក លីអន ភែនណាតា

សៀមរាប៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក លីអន ភែនណាតា នៅ​ថ្ងៃ​សុក្រ​ទី១៦ ខែវិច្ឆិកា​នេះ បាន​ជួប​ប្រជុំ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​កម្ពុជា ដើម្បី​រឹត​ចំណង ទាក់ទង​ផ្នែក​យោធា​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​តំបន់​នេះ ក្នុង​ការ​ធានា​ឲ្យ​បាន​ស្ថិរភាព និង ភាព​រីក​ចម្រើន​នៅ​ក្នុង​តំបន់​ទៅ​ពេល​អនាគត។ នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ខែនេះ ដែល​ត្រូវ​បាន​បញ្ចប់​ត្រឹម​ប្រទេស​កម្ពុជា។
ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប លោក លីអន ភែនណាតា បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជាសករាជ​ថ្មី​នៃ​ទំនាក់​ទំនង​សហ​រដ្ឋ​អាមេរិក​ជាមួយ​តំបន់​នេះ។
«ចំពោះ​សារ​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​ចង់​បញ្ជាក់​ថា ចំពោះ​ការ​កែ​ប្រែ​កម្លាំង​តុល្យភាព​របស់​សហរដ្ឋ​អាមេរិក​មក​អាស៊ីអាគ្នេយ៍​នៅ​ពេលនេះ គឺ​មាន​ភាព​ច្បាស់​លាស់​មាន​និរន្តរភាព​ហើយ​នៅ​មាន​ការ​បន្ត​ទៅ​អនាគត​ខាង​មុខ​ទៀត»។
លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ទាហាន​អាមេរិក​បាន​ធ្វើការ​ជាមួយ​មិត្តភក្តិ ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​អាស៊ី​អាគ្នេយ៍​នេះ​តាំងពី​៧០​ឆ្នាំ​មក​ហើយ។ សហរដ្ឋ​អាមេរិក​បាន​ប្រយុទ្ធ​ហើយ​បាន​ពលី​នៅ​ក្នុង​សង្គ្រាម​ក្នុង​តំបន់​នេះ ប៉ុន្តែ​គោលដៅ​សំខាន់​របស់​អាមេរិក​គឺ​ការ​រក្សា​សន្តិភាព និង​ភាព​ចម្រើន​ក្នុង​តំបន់។ លោក ភែនណាតា បាន​បញ្ជាក់​ថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​ធ្វើ​នៅ​ទីនេះ​គឺ​ការ​បង្កើត​លក្ខណៈ នានា​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​អភិបាលកិច្ច​ល្អ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ចាកចេញ​ពី​ភាព​ក្រីក្រ ដើម្បី​បង្កើត​ជា​អនាគត​មួយ​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត។
«ចំពោះ​ការ​បង្កើន​កម្លាំង​យោធា​របស់​យើង​ក្នុង​តំបន់​នេះ មិន​មែន​ជា​ផ្នែក​តែមួយ​នៃ​ការ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទេ ប៉ុន្តែ​យើង​ក៏​បាន​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​ការទូត សេដ្ឋកិច្ច វប្បធម៌​ក្នុង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​នេះ​ដែរ។ ហើយ​ខ្ញុំ​គិត​ថា​លោក ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ក៏​នឹង​ពិភាក្សា​លើ​ចំណុច​ទាំង​អស់​នេះ​នៅ​ពេល​មក​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត»។
លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋ មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក។
«ច្បាស់​ណាស់​ថា យើង​បាន​និយាយ​ជា​ទូទៅ​ម្តង​ហើយ​ម្តង​ទៀត​គឺយើង​ត្រូវ​ធ្វើ​សហប្រតិបត្តិការ​គ្រប់​ភាគី​ទាំង​អស់​ពិសេស​មហាអំ​ណាច​ទាំង​ឡាយ​ដែល​មក​មាន​តួនាទី​កាន់​តែខ្លាំង​គឺ​ជា​ការ​ចាំបាច់​កាន់ តែ​ធំ​អំពី​សហប្រតិបត្តិការ​ដើម្បី​ឲ្យ​វា​មាន​ស្ថិរភាព​ដ៏​ពិត​ប្រាកដ»។
លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ក៏​បាន​បញ្ជាក់​ដែរ​ថា អាមេរិក​បាន​ចាត់​ទុក​ប្រទេស​អាស៊ាន​ទាំងមូល​គឺ​ជា​គ្រួសារ​ហើយ​បាន​ប្រកាស​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ​ទាំង​ឡាយ ដែល​អា ស៊ាន​កំពុង​តែ​ដឹកនាំ​ក្នុង​នោះ​រួមមាន​ប្រតិបត្តិការ​មនុស្សធម៌ ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ បញ្ហា​សន្តិសុខ​សមុទ្រ ការ​ហាម​ឃាត់​ការ​សាយ​ភាយ​អាវុធ និង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​នេះ​សហរដ្ឋ​អាមេរិក​ក៏​នឹង​គាំទ្រ​ និង​ការពារ​ការ​គោរព​សិទ្ធិ​មនុស្ស ការ​គ្រប់គ្រង​ផ្នែក​ស៊ីវិល និង​យោធា ​និតិរដ្ឋ​និង​ការ​ចូលរួម​ដោយ​សេរី និង​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា ក៏​ដូចជា​ក្នុង​ប្រទេស​ដ៏ទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ៕