ការ​ចរចារបស់​អាស៊ាន​ផ្តោតលើ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​

លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីឡារី គ្លីនតុន ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​តំបន់​អាស៊ី​អាគ្នេយ៍​ នៅទីក្រុង​ភ្នំពេញ។

លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីឡារី គ្លីនតុន (Hillary Clinton) បាន​ចូល​រួម​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ពិភាក្សា​កម្រិត​ខ្ពស់នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ។ ជំនួប​របស់​អស់​លោក​រដ្ឋ​មន្រ្តី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ បាន​និយាយ​សម្រាល​ការ​រង្កៀស​ចិត្តរវាង​រដ្ឋ​ជា​សមាជិកអាស៊ាន​និង​ចិន​អស់​រយៈ​ពេល​មួយ​សប្តាហ៍​ពេញ​។ នៅ​ខាង​ក្រោយ​ឆាក​ មាន​ការ​តាន​តឹង​បន្តិចបន្តួច​ចាប់​តាំង​ពីជម្លោះ​ផ្លូវ​នាវាចរណ៍បានបន្តធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ជាមួយ​នឹង​ការធានាអះអាង​ជាសាធារណៈនៃ​កិច្ច​សហប្រតិបត្តិការ រវាង​គ្នា​និងគ្នា​របស់​អស់​លោក​រដ្ឋ​មន្រ្តី​។

ចូល​ក្នុង​សប្តាហ៍​នេះ​ អ្នក​វិភាគ​ បាន​ព្យាករណ៍ថា ភាព​តានតឹងនៅ​សមុទ្រ​ចិន​ខាង​ត្បូងនឹងបង្កើតជា​ផ្នែកដ៏សំខាន់មួយ​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។ ជម្លោះ​នោះ​បាន​ដាក់ប្រទេស​បួន​ដែលជាសមាជិក​ អាស៊ានឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ទាមទារ​ទឹកដី​នោះ​ប្រឆាំង​នឹង​ចិន ដែល​បាន​ទាមទារ​ផ្នែក​ភាគ​ច្រើន​នៃ​ដែន​ទឹក​នោះ។

ប៉ុន្តែ​ នៅ​សប្តាហ៍​នេះ​ មាន​ការ​ផុសចេញ​នៃ​ភាព​ចម្រូងចម្រាស​កាន់​តែ​ខ្លាំង​ឡើង​ហួស​ពី​ព្រំ​ដែនអាស៊ាន។ ជប៉ុន​ បាន​ប្រកាសថា​ខ្លួន បាន​ចាប់​ផ្តើម​ធ្វើ​ការ​ប្រឆាំង​តវ៉ាជា​ផ្លូវការ​ជាមួយចិន​ បន្ទាប់​ពី​នាវាចិន បាន​បើក​ជិត​ប្រជុំ​កោះ​សិនកាគុ (Senkaku) ដែល​ជា​កោះ​ដាច់​ស្រយាល​ដែល​បាន​ទាម​ទារ​ដោយ​ប្រទេស​ទាំង​ពីរ។ ទាំង​ជប៉ុន​និងចិន ជា​សមាជិក​នៃ​ដៃ​គូ​សន្ទនាមិនពេញ​សិទ្ធិរបស់​អាស៊ាន។ ប៉ុន្តែ​ បញ្ហា​នេះ​ នៅ​តែកើត​ឡើងក្នុង​អំឡុងពេលនៃ​ការ​ពិភាក្សាទ្វេភាគីនៅ​សប្តាហ៍​នេះ។

លោក​ស្រី​ ណាអុកុ សាអ៊ីគី (Naoko Saiki) ជា​អ្នក​នាំពាក្យ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន។

«ដោយ​ផ្អែក​លើ​ការពិតនៃ​ប្រវត្តិសាស្រ្ត​និង​មូលដ្ឋាន​នៃ​ច្បាប់​ប្រវត្តិសាស្រ្ត​ មិន​មានការ​ងឿងឆ្ងល់​ថា​ប្រជុំ​កោះ​សិនកាគុ ជា​ដែន​ដី​ពី​សម័យ​បុរាណ​របស់​ជប៉ុន។ បន្ថែម​ពី​នេះទៀត ជប៉ុន បាន​រក្សា​ការ​ត្រួតត្រាប្រកប​ដោយ​សុពល​ភាព​លើ​ប្រជុំ​កោះ​ទាំង​នោះ។​ »

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​សប្តាហ៍​នេះ​ ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ថា លោក យ៉ាង ជៀជី (Yang Jiechi) ​បាន​ជួប​ជាមួយ​លោក​ កូអ៊ីឈីរ៉ូ ហ្គេមបា (Koichiro Gemba) រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុននៅ​ខាង​ក្រៅ​ជំនួប​ អាស៊ាន សេចក្តី​ថ្លែងការណ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​លោក​ យ៉ាងបាន​បញ្ជាក់​ថាប្រជុំ​កោះដែល​គេ​ស្គាល់នៅ​ក្នុង​ប្រ​ទេសចិន​ថាជា​ ដៅយូ (Diaoyu) ជា​និច្ច​ជាកាលបាន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ចិនចាប់​តាំង​ពី​សម័យ​បុរាណ​មក​ ដែលចិន មាន​អធិបតេយ្យភាព​ដែល​គ្មាន​ប្រទេស​ណា​អាច​ទាម​ទារ​បាន។​

ជា​សាធារណៈ​ប្រទេស​ទាំង​ពីរ​ប្រកាសថា​ពួកគេ​នឹង​មិន​ធ្វើ​ឲ្យ​ជម្លោះ​នោះ​ប៉ះពាល់​ដល់​ទំនាក់ទំនងរបស់​ខ្លួន​ទេ។

ប៉ុន្តែ​សម្រាប់ហ្វីលីពីន​ ដែលជា​សមាជិក​អាស៊ាន ដែរនោះ​ បាន​ព្យា​យាមធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ជឿនលឿន​ពី​សមុទ្រ​ចិនក្នុង​មួយ​សប្តាហ៍​ពេញ វាជា​ដែន​នាវាចរណ៍ចម្រូង​ចម្រាសដ៏​ព្រួយ​កង្វល់មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​ប្រទេស​ចិន។ កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន​ អលប៊ត ដែល រ៉ូសារីយ៉ូ (Albert Del Rosario) បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ប្រជុំ​កោះ​ចម្រូង​ចម្រាស សិនកាគុ និង​តួនាទី​របស់​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​។

«មើលទៅ​ពួកគេ​ កាន់​តែ​គឃ្លើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ»។

ជំនួបរបស់​អាស៊ាន​នៅ​សប្តាហ៍​នេះ​ នឹងបញ្ចប់នៅ​ថ្ងៃ​សុក្រ​នេះ។

​ប្រែ​សម្រួលដោយ​ ជឹង​ ប៉ូជីន​