អាស៊ាន​ស្វះស្វែង​រក​ការ​មូល​មតិ​ទាក់ទង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។

វ៉ាស៊ីនតោន៖ អាស៊ាន​ជំរុញ​រួមគ្នា​ឲ្យ​ចិន​ដោះស្រាយ​ជម្លោះដែនទឹក​ត្រួតស៊ីគ្នា​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​តាម​គោលការណ៍​សន្តិភាព​ ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ​ និង​ធ្វើ​បញ្ចប់​ក្រម​ប្រតិបត្តិ​ដើម្បី​បន្ថយភាព​តានតឹង។
​សមាគម​អាស៊ាន​ជំរុញ​ឲ្យ​ប្រទេសចិន​បញ្ចប់​ការ​តាក់តែង​ក្រមប្រតិបត្តិ ​ស៊ីអូស៊ី ​គោរព​ច្បាប់​អន្តរជាតិ ​ដោះស្រាយ​បញ្ហា​ជាមួយ​សមាជិក​អាស៊ាន​ដោយ​សន្តិវិធី​ទាក់ទង​នឹង​ជម្លោះ​ដែន​ទឹក​ទាមទារ​ត្រួត​ស៊ីគ្នា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។​ នេះ​បើ​តាម​សេចក្តីព្រាង​សេចក្តី​ថ្លែង​ការណ៍​រួម​អំពី​បញ្ហា​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេសចិន​ដែល​វីអូអេ​ទទួល​បាន​ពីប្រភព​ស្និទ្ធ​នឹង​អាស៊ាន។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ត្រូវ​ខកខាន​ ហើយ​ប្រទេសកម្ពុជា​ទទួល​រង​ការ​ស្តី​បន្ទោស​ថា​ រារាំង​មិន​ដាក់​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមនោះ​ ដោយសារ​ថា​ សមាជិក​អាស៊ាន​១០​ប្រទេស​ដែល​កម្ពុជា​ជា​ប្រធាន​ឆ្នាំ​នេះ​ចាត់​ទុក​ថា​ បញ្ហា​ព្រំដែន​សមុទ្រ​គង​គ្នា​នេះ​ជា​បញ្ហា​ទ្វេភាគី។​ តែក្រុម​ប្រទេស​អាស៊ាន​ដទៃទៀត ​រួមទាំង​ហ្វីលីពីន​ និង វៀតណាម​ចាត់​ទុកថា​ នេះ​ជាបញ្ហា​ពហុភាគី​ ដែល​អាស៊ាន​ត្រូវ​ដោះស្រាយ​រួម​គ្នា។ ​ការបែក​សម្លេង​នេះ​ជា​ស្ថានភាព​ល្អ​ដល់​ប្រទេស​ចិន​ ដែល​មិន​ចង់​ចរចា​ជាមួយ​អាស៊ាន​ទាំងមូល​ តែចង់ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​តូចៗ។​

នៅ​ក្នុង​សេចក្តីព្រាង​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​គ្រោង​នឹង​ចេញ​ តែចេញ​មិន​រួច​ក្រោយ​ពី​កិច្ច​ប្រជុំ​វេទិការ​តំបន់​អាស៊ាន​ដែល​ផ្តោត​លើ​បញ្ហា​សន្តិសុខ​តំបន់​នោះ​ អាស៊ាន​បាន​បញ្ជាក់​ចំណុច​៦​យ៉ាង​តិច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​ចិន​និង​ប្រទេស​អាស៊ាន​៤​ទៀត​គឺ​ហ្វីលីពីន​ វៀតណាម​ ប្រ៊ុយណេ ​និង​ម៉ាឡេស៊ី។​ សេចក្តីព្រាង​នោះ​បាន​បញ្ជាក់ថា៖​
«នៅ​ក្នុង​បរិបទ​នេះ​ យើង​បាន​ពិភាក្សា​ស៊ី​ជម្រៅ ​ហើយ​បាន​បង្ហាញ​ការព្រួយ​បារម្ភ​របស់​យើង​ចំពោះ​ការ​វិវត្តន៍​ថ្មីៗ​ក្នុង​តំបន់​ជម្លោះ​នៃ​ដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន។​ យើង​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​គោរព​ គោល​ការណ៍​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ក្នុង​ច្បាប់អន្តរជាតិ​នានា​ រួម​ទាំង​កតិការ​ សញ្ញា​អសបគឺ​ ​UNCLOS ​ឆ្នាំ​១៩៨២»។​

ប្រទេស​ហ្វីលីពីន​ និង​ចិន​មាន​ភាព​តានតឹង​ផ្នែក​យោធា​ជា​ច្រើនខែ​ចុង​ក្រោយ​នេះ​ ដោយសារ​ការ​រិតត្បិត​ដល់​សិទ្ធិ​នេសាទ​ និង​បញ្ហា​គំរាម​កំហែង​ផ្នែក​យោធា​របស់​ប្រទេស​ចិន​លើ​ហ្វីលីពីន ​និង​វៀតណាម​នៅ​តំបន់​ទាមទារ​គង​គ្នា​ភាគ​ខាងត្បូង​ប្រទេស​ចិន​នោះ។​

បន្ថែម​ពីលើ​នេះ​ សេចក្តីព្រាង​សេចក្តី​ថ្លែង​ការណ៍​អាស៊ាន​ដដែល​បាន​បញ្ជាក់​ដែរ​ថា៖
«យើង​បញ្ជាក់​ជាថ្មី​ពី​ការ​តាំងចិត្ត​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ COC ​ទាក់ទង​នឹង​បញ្ហា​ដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ដែល​អាច​ធានា​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ដល់​សន្តិភាព​ ស្ថិរភាព ​សន្តិសុខ​ និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ភាគ​ខាង​ត្បូងចិន»។​

ក្នុង​សេចក្តី​ព្រាង​របស់​អាស៊ាន​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​នេះ​ អាស៊ាន​បាន​ប្តេជ្ញាថា ​នឹងរួមគ្នា​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​ប្រតិបត្តិ​ឌីអូស៊ី​ឆ្នាំ២០០២​ ឲ្យ​មាន​ប្រសិទ្ធិភាព​គឺ​ការ​ជជែក​ដោយ​សន្តិវិធី​ ចៀស​វៀង​ការ​ប្រើ​កម្លាំង ​ហើយ​ស្វាគមន៍​ការ​អនុម័ត​សេចក្តី​ណែនាំ​សម្រាប់​ការ​អនុវត្តន៍​សេចក្តី​ថ្លែង​ការណ៍​ប្រតិបត្តិ ​ឌីអូស៊ី​ ហើយ​បន្ត​អត់ធ្មត់ ​មិន​ប្រើ​កម្លាំង​យោធា​ និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី​ ស្របតាម​ច្បាប់​អន្តរជាតិ។​

គេមិន​ដឹង​ថា តើ​ប្រទេស​ចិន​ទទួល​យក​ជំហរ​អាស៊ាន​ថ្មី​និង​បញ្ហា​ទាំង៦​ឬ​យ៉ាង​នេះ​ឬទេ។ ​ទោះជា​យ៉ាងណា​ក្តី​ បន្ទាប់​ពីជំនួប​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរ​ទេស​ឥណ្ឌូនេស៊ី​គឺ​លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា​ ដែល​បំពេញ​ទស្សនកិច្ច​មួយ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃព្រហស្បតិ៍​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ដោយ​បាន​អះអាង​ថា ​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ជា​គោល​ការណ៍​រួច​ហើយ ​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​ចិន​ ក្រៅពី​បញ្ជូន​ចំណុច​នៃ​គោល​ការណ៍រួម​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​ដើម្បី​សម្រេច។ ​

«ខ្ញុំសង្ឃឹម​ថា​ ថ្ងៃស្អែក​ព្រឹក​ យើង​នឹង​ទទួល​បាន​ការ​បញ្ជាក់​យល់ព្រម​ពី​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ទាំងអស់ ​ដើម្បី​ចេញ​ផ្សាយ​ចំណុច​ជា​គោល​ការណ៍​នេះ»។​

ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ស្តារ​មុខមាត់​អាស៊ាន​ឡើងវិញ ​លោកម៉ាទី ណាតា​ឡេហ្គាវ៉ា​បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ និង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់ពួកគេ​មុន​នឹង​មក​កាន់​ប្រទេស​កម្ពុជា។ ​លោកម៉ាទី ​ណាតា​ឡេហ្គាវ៉ា​បាន​អះអាង​ថា​ មន្ត្រី​អាស៊ាន​ទាំងអស់​ ដែល​លោក​បាន​ជួប​ មាន​ទស្សនៈ​តែ​មួយ​លើ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ភាគខាង​ត្បូង​ប្រទេស​ចិន ​និង​បញ្ហា​ផ្សេង​ទៀត។​

លោក​ Richard Cronin ​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​សរអា​មួយក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​គឺ ​Stimson Center​ បានអះអាង​ថា ​ជាការ​ល្អ​ដែល​ប្រទេស​អាស៊ាន​ត្រូវ​ប្រឹងប្រែង​ផ្សះផ្សារ​ការ​ខ្វែង​គំនិត​គ្នា​នេះ​វិញ​ ទោះ​មាន​ផល​ប្រយោជន៍​ជាតិ​ផ្សេង​គ្នាក្តី ​ ហើយ​ធ្វើ​កិច្ចការ​រួមគ្នា​ជាមួយ​ ប្រទេស​ចិន។​

«ខ្ញុំគិត​ថា​ ប្រទេស​អាស៊ាន​គួរតែ​រួមគ្នា​ចរចា​ជាមួយ​ចិន​អំពីវិធី​ដោះស្រារឿង​បញ្ហា​ព្រំដែន​ទឹក ​និង​អំពី​បញ្ហា​ក្រម​ប្រតិបត្តិ»។​

លោក​បាន​អះអាង​ថា​ ចិន​និង​អាស៊ាន​មាន​ផល​ប្រយោជន​ដល់​គ្នា​ទៅវិញ​ទៅ​មក។ ​
មន្ត្រី​អាស៊ាន​ម្នាក់​ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​និយាយ​ថា​ ការបែក​បាក់ឬ​ការ​ខ្វែង​គំនិត​គ្នា​ក្នុងអាស៊ាន​ទាក់ទង​នឹង​ជម្លោះ​ដែនទឹកនេះ​ទំនង​អាច​ផ្សះផ្សារ​បាន​ តែអាស៊ាន​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ចិន​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​អាស៊ាន​ដ៏​សំខាន់​វិញម្តង៕​