សមាជិកអាស៊ានក្រោមភាពជាម្ចាស់ផ្ទះរបស់កម្ពុជាដែលស្និទ្ធជាមួយប្រទេសចិនខកខានក្នុងការធ្វើឲ្យមានការយល់ព្រមជាឯកឆន្ទក្នុងការស្វែងរកវិធីដោះស្រាយជម្លោះជាមួយប្រទេសចិនជុំវិញបញ្ហាព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន។
ប្រទេសសមាជិកខ្លះរួមទាំងវៀតណាមនិងហ្វីលីពីនដែលមានជម្លោះជាមួយចិននិងប្រទេសមួយចំនួនជាសមាជិកអាស៊ានពុំបានឈានដល់កិច្ចព្រមព្រៀងគ្នាលើការតាក់តែងក្រមប្រតិបត្តិមួយដែលហៅថា Code of Conduct (COC) ឬ ក៏ត្រូវពិភាក្សាជាមួយចិនយ៉ាងណាទេក្នុងកិច្ចប្រជុំកំពូលអាស៊ាន២ថ្ងៃ ដែលចប់កាលពីថ្ងៃពុធ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជាដែលជាប្រធានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ានលើកទី២០បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថាមកដល់ពេលនេះយើង(អាស៊ាន)មិនទាន់មានការពិភាក្សាលម្អិត មិនទាន់មានចំណុចរួមដើម្បីពិភាក្សាជាមួយចិននៅឡើយទេ។តែមានសេចក្តីព្រាងពីប្រទេសមួយចំនួន។
«ក៏ប៉ុន្តែយើងមិនទាន់មានចំណុចរួមពាក់ព័ន្ធនឹងបញ្ហានេះដើម្បីជជែកពិភាក្សាជាមួយចិននៅឡើយទេ។យើងនឹងខិតខំធ្វើកិច្ចការងារនេះបន្ត។តែការចាប់ផ្តើមរបស់យើងត្រូវធ្វើដំណាលគ្នាជាមួយនឹងការចាប់ផ្តើមជាមួយចិនផងដែរដោយមិនចាំបាច់ថាទាល់តែអាស៊ានគឺថាមានការឯកភាពជំហរទាំងស្រុងហើយបានដាក់លើតុទៅគាបសង្កត់ចិននោះទេ»។
លោក ហ៊ុនសែនបានអះអាងដែរថាបញ្ហាដោះសា្រយជម្លោះជាមួយចិនរឿងព្រំដែនសមុទ្រនេះនឹងត្រូវការពេលវេលា ការពិចារណាល្អិតល្អន់តាមការចង់បានរបស់អាស៊ានផងនិងចិនផងហើយត្រូវធ្វើតាមវិធីឈ្នះៗមិនមែនវិធីចាញ់ៗទេ។
«ហើយបន្តទៅទៀតយើងនឹងដំណើរការជាបន្តបន្ទាប់ទៅតាមអ្វីដែលជាការព្រមព្រៀងរវាងអាស៊ានចិន។ មិនអាចដំណើរការតែខាងអាស៊ានដោយចិនមិនយល់ព្រមឬដំណើរការតែចិនដោយអាស៊ានមិនយល់ព្រម។ ត្រូវមានការយល់ព្រមទាំងសងខាង»។
តំបន់ជម្លោះនៅព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិនត្រូវគេចាត់ទុកថាជា ច្រកដឹកជញ្ជូនទំនិញយ៉ាងធំធេងគឺដល់ទៅ១ភាគ៣នៃទំនិញសរុបក្នុងពិភពលោក។ តំបន់នេះត្រូវគេអះអាងថាសម្បូរទៅដោយរ៉ែធនធានធម្មជាតិដ៏សម្បូរណ៍បែបជាច្រើនផ្សេងៗទៀត។ តំបន់នេះកំពុងបន្តមានការប្រទាញប្រទង់ ដំឡើងសាច់ដុំប្រដាប់អាវុធដាក់គ្នារវាងបណ្តាប្រទេសសមាជិកអាស៊ានជាច្រើនដូចជាវៀតណាម ហ្វីលីពីន ជាមួយចិនទោះបីចិននិងអាស៊ានបានចុះ ហត្ថលេខាលើសេចក្តីប្រកាសរួមមួយកាលពី១០ឆ្នាំមុនក្តី។
លោករដ្ឋមន្ត្រី្កការបរទេសហ្វីលីពីន Albert Del Rosario បានអះអាងថា ជំហររបស់ហ្វីលីពីននៅដដែលគឺថាបញ្ហាត្រូវដោះស្រាយដោយសន្តិវិធី។ ហើយ អាស៊ាន ព្យាយាមបញ្ចប់សេចក្តីព្រាងCOCនៅឆ្នាំនេះក្រោមភាពជាប្រធានរបស់កម្ពុជា។
«បញ្ហានេះចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធីទៅតាមទម្រង់ច្បាប់ជាមូលដ្ឋាន។ហើយធាតុផ្សំថ្មីៗដែលយើងបានផ្តល់គឺជាសេចក្តីព្រាងក្រមប្រតិបត្តិ COC និងការដាក់បញ្ចូលនូវធាតុផ្សំសំខាន់ៗដែលពិតណាស់ត្រូវបង្កើតឡើងដោយផ្ទៃក្នុងអាស៊ានសិនមុនពេលឲ្យចិនចូលរួម»។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីនមានលក្ខណៈផ្ទុយគ្នាខ្លះជាមួយអត្ថាធិប្បាយរបស់លោក ហ៊ុនសែនដែលជាប្រធានអាស៊ាន។
តែលោក Marty Natalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានមើលឃើញថា ប្រទេសចិនពេលនេះហាក់ដូចជាចង់ចូលរួមពាក់ព័ន្ធពិភាក្សាបញ្ហាក្រមប្រតិបត្តិលើជម្លោះដែនសមុទ្រភាគខាងត្បូងនៃប្រទេសចិន។
«ដូច្នេះបញ្ហានេះគឺជារឿងវិជ្ជមាន។ក៏ប៉ុន្តែជាការណ៍ពិតអាស៊ានដែលបានអនុវត្តហើយនោះ នឹងបង្កើតគោលជំហររបស់ខ្លួនដូចដែលអាស៊ានបានដំណើរការ។ ហើយក្នុងពេលជាមួយគ្នានេះ(អាស៊ាន)ត្រូវបើកចំហខ្លួនដើម្បីស្វែងយល់យោបល់របស់ចិន។ ក៏ប៉ុន្តែខ្ញុំគិតថានីតិវិធីជាទូទៅនោះគឺអាស៊ានត្រូវមានជំហរមួយ»។
ក្រមប្រតិបត្តិCOCដែលអាចផ្តល់ផលប្រយោជន៍ដល់ចិននិងអាស៊ាននោះត្រូវក្រុមអ្នកវិភាគចាត់ទុកថាគឺជាច្បាប់មួយដើម្បីចងបណ្តាប្រទេសដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងហ្នឹងកុំឲ្យប្រើប្រាស់នូវអាវុធនិងជំរុញនូវកិច្ចសហប្រតិបត្តិការល្អជាពិសេសទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គ្រោះមហន្តរាយ ការបង្រ្កាបចោរសមុទ្រ បញ្ហាបរិដ្ឋាននិងមិនត្រូវមានសកម្មភាពអ្វីមួយដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ជាដើម។
លោក ឈាង វណ្ណារិទ្ធិ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការ និងសន្តិភាពបានយល់ថាការយោគយល់របស់ប្រទេសជាសមាជិកអាស៊ាន និង ការគិតគូពីល្បឿននិងពេលវេលាសមរម្យគឺជារឿងសំខាន់សម្រាប់បញ្ជៀសបញ្ហាប្រេះឆាក្នុងសមាគមអាស៊ានដែល សមាជិកមួយចំនួនមានបញ្ហាជាមួយប្រទេសចិនទាក់ទងនឹងដែនសមុទ្រភាគខាងត្បូងប្រទេសចិន។
«ឧទាហរណ៍ថាបណ្តាប្រទេសដែលមានជម្លោះសមុទ្រចិនខាងត្បូងហ្នឹងគាត់ជំរុញខ្លាំងពេក អញ្ចឹងទេគាត់អាចធ្វើឲ្យទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងទៀតដែលពុំមានពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងហ្នឹងមានសម្ពាធ។ ដូច្នេះ ជាការណ៍មិនល្អដែរ។ យើងត្រូវមើលល្បឿនមួយណាដែលយើងត្រូវយកឲ្យវាសមរម្យទទួលយកបានទាំងអស់គ្នា។ កុំឲ្យមួយទៅលឿនមួយទៅយឺត។អញ្ចឹងទេបញ្ហាដែលសំខាន់បំផុតនោះគឺថាល្បឿន»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជឿថាជម្លោះអាចបន្ថយភាពតានតឹងបានប្រសិនបើក្រមប្រតិបត្តិអាចតាក់តែងបានសម្រច។
«ប្រទេសដែលមានជម្លោះតូចៗជាមួយចិនដោយសារអំណាចចិនខ្លាំងផងប្រទេសតូចៗចង់ឲ្យមានយន្តការជាក្រុមសាមគ្គីគ្នានៅក្នុងអាស៊ានដើម្បីចរចាជាមួយចិនជាជាងការចរចាទ្វេភាគីរវាងប្រទេសតូចមួយនិងប្រទេសចិនមួយ។ ហើយនេះជាគន្លឹះមួយដែលប្រទេសចិនមិនចង់បាន។ ហើយចិនបាន ជំរុញឲ្យប្រទេសកម្ពុជាជួយធ្វើម៉េចឲ្យបញ្ជៀសនូវការយកជម្លោះហ្នឹងទៅជជែកជាអន្តរជាតិ»
ប្រធានាធិបតីចិន ហ៊ូ ជិនតាវបានបំពេញទស្សនកិច្ចរយៈបួនថ្ងៃនៅកម្ពុជាគឺនៅមុនពេលកិច្ចប្រជុំអាស៊ានហើយត្រូវគេអធិប្បាយថាអាចមានឥទ្ធិពលនយោបាយលើរដ្ឋាភិបាលកម្ពុជាលើរឿងជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិនខណៈដែលកម្ពុជាជាម្ចាស់ផ្ទះឬជាប្រធានអាស៊ាននោះ។ កម្ពុជាទទួលបានការសន្យាផ្តល់ជំនួយជាច្រើនលានដុល្លារស.រ.អាបន្ថែមទៀតក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ូនេះ។
លោក ហ៊ុន សែនបដិសេធពីឥទ្ធិពលនេះដោយបានធ្វើការព្រមានដល់អ្នកវិភាគមួយចំនួនដែលបាននិយាយពីបញ្ហានេះ។
ក៏ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងរួមមួយរវាងកម្ពុជានិងចិនក្រោយពីបញ្ចប់ទស្សនកិច្ច របស់លោកហ៊ូកាលពីថ្ងៃទី២ ខែមេសានោះភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តគោរពតាមសេចក្តីថ្លែងការណ៍រួមដែលចិនចុះហត្ថលេខាជាមួយ អាស៊ាន និងប្តេជ្ញាធ្វើឲ្យសមុទ្រភាគខាងត្បូងប្រទេសចិនក្លាយជាដែនសមុទ្រ សន្តិភាព ស្ថិរភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។
ក្រុមអ្នកវិភាគចង់ឃើញកម្ពុជាត្រូវស្តាប់តាមសមាជិកអាស៊ានដែលជាប្រទេស មានសក្តានុពលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយដទៃទៀតផងដែរ ជៀសជាងការលំអៀងទៅរកប្រទេសមហាអំណាចចិនតែមួយហើយនាំឲ្យមានការប្រេះឆាក្នុងរង្វង់ប្លុកអាស៊ាន១០ប្រទេស។
សមាគមអាស៊ាន១០ប្រទេសនិងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅពាក់កណ្តាលឆ្នាំនេះ ដើម្បីពិភាក្សាអំពីកិច្ចការសន្តិសុខក្នុងតំបន់និងបញ្ហាផ្សេងៗទៀតហើយគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៅជុំបញ្ចប់នៅចុងឆ្នាំនេះដែលមាន ប្រមុខដឹកនាំរដ្ឋាភិបាលសំខាន់ៗជាច្រើនត្រូវចូលរួម។
ប្រទេសអាស៊ានទាំង១០ មានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ម៉ាឡេស៊ី ភូមា សឹង្ហបូរី ថៃ និងវៀតណាម៕