អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដាក់​ញត្តិ​ទៅ​សភា​ខ្មែរ​ទាមទារ​សិទ្ធិ​នេះ​ពី​មេ​ដឹកនាំ​អាស៊ាន​​

​ក្រុម​មួយ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ស្រឡាញ់ភេទ​ដូច​គ្នា​ដែល​មាន​សមាជិក​មក​ពី​បណ្តា​ខេត្ត​នានា​ក៏​ដូច​ជា​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ផង​ដែរ។​

ភ្នំពេញ​៖ អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ទាំង​ក្រៅ​ស្រុក​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​រដ្ឋ​សភា​ដើម្បី​ប្រគល់ញត្តិ​របស់​ពួក​គេ​សុំ​ឲ្យ​សមាគម​អាស៊ាន​ ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ដែល​ពលរដ្ឋ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​កំពុង​ប្រឈម​មុខ។ ​លោក​ប៉ូច រាសី​នៃ​វីអូអេ​រាយ​ការណ៍​ពីមុខ​រដ្ឋ​សភា​មក​ថា​ ក្នុង​នោះ​មាន​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ។​
នៅ​ក្រោម​អាកាសធាតុ​យ៉ាង​ក្តៅ ​និង​ក្រោម​ការ​ឃ្លាំ​មើល​របស់​នគរបាល​ប្រមាណ​ជិត​មួយ​រយ​នាក់​ មនុស្ស​ប្រហែល​ជិត​២​ពាន់​នាក់​នាំ​គ្នា​ស្រែក​ពាក្យ​ស្លោក​របស់​ពួកគេ។​

នៅ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​មុខ​សភា​ជាតិ​នៅ​ថ្ងៃ​នេះ ​ដើម្បីទាម​ទារ​សិទ្ធិ​របស់​ពួក​គេ​នោះ​ក៏​មាន​ក្រុមមួយ​ដែល​ហៅ​ថា​ LGBT​ (Lesbian, Gay, Bisexual, Transexual) ​ផង​ដែរ​ដែល​ជា​ក្រុម​មួយ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ស្រឡាញ់ភេទ​ដូច​គ្នា​ដែល​មាន​សមាជិក​មក​ពី​បណ្តា​ខេត្ត​នានា​ក៏​ដូច​ជា​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ផង​ដែរ។​

ស៊្រុន ស៊្រន​និយាយថា៖ «សូម​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ចាប់​ផ្តើម​គិត​គូរ​អំពី​ពួក​យើង ​ពីព្រោះ​រដ្ឋាភិបាល​គិត​ថា ​ពួក​យើង​ កាល​ពី​ឆ្នាំ​២០០៧​ គាត់​ថា​ គាត់​អត់​ចង់​គិតគូរ​អំពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។​ គេ​គិត​អំពី​ការ​អភិវឌ្ឍ។ ​តែ​ពួកយើង​មាន​រាប់​ម៉ឺន​នាក់​កំពុង​រស់​នៅ​ទឹក​ដី​កម្ពុជា​ ដែល​ពួក​យើង​អត់​ត្រូវ​បាន​គេ​ឲ្យ​យើង​និយាយ​ស្តី។​ យើង​មិនអាច​និយាយស្តី ​មិន​អាច​បញ្ចេញ​យោបល់​ នៅ​ក្នុង​គ្រួសារ ​នៅ​ក្នុង​ភូមិ។​ គេ​តែង​រើស​អើង​យើង។​ គេ​តែង​ជេរ​ស្តី​យើង។​ គេ​បន្ទោស​យើង។​ គេហាម​យើង​មិន​ឲ្យចូល​សាលា​រៀន ហើយ​មិន​ឲ្យ​ស្លៀក​ពាក់​តាម​ចំណូល​ចិត្ត​របស់​យើង។​ យើង​បាត់​បង់​សិទ្ធិ​ទាំង​អស់​ហ្នឹង»។​

នាង ​ឈឿន រចនា​ អ្នកស្រុក​បន្ទាយ​មាន​ជ័យ ​និយាយថា៖​
«ខ្ញុំ​មក​ថ្ងៃ​នេះ​គឺ​យើង​មាន​គោល​បំណង​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រើស​អើង​និង​បំបិទ​សិទ្ធ​ជា​ពិសេស​ទាក់​ទង​នឹង​ការ​ស្រឡាញ់​គ្នា​ គឺ​ចង់​ឲ្យ​អាស៊ាន​ ផ្តល់​នូវ​សិទ្ធិ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ឲ្យ​មាន​សិទ្ធិ​ដូច​មនុស្ស​ទូទៅ ​ព្រោះ​អី​យើង​ខ្ញុំ​ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហ្នឹង​ ទាំង​ប្រុស​ទាំង​ស្រី​គឺ​ជា​មនុស្ស​ដូច​អ្នក​ទាំង​អស់​ដែរ»។​
​លោក​ផៃ​ស៊ីផាន​ ជា​អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី។ លោក​ថ្លែង​ថា​ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ណាដើម្បី​ឲ្យ​សង្គម​ទទួល​ស្គាល់​ពួក​គេ។​

លោក​និយាយថា៖​ «ហើយ​ខ្ញុំ​ខ្លួនខ្ញុំ​ផ្ទាល់ ​ខ្ញុំគាំទ្រ។​ ក៏​ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា ​មិន​ឲ្យ​យុទ្ធនាការ​ហ្នឹង ​ជា​ការ​វាយប្រហារ​ទៅ​លើ​គុណ​ធ៌ម ​ទៅលើ​គុណភាព​នៃ​វប្បធម៌​របស់​ប្រជាជាតិ​របស់​ខ្លួន​ទេ​ ទុក​ឲ្យ​គេ​ដឹង​យល់ ​ឲ្យ​គេ​ទទួល​យក​បាន​ ហើយ​និង​គេ​គាំ​ទ្រ​ហ្នឹង​ជាដំណាក់​ការ។​ ដល់​ពេល​ហ្នឹង​ ខ្ញុំ​ជឿ​ថា​ច្បាស់​ជា​មាន​ច្បាប់»។

បណ្តាក្រុមអង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ជួប​ជុំ​គ្នា​ថ្ងៃ​នេះ ​ដើម្បីជូន​ញត្តិរបស់​គេ​ដល់​រដ្ឋសភា​នៅ​ទីនេះ​បាន​សម្រេច​នូវ​គោល​បំណង​របស់​គេ​មុន​នឹង​បែក​គ្នា​ទៅវិញ៕