ប្រមុខដឹកនាំប្រទេសទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃពុធនេះបានជំរុញឲ្យមានការបន្ដដោះស្រាយវិបត្តិអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយបានអំពាវនាវឲ្យមានការចាប់ផ្ដើមចរចាឡើងវិញអំពីសំណុំរឿងនេះ។
ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានរយៈពេលពីរថ្ងៃ ក្នុងទីក្រុងភ្នំពេញបានបិទបញ្ចប់នៅរសៀលនេះ លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រមុខដឹកនាំប្រទេសអាស៊ានបា្រថ្នាចង់ឲ្យមានការដោះស្រាយដោយសន្ដិវិធីតាមរយៈការចរចាអំពីវិបត្តិនៅឧបទ្វីបកូរ៉េនោះ។
«យើងបានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈ និង ដោយសន្តិវិធី ដើម្បីដោះស្រាយអាវុធនុយក្លេអ៊ែ ឧបទ្វីបកូរ៉េ ពិសេសតាមរយៈការអំពាវនាវឲ្យមានការចាប់ផ្តើមឡើងវិញ ដោយឆាប់រហ័សនូវកិច្ចចរចា៦ភាគី»។
កិច្ចចរចាប្រាំមួយភាគីរួមមានសហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី ប្រទេសកូរ៉េខាងត្បូង ប្រទេសចិន និងប្រទេសកូរ៉េខាងជើង។
វិបត្តិអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង បានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដែលនាំឲ្យមានកង្វល់ជាខ្លាំងដល់សន្ដិសុខក្នុងតំបន់ និងក្នុងសកលលោក។ សហរដ្ឋអាមេរិកបានសម្រេចព្យួរជំនួយម្ហូបអាហារដល់ក្រុងព្យុងយ៉ាង បន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះបានប្តេជ្ញាបន្ដធ្វើការបាញ់សាកល្បងនូវកាំជ្រួចវង់ប្រតិបត្តិការរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ នៅពាក់កណ្ដាលខែមេសានេះ។
លោកAlbert del Rosario រដ្ឋមន្ដ្រីការបរទេសហ្វីលីពីនបានប្រាប់ក្រុមអ្នកកាសែតមុននឹងសន្និសីទកាសែតថា ប្រទេសហ្វីលីពីនចង់ឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងគ្រាប់កាំជ្រួចមីស៊ីលនេះ។
«យើងអំពាវនាវឲ្យមានវិធានការជាអន្ដរជាតិដើម្បីបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងឲ្យបញ្ឈប់ការបាញ់សាកល្បងកាំជ្រួចរបស់ខ្លួន»។
លោកSurin Pitsuwan អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា លោករដ្ឋមន្ដ្រីការបរទេសកម្ពុជា ហោ ណាំហុងនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅមុនកិច្ចប្រជុំកំពូលនៃរដ្ឋមន្ដ្រីការបរទេសអាស៊ានក្នុងខែកក្កដា ឆ្នាំ២០១២នេះ ហើយលោកក៏នឹងត្រូវទៅកាន់ទីនោះដែរ។
លោកអគ្គលេខាធិការអាស៊ានបញ្ជាក់ថា លោកប្រមុខរដ្ឋាភិបាលខ្មែរបានជំរុញឲ្យប្រទេសកម្ពុជានិងថៃដើរតួសំខាន់ក្នុងការនាំក្រុងព្យុងយ៉ាងចូលក្នុងស្មារតីនៃវេទិកាតំបន់របស់សមាគមអាស៊ានឆ្នាំ២០០០។ វេទិកានេះផ្តោតលើការចរចារកដំណោះស្រាយនយោបាយ សន្ដិសុខ និងកិច្ចសហប្រតិបត្តិការនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
«លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនបាននិយាយយោងដល់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយសុំឲ្យធ្វើការជាមួយគ្នាដើម្បីនាំប្រទេសកូរ៉េខាងជើង ចូលរួមចំណែកក្នុងស្មារតីនៃវេទិកាប្រចាំតំបន់របស់សមាគមអាស៊ានឆ្នាំ ២០០០ ហើយប្រទេសកម្ពុជានឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននិងដើម្បីឲ្យប្រាកដថា ក្នុងពេលនេះយើងអាចរួមចំណែកបានខ្លះក្នុងដំណោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានរយៈពេលពីរថ្ងៃនេះបានសម្រេចអនុម័តលើសេចក្ដីថ្លែងការណ៍ស្ដីពីតំបន់អាស៊ាន គ្មានគ្រឿងញៀន នៅឆ្នាំ២០១៥ ជំរុញការយកចិត្តទុកដាក់ផ្នែកសន្ដិសុខ និងស្ថិរភាពក្នុងរង្វង់ប្រទេសជាសមាជិកទាំងដប់ និងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ក្នុងបរិបថសន្ដិសុខនេះ លោកស្រី យីង ឡាក់ នាយករដ្ឋមន្ដ្រីប្រទេសថៃ បានប្រាប់អ្នកកាសែតថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃនៅតាមតំបន់ព្រំដែនមិនត្រូវបានលើកមកជជែកក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ។
ជាងនេះ ប្រទេសអាស៊ានទាំងដប់បានទទួលស្គាល់ថា ខ្លួនកំពុងមានបញ្ហាប្រឈមតទៅទៀតសម្រាប់ការបង្កើតសហគមន៍រួមមួយ តែមួយ នៅឆ្នាំ២០១៥។ ភាពប្រឈម មានដូចជាគម្លាតសេដ្ឋកិច្ចរវាងបណ្ដាប្រទេសជាសមាជិក ការសម្របសម្រួលគ្នាដើម្បីការអនុវត្តមានភាពស៊ីសង្វាក់ក្នុងគម្រោងការនានា ការកៀងគរហិរញ្ញវត្ថុ និងការប្រឈមក្នុងតម្រូវការចាំបាច់សម្រាប់ការសហការ ការពារសិទ្ធិពលករ និងការគ្រប់គ្រងគ្រោះមហន្តរាយ៕