ប្រមុខដឹកនាំនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ានទាំងដប់បានអំពាវនាវនៅថ្ងៃអង្គារនេះឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសភូមា។ នេះបើយោងទៅតាមក្រុមមន្ដ្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃនេះ។ កិច្ចប្រជុំកំពូល ដែលនឹងដំណើរការពីថ្ងៃនេះនឹងបិទបញ្ចប់នៅថ្ងៃពុធស្អែក ដោយមានការចូលរួមពីនាយករដ្ឋមន្ដ្រី និង ប្រធានាធិបតីនៃបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំងដប់។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើប្រទេសភូមា។ រីឯសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រទេសអំណាចយោធាមួយនេះ ខាងផ្នែកហិរញ្ញវត្ថុ និងផ្នែកសេដ្ឋកិច្ច។
លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំកំពូលប្រទេសអាស៊ានបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំឲ្យមានការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសដ៏ក្រីក្រមួយនេះ។
«ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានស្នើសុំឲ្យលើកទណ្ឌកម្មទាំងឡាយ ដែលកន្លងមកដាក់ចំពោះប្រទេសមីយ៉ាន់ម៉ានេះ ព្រោះការលើកទណ្ឌកម្មនេះអាចវិជ្ជមានល្អ សម្រាប់ដំណើរការនៃការធ្វើប្រជាធិបតេយ្យ ជាពិសេសទៀតគឺការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាហ្នឹង»។
ជាមួយគ្នានេះ លោកMarty Natalegawa រដ្ឋមន្ដ្រីការបរទេសប្រទេសឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ដូចគ្នានេះដែរ។ លោក Marty មានប្រសាសន៍ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃនេះថា វាដល់ពេលវេលា ដែលសហគមន៍អន្ដរជាតិ ត្រូវដកទណ្ឌកម្មពីប្រទេសភូមាហើយ។ ជាពិសេសលោក Marty Natalegawa បានសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍បោះឆ្នោត នៅប្រទេសភូមា ដែលលោកចាត់ទុកថា នេះគឺជាជំហានកំពុងផ្លាស់ប្តូរនៅក្នុងរបបនេះ។
«ការដាក់ទណ្ឌកម្មគឺអមនុស្សធម៌។ វាអាចជាការរើសអើងខ្លាំងណាស់ ហើយវាមិនមែនជាគោលដៅខ្ពស់បំផុតនោះទេ»។
នៅក្នុងការថ្លែងបើកសម័យប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែនបានលើកពីការជំរុញផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយលោកបានព្រមានថា វិបត្តិសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប វិបត្តិនយោបាយនៅមជ្ឈឹមបូព៌ា និងនៅទ្វីបអាហ្វ្រិក អាចជាការគំរាមកំហែងទៅដល់ «ការខិតខំប្រឹងប្រែង» ដើម្បីសម្រេចគោលដៅ នៃការកសាងសហគមន៍អាស៊ានមួយពេញលេញ។ នោះគឺសហគមន៍អាស៊ានតែមួយ នៅឆ្នាំ ២០១៥៕