ប្រទេសចំនួន១០នៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន(ASEAN)នៅថ្ងៃអង្គារនេះបានចាប់ផ្តើមបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួននៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។
កិច្ចប្រជុំដែលគេឲ្យឈ្មោះថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតនេះនឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែមករានេះដោយប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១២ផងដែរ។ហើយសម្រាប់ថ្ងៃទីមួយនេះគឺជាការប្រជុំរបស់មន្ត្រីជាន់ខ្ពស់អាស៊ានដែលតាមឲ្យដឹងគឺនឹងត្រូវពិភាក្សាលើរបៀបវារៈជាច្រើនពាក់ព័ន្ធការងារសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌអាស៊ាននិងជាមួយដៃគូសន្ទនាសម្រាប់វឌ្ឍនភាពនៃតំបន់នេះពិសេសលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅកាន់គោលដៅនៃការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។
លោកស្រីសឿងរដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទួលបន្ទុកកិច្ចការអាស៊ាននិងជាប្រធាននៃកិច្ចប្រជុំនោះបានថ្លែងថា ការប្រជុំនេះគឺដើម្បីជជែកអំពីការត្រៀមរៀបចំកម្មវិធីនិងចំណុចពិភាក្សាសម្រាប់ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត។
លោកស្រីបានថ្លែងទៀតថា ទន្ទឹមនេះកិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាសំខាន់ជាច្រើនទៀតដែលជាប្រយោជន៍សម្រាប់តំបន់នេះ «ជជែកអំពីការកសាងសហគមន៍អាស៊ាន ការអនុវត្តធម្មនុញ្ញអាស៊ាន ក៏ដូចជារៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស ពីបញ្ហាច្រើនទៀតដូចជាកិច្ចសហប្រតិបត្តិការវិស័យលំហសមុទ្រការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្រុមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូងផងដែរ»។
លោកស្រីបានឲ្យដឹងទៀតថា លើសពីនេះក៏មានកិច្ចប្រជុំគណៈកម្មការរបស់គណៈកម្មការស្តីពីសិទ្ធិសញ្ញាអាស៊ានគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕