រដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជួបប្រជុំនៅទីក្រុងភ្នំពេញសប្តាហ៍នេះដើម្បីពិភាក្សាថ្នាក់ខ្ពស់។ លោក Surin Pitsuwan អគ្គលេខាធិការអាស៊ាន ដែលនឹងត្រូវចប់អាណត្តិនៅឆ្នាំនេះ និយាយជាមួយវីអូអេនៅក្នុងព្រឹត្តការណ៍ដោយឡែកមួយ។ លោកបានចែករំលែកទស្សនៈរបស់លោកស្តីអំពីស្នាដៃដែលអាស៊ានទទួលបានក្នុងអាណតិ្តរបស់លោកក្នុងនាមជាអគ្គលេខាធិការអាស៊ាន ជំហាននៃកំណែទម្រង់ ការបញ្ចប់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងភូមា និងលទ្ធភាពនៃការចូលជាសមាជិកថ្មីរបស់ប្លុកអាស៊ាន។
សំណួរ៖ តើលោកមានស្នាដៃអ្វីខ្លះក្នុងអាណត្តិរបស់លោកជាអគ្គលេខាធិការអាស៊ាន?
ចម្លើយ៖ សំខាន់បំផុតគឺអាស៊ានបានកើនមុខមាត់ថ្មី និងខ្ពស់ត្រដែតរបស់ខ្លួន។ មិនមែនដោយសារតែខ្ញុំទេ ប៉ុន្តែពីព្រោះតែមេដឹកនាំបានសម្រេចថា យើងនឹងចាប់ផ្តើមកសាងសហគមន៍។ យើងមានធម្មនុញ្ញ ហើយយើងមានរចនាសម្ព័ន្ធ ដើម្បីជំរុញគ្រប់វិស័យក្នុងកម្រិតមួយឆ្ពោះទៅរកការបង្កើតសហគមន៍មួយត្រឹមឆ្នាំ ២០១៥។ ដូច្នេះយើងមានប្រទេសចំនួន៦៤ឬ៦៥ ដែលបានបញ្ជូនឯកអគ្គរដ្ឋទូតមកធ្វើការជាមួយយើងនៅអគ្គលេខាធិការដ្ឋាន។ យើងមានអង្គការអន្តរជាតិ និងផ្នែកឯកជនដែលបានដឹងអំពីផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ទីផ្សារនឹងត្រូវធ្វើសមារណកម្ម ហើយបើអ្នកវិនិយោគនៅក្នុងប្រទេសមួយក្នុងតំបន់ អ្នកអាចទាញយកប្រយោជន៍ពីតំបន់ទាំងមូល។ ពាណិជ្ជកម្មមានការរីកចម្រើន។ ពេលនេះពាណិជ្ជកម្មមានតម្លៃ២លាន៦សែនលានដុល្លារសហរដ្ឋអាមេរិក។ ប្រសិនបើយើងជាប្រទេសមួយ យើងនឹងឈរនៅលេខ៩ គឺលេខ៩ក្នុងបញ្ជីនៃប្រទេសដែលមានផលិតផលក្នុងស្រុកសរុប ឬGDP ខ្ពស់ជាងគេ។ ដូច្នេះខ្ញុំគិតថា វាមិនគា្រន់តែជាមុខមាត់នោះទេ តែជាការពិត។ វាមិនគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះទេ តែវាជាការទទួលបាន ដែលយើងកំពុងធ្វើកិច្ចការដើម្បីឆ្ពោះទៅរកការបង្កើតសហគមន៍ថ្មីមួយនៅក្នុងតំបន់។ ហើយប្រទេសដ៏ទៃអាចមកចាប់យកប្រយោជន៍ពីតំបន់ដែលកំពុងធ្វើសមាហរណកម្មបន្ថែមទៀត បង្កើនចំនួនប្រជាពលរដ្ឋថ្នាក់កណ្តាល និងលើកកម្ពស់អំណាចទិញ។ ដូច្នេះមិនមែនខ្ញុំទេដែលទទួលបានស្នាដៃនេះ ប៉ុន្តែខ្ញុំគ្រាន់តែជាអ្នកនាំពាក្យដែលពាំនាំព័ត៌មានចេញទៅក្រៅ ព្យាយាមផ្សព្វផ្សាយ ហើយពិភពលោកទទួលយកវា។
សំណួរ៖ តើលោកអាចបរិយាយពីកំណែទម្រង់ដែលត្រូវបានធ្វើនៅភូមាយ៉ាងដូចម្តេច? ហើយតើអាស៊ានមានតួនាទីអ្វីខ្លះក្នុងការលើកទឹកចិត្តដល់កំណែទម្រង់នេះ?
ចម្លើយ៖ វាជាគំនិតរបស់យើង និងការលើកទឹកចិត្តរបស់យើងដែលថា គេគួរបើកចំហរ និងអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិពីក្រៅ ប្រព័ន្ធផ្សព្វផ្សាយពីក្រៅដើម្បីពិនិត្យស្ថានភាព ហើយវាជាការលើកទឹកចិត្តរបស់យើង ដែលថា ប្រសិនបើអ្នកចង់ធ្វើជាប្រធានអាស៊ាន ដែលមានទាំងការទទួលខុសត្រូវ កិត្យានុភាព និងកិត្តិយស អ្នកត្រូវតែធ្វើកិច្ចការជាច្រើន។ មិនគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរចនាសម័ន្ធផ្នែកច្បាប់ទំលាប់ទៀតផង។ ច្បាប់វិនិយោគ និងច្បាប់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវតែរៀបចំឡើង ហើយរៀបចំឡើងឲ្យបានឆាប់។ ខ្ញុំគិតថា អាស៊ានមានតួនាទីសំខាន់ណាស់។ ពេលនេះយើងកំពុងជួយគេ។ យើងផ្តល់ឱកាសឲ្យគេ។ គេមកសង្កេតកិច្ចប្រជុំបែបនេះ។ កិច្ចប្រជុំដូចជានៅប្រទេសឥណ្ឌូណេស៊ី។ គេធ្វើកិច្ចការដើម្បីឆ្ពោះទៅរកឆ្នាំ ២០១៤។ ដូច្នេះអ្វីៗកំពុងមានដំណើរទៅរកទិសដៅត្រឹមត្រូវ។ ហើយយើងត្រេកអរដែលការផ្សះផ្សារកំពុងដំណើរការ។ វាដំណើរការក្នុងកម្រិតពីរ។ ទី១ គឺក្នុងកម្រិតជាតិក្នុងរង្វង់នយោបាយនៃគណបក្សប្រឆាំងនិងរដ្ឋាភិបាលភូមា។ ហើយមួយទៀតគឺការផ្សះផ្សាររវាងជាតិនិងជាតិ។ ខ្ញុំគិតថា វាមានដំណើរការទៅមុខ។ មានចន្លោះប្រហោងមួយចំនួន។ ប៉ុន្តែខ្ញុំគិតថា មានដំណើរការទៅល្អ។ នៅពេលដែលគេអាចផ្សះផ្សារក្នុងកម្រិតទាំងពីរនេះបាន ខ្ញុំគិតថា ភូមានឹងអាចចេញដំណើរបានហើយ។
សំណួរ៖ មានបញ្ហាជាក់លាក់មួយចំនួនទាក់ទងនឹងជម្លោះជាតិពន្ធ។ តើអាស៊ានមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរ ហើយអាស៊ាននិយាយទៅកាន់ភូមាដូចម្តេចទៅ?
ចម្លើយ៖ ភូមាគឺជាសមាជិកអាស៊ាន សមាជិកសហគមន៍អន្តរជាតិ ហើយអាស៊ានបានសម្តែងការចាប់អារម្មណ៍យ៉ាងប្រាកដប្រជាអំពីអ្វីដែលកំពុងកើតឡើង។ ប៉ុន្តែនោះ គឺជាអ្វីដែលភូមាកំពុងធ្វើដែលព្យាយាមស្វែងយល់អំពីអ្វីដែលជាមូលហេតុ និងអ្វីដែលជាមធ្យោបាយក្នុងការជៀសវាងបញ្ហាដដែលៗ។ អាស៊ានបានចាត់វិធានការដោះស្រាយបញ្ហានេះហើយ ជាពិសេសករណីជនជាតិរ៉ូហ៊ីងីយ៉ា (Rohingyas) នៅរដ្ឋ រ៉ាកហ៊ីន (Rakhine) តាំងពីឆ្នាំ២០១០។ យើងចង់ទទួលបានព័ត៌មានពិត និងមានជំហររួមស្តីពីបញ្ហានេះ។ ពេលនេះសហគមន៍អន្តរជាតិផុសផុលឡើង ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងពិនិត្យមើលបញ្ហានេះ។ យើងសង្ឃឹមថា ប្រទេសភូមានឹងមានចម្លើយសម្រាប់អាស៊ាន និងពិភពលោក។
សំណួរ៖ ទាក់ទងនឹងទណ្ឌកម្ម អាស៊ានបានរិះគន់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងភូមាជាយូរមកហើយ។ ពេលនេះយើងឃើញថា សហរដ្ឋអាមេរិក អូស្រ្តាលី សភាពអឺរ៉ុប បានដកទណ្ឌកម្មប្រឆាំងនឹងភូមា។ ប៉ុនពួកគេមិនលុបចោលទេ។ តើអាស៊ានយល់យ៉ាងម៉េចដែរចំពោះបញ្ហានេះ?
ចម្លើយ៖ យើងចង់ឲ្យទណ្ឌកម្មត្រូវបានលុបចោលទាំងស្រុង។ ប៉ុន្តែយើងក៏យល់ផងដែរថា ក្នុងករណីមួយចំនួន រដ្ឋាភិបាលខ្លះចង់ឃើញមានការវិវត្តបន្ទាប់ពីការបន្ធូរបន្ថយមួយកម្រិតនៃការរិតត្បិតទណ្ឌកម្ម។ ខ្ញុំគិតថា ទាំងនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលនីមួយៗ។ ខ្ញុំគិតថាសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបបានអនុម័តយុទ្ធសាស្រ្តពីរដាច់ពីគ្នា។ សភាពអឺរ៉ុបព្យូរទណ្ឌកម្ម គឺមានន័យថា អាចដំណើរការទៅបាន ប៉ុន្តែទណ្ឌកម្មអាចត្រូវបានដាក់ឡើងវិញ។ សហរដ្ឋអាមេរិកបន្ធូរបន្ថយមួយជំហានម្តងមួយជំហានម្តង។ ដូច្នេះមានយុទ្ធសាស្ត្រពីរ។ យើងសូមសរសើរ។ ប៉ុន្តែយើងសង្ឃឹមថា វិធានការនេះនឹងត្រូវធ្វើឡើងបានឆាប់រហ័ស ហើយការវិវត្តនៅក្នុងប្រទេសភូមានឹងធានាដល់ការពិចារណាដ៏ជាក់លាក់លើវិធានការសម្រាប់ទណ្ឌកម្ម»។
សំណួរ៖ ក្នុងករណីសមាជិកថ្មីរបស់អាស៊ាន តើពេលនេះពាក្យសុំនោះដល់ដំណាក់កាលណាហើយ?
ចម្លើយ៖ ប្រទេសជាសមាជិកចង់ធ្វើឲ្យប្រាកដថា ការពង្រីកមិនត្រឹមតែប្រទេសទីម័រខាងកើតប៉ុណ្ណោះទេគឺការពង្រីកណាមួយក្នុងកាលទេសៈនេះ នឹងនាំប្រយោជន៍ដល់តំបន់ទាំងមូលជាជាងនំាំការគាបសង្កត់ និងបញ្ហាដែលអាចបង្កឲ្យមានការបំបែកកិច្ចប្រឹងប្រែងក្នុងការកសាងសហគមន៍។ ដូច្នេះគេបានបង្កើតក្រុមការងារដើម្បីពិនិត្យមើលបញ្ហាបន្ថែមនៃសមាជិកភាពអាស៊ាននេះ។ ប្រទេសទីម័រខាងកើតបានដាក់ពាក្យសុំធ្វើជាសមាជិក ដែលកំពុងត្រូវបានពិចារណា។ ហើយយើងគ្រាន់តែចង់ធ្វើឲ្យប្រាកដថា ដំបូង ទីម័រខាងកើតត្រូវរៀបចំខ្លួនរួចរាល់ក្នុងការចូលរួមគ្រប់សកម្មភាពរបស់អាស៊ាន។ វាជាសហគ្រាសដែលត្រូវការចំណាយច្រើន។ វាត្រូវការធនធានមនុស្សច្រើន។ វាត្រូវការធនធានហិរញ្ញវត្ថុច្រើន។ វាត្រូវការសហគមន៍ដែលមានការតាំងចិត្តផ្នែកនយោបាយ។ ដូច្នេះអាស៊ានសូមប្រយ័ត្នប្រយែងលើបញ្ហានេះ។ រដ្ឋជាសមាជិកអាស៊ានមួយចំនួនដូចជាឥណ្ឌូណេស៊ីន រៀបចំខ្លួនរួចហើយ។ ប៉ុន្តែ មានសមាជិកមួយចំនួនចង់ពិនិត្យឡើងវិញ។ ខ្ញុំគិតថាវាស្រ័យលើពេលវេលា។
ប្រែសម្រួលដោយ លោកអ៊ឹម សុធារិទ្ធ